ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង ចៅខ្មែរ ប្រកាសបន្តចែកទឹកអាល់កុល ស្ដង់ដារជប៉ុន ក្រោយចែក Free ជាង១ពាន់ដប

កាលពីថ្ងៃទី២៩ មីនា ឆ្នាំ២០២០ តារាសម្ដែងលោក ចៅខ្មែរ ដែលជាតួអង្គក្នុងរឿង “ម៉ាដាមអាប” និងជាម្ចាស់ផលិតផល CK Magic ដ៏ល្បីឈ្មោះ ក្នុងជំនួញអនឡាញ បានដឹកនាំក្រុមការងារ ចុះចែកទឹកអាល់កុល ដែលជាផលិតផលថ្មី របស់ក្រុមហ៊ុនរហូតដល់១២០០ដប នៅផ្លូវបំបែកជាបួន នៅស្ដុបអគារ៤២ជាន់ ឬ ស្ដុបពេទ្យចិន។ ជាមួយនឹងជំហរ បន្តទទួលការសម្ដែង លោកក៏ប្រកាសបន្តចែកហ្វ្រីនូវទឹកអាល់កុលប្រភេទនេះ ដោយមិនកំណត់ជូនដល់សហគម អ្នករស់នៅតាមខេត្តជាច្រើនពាន់ដបទៀត ដើម្បីជួយរំលែកតម្រូវការ ខណៈជំងំកូវីដរីកកាន់តែខ្លាំងនេះផងដែរ។

លោក គុជ សុគន្ធរដ្ឋ ហៅចៅខ្មែរ បុរសស្រទ្បាញ់ភេទដូចគ្នា បានបញ្ជាក់ក្នុងពេលសកម្មភាពសប្បុរសធម៌នោះថា ហេតុផលដែលលោកចំណាយថវិកាខ្ទង់ច្រើនពាន់ដុល្លារ យកទឹកអាល់កុលនេះមកចែកហ្វ្រី គឺដើម្បីឲ្យបងប្អូន ដែលធ្វើដំណើរនៅស្តុបពេទ្យចិន បានទទួលទឹកអាល់កុលក្នុងការការពារខ្លួន ក្នុងពេលដែលផលិតផលនេះ កំពុងក្លាយជាតម្រូវការដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងពេលនេះ។

នេះជាទឹកអាល់កុលស្ដង់ដារជប៉ុន ដែលលោកអះអាងថា មិនធ្វើឲ្យខូចស្បែកដៃ និងជួយបំប៉នកោសិកាស្បែក ហើយមានកម្រិតសម្លាប់វិរុសកូវីដ ទើបលោកសម្រេចយកមកចែក ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនខ្មែរ ដែលកំពុងតែមានតម្រូវការ។ លោកថារំជួលចិត្តដែលបងប្អូន ដែលទទួលទឹកអាល់កុលពីលោក និងក្រុមការងារ មានខ្លះមានវ័យស្មើ នឹងឳពុកលោក តែលើកដៃសំពះលោក។ ជាមួយគ្នានោះ លោកប្រកាសធ្វើការចែកចាយ នៅក្នុងសហគមមួយចំនួន នៅតាមបណ្ដាខេត្តផ្សេងទៀត ជាពិសេសនៅខេត្តតាកែវ ក្នុងពេលបន្ទាប់ផងដែរ ដោយសារតែយល់ថា នៅរស់នៅតាមខេត្តពិបាក រកទិញផលិតផល ដែលមានប្រយោជន៍បែបនេះ ជាងអ្នកនៅភ្នំពេញ។

តារាសម្ដែង ចៅខ្មែរ បានអះអាងថា បើទោះជាលោកជោគជ័យ ក្នុងការវាយលុកទីផ្សារផលិតផល CK Magic តែលោកប្រកាសថា នៅតែទទួលការសម្ដែងមិនបោះបង់នោះទេ។ ក្នុងនោះលោក និង ស្វាមីភេទដូចគ្នា ក៏នឹងធ្វើឲ្យមហាជនបន្តកោតសរសើរពីស្នេហាខុសធម្មជាតិរបស់ខ្លួនឲ្យបានយូរអង្វែងផងដែរ ដើម្បីកុំឲ្យមានការរិះគន់ថា មនុស្សស្រទ្បាញ់ភេទដូចគ្នា រស់នៅជាមួយគ្នាមិនបានយូរ៕

មតិយោបល់