ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ សមត្ថកិច្ចធ្លាប់ធ្វើការអប់រំនិងកិច្ចសន្យា នៅតែមិនរាងចាល បានប្រព្រឹត្តអំពើបែបនេះដដែល

កណ្តាលៈ នៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៣ និង០០នាទី មានជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចធ្លាប់ធ្វើការអប់រំនិងកិច្ចសន្យា នៅតែមិនរាងចាល បានប្រព្រឹត្តដដែល ប្រើអំពើហិង្សាក្នុងគ្រួសារ
បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ ស្ថិតក្នុងភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ មឿង សន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ (ត្រូវជាម្តាយបង្កើត) ។
ជនសង្ស័យឈ្មោះ សាត ចាន់គា ហៅ(ជា )ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំជាមួយគ្នា (ត្រូវជាកូន) ។

សម្ភារៈខូចខាតរួមមាន៖ បែកកញ្ចក់បង្អួចចំនួន០១និង អំពូលភ្លើងចំនួន០១ ។

វត្ថុតាងចាប់យក៖ ខ្សែក្រវ៉ាត់ចំនួន០១ក្បាល ធ្វើអំពីដែកខ្សែរធ្វើអំពីជ័រមានប្រវែង០១ម៉ែត្រ ។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យ បានផឹកស្រាស្រវឹងស្រែកឡូឡា និងរករឿងឪពុកម្តាយ បងប្អូនក្នុងផ្ទះ ដោយនិយាយថា ឪពុកម្តាយបានសន្យាថា ទិញម៉ូតូឲ្យខ្លួន ហើយមិនឃើញទិញម៉ូតូឲ្យ ដូចការសន្យាពេលនោះ ជនសង្ស័យ ក៏ខឹងឪពុកម្តាយ ហើយបានយកខ្សែក្រវ៉ាត់ទៅវាយបំបែកកញ្ចក់បង្អួចនិងអំពូលភ្លើងនៅក្នុងផ្ទះខ្ទេច ។

ពេលសមត្ថកិច្ច ទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខែល បានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ។

បញ្ជាក់​ នៅពេលដែលជនសង្ស័យ ផឹកស្រាស្រវឹងនិងប្រើប្រាស់គ្រឿងញៀនរួច តែងតែរករឿងឪពុកម្តាយ និងបងប្អូនជាញឹកញាប់ ។ ហើយសមត្ថកិច្ច ធ្លាប់ធ្វើការអប់រំធ្វើកិច្ចសន្យានៅអធិការដ្ឋាន នគរបាលស្រុកស្អាងម្តងរួចមកហើយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ។

បច្ចុប្បន្នជន សង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់