ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ិន សុធារិទ្ធិ បានតំណែងនៅទូរទស្សន៍កូរ៉េ

ភ្នំពេញៈ ក្នុងពេលដ៏ខ្លីទូរទស្សន៍កូរ៉េថ្មីមួយ នឹងលេចវត្តមាននៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការត្រៀមខ្លួនបង្ហាញមុខប្រកួតប្រជែងនោះ គេឃើញស្ថាប័ននេះក៏បានដំណើរការជ្រើសរើសពិធីករពិធីការិនីយ៉ាងសស្រាក់សស្រាំ ដោយតាមការអះអាងការជ្រើសរើសពិធីករពិធីការិនីនេះ គឺដើម្បីផលិតកម្មវិធីហើយទិញម៉ោងនៅក្នុងទូរទស្សន៍ឯកជនមួយ។ ក្នុងចំណោមពិធីករពិធីការិនី ដែលត្រូវបានជាប់ជម្រើសរបស់ទូរទស្សន៍នេះ គេកត់សម្គាល់ពីវត្តមានរបស់ស៊ិន សុធារិទ្ធិ ដែលជាបេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ៣ក្នុងកម្មវិធី«ពេជ្រកំពុងច្នៃ»កាលពីឆ្នាំ២០១៣របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍។ នេះជាការបង្ហាញខ្លួនជាថ្មី បន្ទាប់ពីតារារូបនេះត្រូវគេដឹងថាស្រាប់តែបាត់មុខឈឹងទន្ទឹមនឹងពេលទីផ្សារសិល្បៈស្ទុះឡើង។

លោកស៊ិន សុធារិទ្ធិ បញ្ជាក់ថាដោយសារតែមានបញ្ហាផ្ទាល់ខ្លួនទើបបណ្ដាលឲ្យលោកដកខ្លួនពីការងារសិល្បៈ ហើយនៅក្នុងពេលនោះលោកមិនមានបំណងបកក្រោយបែបនេះនោះទេ ប៉ុន្តែដោយសារតែការលើកទឹកចិត្ត និងការជំរុញពីមិត្តភ័ក្រ្តបងប្អូនទើបធ្វើឲ្យសម្រេចចិត្តត្រលប់មកវិញ បន្ទាប់ពីសម្ងំកសាងជីវិតថ្មីនៅខេត្តតាកែវអស់មួយខ្យល់ធំ។ លោកបដិសេធបញ្ជាក់ពីបញ្ហាលម្អិត ដែលនាំឲ្យលោកសម្រេចចិត្តត្រលប់មកវិញ។ យ៉ាងណាមិញ មានការបង្ហើបថាបណ្ដាលមកពីលោកបរាជ័យក្នុងគម្រោងជីវិត ទើបជាហេតុផលដែលនាំឲ្យសម្រេចចិត្តជាន់ដានចាស់។ តារាវ័យ២៦ឆ្នាំរូបនេះ បញ្ជាក់ថារឿងរ៉ាវអតីតកាលលោកសុំមិនបញ្ជាក់នោះទេ ដោយសារតែលោករមែងកើតមានសតិអារម្មណ៍នៅពេលព្យាយាមចងចាំ។

ជាមួយនឹងការបង្ហើបឲ្យដឹងនូវមន្ទិលនេះហើយ ទើបមានការចោទសួរច្រើនពាក់ព័ន្ធនឹងបញ្ហាជីវិតរបស់លោកក្នុងពេលបាត់មុខ តើគឺជាអ្វី។ លោកថាលោកសុំលើកឡើងតែអ្វីពាក់ព័ន្ធនឹងត្រលប់វិញ ក្រោយពេលដកខ្លួនប៉ុណ្ណោះ ដោយក្នុងពេលនេះគឺ លោកទើបនឹងបានទទួលឱកាសក្លាយជាពិធីករម្នាក់របស់ទូរទស្សន៍កូរ៉េក្នុងពេលខាងមុខ។ លោកនិយាយថា«ខ្ញុំសប្បាយចិត្ត ដែលគ្រាន់តែដឹងខ្ញុំត្រលប់ចូលសិល្បៈវិញ ក៏មានរៀមច្បងផ្ដល់ឱកាសឲ្យខ្ញុំបានសម្ភាសន៍ជាមួយក្រុមហ៊ុនកូរ៉េ ដែលគាត់មានគម្រោងបង្កើតទូរទស្សន៍នៅកម្ពុជា ហើយជាភ័ព្វសំណាងគឺ ខ្ញុំបានជាប់ក្នុងចំណោម១០នាក់ ដែលភាគច្រើនគឺពួកគេសុទ្ធតែជាពិធីករអាជីព!»។

