ព័ត៌មានសិល្បៈ និងកម្សាន្ត

តួឯករឿង”ដំណក់ទឹកភ្នែកមួយលានដំណក់” បង្ហាញអារម្មណ៍ក្រោយភាពយន្ត២ របស់ផលិតកម្មក្លាស៊ិក ទទួលបានសិទ្ធិចាក់ផ្សាយនៅ TVK

នៅទីបំផុតភាពយន្តចំនួន២ របស់ផលិតកម្មក្លាស៊ិកត្រូវបានទូរទស្សន៍ជាតិ ប្រកាសក្នុងសន្និសីទជាផ្លូវការហើយថា នឹងដាក់ផ្សាយនៅក្នុងស្ថាប័នរបស់ខ្លួន ដោយទូរទស្សន៍ជាតិ ក៏ប្រកាសអោយផលិតកម្មមួយនេះ ផលិតភាពយន្តអោយបានច្រើនបន្ថែមទៀត ដើម្បីត្រៀមបង្ហាញបន្តបន្ទាប់ផងដែរ។ លោក រុន ណាកូ ដែលជាតួឯកក្នុងរឿង “ដំណក់ទឹកភ្នែកមួយលានដំណក់” ដែលជាភាពយន្តមួយក្នុងចំណោម២រឿងរបស់ក្លាស៊ិក បានបង្ហាញរីករាយ បន្ទាប់ពីស្នាដៃរបស់ខ្លួន និងភាពយន្តផ្សេងទៀត របស់ផលិតកម្មក្លាសិក ទទួលបានសិទ្ធិមួយនេះ។

លោក រុន ណាកូ និយាយថា ជាលើកទី១ដែលលោកបានសម្ដែងជាតួឯក នៅក្នុងភាពយន្ត ខណៈដែលលោកកាន់តែសប្បាយចិត្ តដែលទូរទស្សន៍ជាតិ ដែលមានវិសាលភាព ផ្សាយគ្របដណ្ដប់ទូទាំងប្រទេស និងដល់ក្រៅប្រទេសផងទទួលភាពយន្ត ដែលលោកសម្ដែង ជាពិសេសគឺស្នាដៃរបស់ផលិតកម្មក្លាស៊ិកទាំងមូល ដើម្បីចាក់ផ្សាយ។ យ៉ាងណាមិញ លោកសម្ដែងការសោកស្ដាយ ដែលថ្ងៃសន្និសីទប្រកាសជាផ្លូវការ ដោយស្ថាប័នមួយនេះ លោកជាប់ប្រទ្បងពេទ្យ ហើយអវត្តមានចូលរួម។ លោកថា នេះសញ្ញាណរីកចម្រើននៅក្នុងវិស័យភាពយន្តខ្មែរ របស់ផលិតកម្មក្លាស៊ីក ហើយក៏ជាជោគជ័យក្នុងការសម្ដែងរបស់ខ្លួន ដែលបានទទួលតំណែងតួឯក ក្រោមការលើកស្ទួយរបស់ផលិតកម្មចាស់វស្សាមួយនេះ។ ជាមួយគ្នានោះ លោកក៏ប្រកាសផងដែរថា នឹងទទួលសម្ដែង និងដើរម៉ូដឡើងវិញពេញទំហឹង បន្ទាប់ពីការសិក្សាជំនាញពេទ្យ របស់ខ្លួនបញ្ចប់ជាស្ថាពរហើយ។

លោក ហួរ សុផល បានថ្លែងដែរថា តាមរយៈកុងត្រាផលិតកម្មក្លាស៊ិក នឹងដាក់ភាពយន្តចំនួន២ ដែលខ្លួនផលិតបាន គឺរឿង “មន្តស្នេហ៍នាងដារីយ៉ា” និង រឿង “ទឹកភ្នែកមួយលានដំណក់” ដែលសុទ្ធសឹងតែជាភាពយន្តយុវវ័យ។ លោកកាន់តែសប្បាយចិត្ត ដែលរដ្ឋមន្រ្តីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធិ បានគាំទ្រអោយផលិតកម្ម របស់លោកផលិតរឿងអោយបានច្រើន ផ្គត់ផ្គង់ដល់ទូរទស្សន៍ជាតិ ក្នុងពេលបន្តបន្ទាប់។ លោកក៏ប្រកាសជំហរ ផលិតភាពយន្តអោយបានច្រើន តាមអ្វីដែលបានព្រមព្រៀង នោះផងដែរ ខណៈដែលលោកក៏នឹងចេញប្រតិបត្តិការផលិតភាពយន្តខ្នាតធំ សម្រាប់រោងកុនជាថ្មីផងដែរ៕

មតិយោបល់