ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្លែកភ្នែក ម៉ូលីកា រំលេចស្ទីលស៊ិចស៊ី ក្នុងពេលពរពោះ

ម៉ូលីកា និងស្វាមីលោក ហុង មានុណ ហៅ ឆានុន បានដឹកដៃគ្នាទៅក្រេបយករសជាតិទេសភាព នៅស្រុកស្រែតាមរយៈការគ្រងឈុតបុរាណ ដ៏គួរឲ្យទាក់ទាញអបដោយក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់នៃផ្កាឈូក នៅបឹងព័ទ្ធជុំវិញដែលនាង និងស្វាមីបានជ្រើសយកកន្លែងថតរូប កាលពីចុងសប្ដាហ៍កន្លងមក។

ស្វាមីរបស់ម៉ូលីកា បានបង្ហាញកាយវិការថ្នាក់ថ្នមនាងយ៉ាងខ្លាំង ពិសេសនៅពេលដែលម្ចាស់ជីវិត របស់លោកត្រៀម សម្រាលកូនលើកដំបូង នៅអំឡុងចុងខែមិថុនា ឬកក្កដា ខាងមុខនេះហើយ។ ម៉ូលីកា ក៏បានដាក់ឈ្មោះឲ្យកូនស្រី របស់នាងមុនសម្រាលថា នុន ចន្ទម៉ូនីតា ជាមួយការវាចារសារថា «ស្រទ្បាញ់ទេសភាពស្រុកស្រែណាស់ ឡើងស្រស់ស្រាយតែម្ដង Mummy & Daddy នាំកូនម៉ូនីតា មកប្ដូរបរិយាកាសម្ដង”។ ដោយឡែកលោកមានុណ ជាស្វាមីរបស់នាងវិញ បង្ហាញកាយវិការតក់ក្រហល់ ចង់ឃើញមុខកូនស្រីរបស់លោកយ៉ាងអន្ទះសារ ដោយជាញឹកញាប់លោក បានឱបថើបផ្ទៃពោះភរិយា ក៏ដូចបានឱបថើបថ្ពាល់កូនស្រីដែរ។

តាមរយៈរូបភាពទាំងនេះ បញ្ជាក់ថា ម៉ូលីកា កំពុងមានក្ដីសុខខ្លាំងណាស់ ព្រោះនាងបានសម្រេចបំណង ពពោះកូនដំបូងជាកូនស្រី ដែលនាងតែងតែប្រាថ្នាចង់បាន ហើយស្វាមីរបស់នាងតែងតែនៅ ក្បែរកាយ៉ានាង នៅពេលដែលមនុស្សស្រីទាំងឡាយ ត្រូវការចាំបាច់បំផុតនូវភាពកក់ក្ដៅពីប្ដី នៅពេលជិតដល់ថ្ងៃ សម្រាលនេះ។ នៅមិនដល់២ខែទៀតទេ ម៉ូលីកា នឹងបានឃើញមុខកូនស្រីរបស់នាង ហើយគេជឿថា គូស្នេហ៍តារា១គូនេះ នឹងកាន់តែមានសុភមង្គលថែមមួយកម្រិតទៀតជាមិនខានឡើយ ក្រោយពេលពួកគេ ទទួលបានកាដូមិនអាចកាត់ថ្លៃបាននៅឆ្នាំ២០២០នេះ។

អតីតតារាចម្រៀងផលិតកម្ម Rock ម៉ូលីកា ថៅកែស្រីហាង អិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក បានរៀបការជាមួយតារាសម្ដែងហុង មានុណ ហៅឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ដែលគូស្នេហ៍តារា១គូនេះ ធ្វើឲ្យកក្រើក ក្នុងពិភពសិល្បៈ ព្រោះតែរៀបចំពិធីមង្គលយ៉ាងប្រណិត ចំណាយលុយអស់ជាង១០ម៉ឺនដុល្លារ ខណៈអ្នកទាំងពីរធ្លាប់មានប្រវត្តិស្នេហ៍កម្សត់កម្រ ជាមួយគ្នា ជាង៣ឆ្នាំ ដោយផ្ដើមចេញពីទុនត្រឹម៣០០ដុល្លារ រកស៊ីលក់ជ្រក់ជើងមាន់តាម Onlineរហូតមានលុយបើកហាង ចំណាយទុនដល់ទៅ១០ម៉ឺនដុល្លារ ហើយទិញបានផ្ទះ និងរថយន្ដទំនើបៗជិះទៀតផង។ ម៉ូលីកា ជាអ្នកលក់ផលិតផលដ៏ជោគជ័យ និងលេចធ្លោរម្នាក់ នៅលើ Onlineដែលអ្នកណាៗ ក៏ស្គាល់នាង ហើយដោយសារតែពេលនេះ នាងមមាញឹកក្នុងអាជីវកម្មខ្លាំងពេក ទើបមិនទាន់អាចវិលមករក អាជីពចម្រៀងសារជាថ្មី តាមកាលកំណត់ បើទោះជានាងថា បេះដូងនៅតែស្រទ្បាញ់សិល្បៈក៏ដោយ។

ម៉ូលីកា បានឲ្យដឹងថា នាងនឹងត្រៀមសម្រាលកូន នៅក្នុងស្រុកតែការមានកូន១នេះ មិនទាន់គ្រប់គ្រាន់ទេ សម្រាប់គ្រួសារតារា១គូនេះ ព្រោះនៅថ្ងៃការពួកគេប្រាប់ថា ចង់បានកូន៣នាក់ ក្នុងរង្វង់គ្រួសារ៕

មតិយោបល់