លោកថាផលិតករកូរ៉េបានកំណត់ឲ្យពិធីករ និងពិធីការិនីដែលទើបបានជាប់ទាំងអស់ចាប់ផ្ដើមការងារចាប់ពីថ្ងៃទី១ សីហា នេះ ដោយបង្វឹកលើជំនាញកម្មវិធីសព្វគ្រប់យ៉ាង មុននឹងឲ្យចេញមុខនៅក្នុងកម្មវិធី។ លោកមិនច្បាស់ពីគោលករណ៍របស់ក្រុមហ៊ុននោះទេ ដោយគ្រាន់តែដឹងថាមុនពេលដែលទូរទស្សន៍របស់ក្រុមហ៊ុននេះត្រូវបើកដំណើរការ ក្រុមហ៊ុនកូរ៉េនឹងផលិតកម្មវិធី ហើយទិញម៉ោងដាក់នៅក្នុងទូរទស្សន៍ក្នុងស្រុក និងមានការផ្សាយតាមអនឡាញ។

លោកស៊ិន សុធារិទ្ធិ បញ្ជាក់ថា ឱកាសក្លាយជាបុគ្គលិករបស់ក្រុមហ៊ុនកូរ៉េ គឺជាការបើកទំព័រសិល្បៈធំមួយ ក្រោយពេលលាឈប់ ហើយលោកក៏មានជំនឿខ្ពស់ផងដែរ ថាទីផ្សារសិល្បៈរបស់លោកនឹងមានលក្ខណៈប្រសើរជាងមុន។ លោកនិយាយថា«កន្លងមកគេស្គាល់ខ្ញុំតែក្នុងអាជីពដើរម៉ូដនៅទូរទស្សន៍អាស៊ីអាគ្នេយ៍ និងការសម្ដែងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពិធីករបើទោះជាខ្ញុំ ក៏ខ្ញុំមានដុង និងបានទទួលហ្វឹកហាត់ច្រើនដែរពេលខ្ញុំប្រលងក្នុងកម្មវិធីពេជ្រកំពុងច្នៃ»។ លោកប្រកាសក្ដោបក្ដាប់តំណែងជាពិធីករនៅក្នុងក្រុមហ៊ុនកូរ៉េឲ្យបានរឹងមាំ បើទោះជាគម្រោងបង្កើតទូរទស្សន៍របស់ក្រុមហ៊ុននេះនៅមិនច្បាស់ពីពេលវេលាពិតប្រាកដ។

យោងតាមការប្រកាសក្រុមហ៊ុនកូរ៉េដែលលោកស៊ិន សុធារិទ្ធិ ជាប់តំណែងជាពិធីករ គឺ Hanna TV Shopping ។ បច្ចុប្បន្នក្រុមហ៊ុននេះ គឺទូរទស្សន៍អនឡាញ តែកំពុងរៀបខ្លួនដំឡើងជា ទូរទស្សន៍ និងប្រកាសទិញម៉ោងនៅទូរទស្សន៍មួយ ទើបពិធីករ និងពិធីការិនីថ្មីៗជាច្រើនត្រូវបានសម្រាំងរើស ដោយបេក្ខភាពដែលជាប់ទាំងអស់នឹងត្រូវបង្ហាញខ្លួននៅក្នុងកម្មវិធីថ្មីដែលត្រៀមបង្កើតឡើង។ ក្រៅពីលោក ស៊ិន សុធារិទ្ធិ ពិធីករ និងពិធីការិនី ដែលរត់ចេញពីប៉ុស្ដិ៍ផ្សេងៗមួយចំនួនត្រូវគេឃើញជាប់ជម្រើសនៅក្នុងក្រុមហ៊ុននេះ៕

photo_2016-08-01_00-01-05photo_2016-08-01_00-01-08photo_2016-08-01_00-01-11photo_2016-08-01_00-01-14photo_2016-08-01_00-01-17photo_2016-08-01_00-01-19photo_2016-08-01_00-01-23photo_2016-08-01_00-01-26photo_2016-08-01_00-01-28photo_2016-08-01_00-01-31photo_2016-08-01_00-01-34photo_2016-08-01_00-01-36photo_2016-08-01_00-01-39photo_2016-08-01_00-01-42photo_2016-08-01_00-01-45photo_2016-08-01_00-01-48photo_2016-08-01_00-01-51

មតិយោបល់