“អាសំគមបាញ់លលក” លោកអ្នកពិតជាជ្រាបជាក់ជាមិនខានឡើយ ចំពោះចំណងជើងខាងលើនេះ ។តាមរយៈចំណងជើងធំៗខាងលើ លោកអ្នកតែងតែឃើញឈុតឆាកកំប្លែងខ្លឺៗដែលរៀបចំដោយ ស្ថានីយ៍ទូរទស្សន៍ CTN សម្តែង ដោយក្រុម នាយពាក់មី និងតារាកិត្តិយសជាច្រើនដួងទៀត ។
នៅខាងក្រោមនេះ គឺជាខ្សែរឿងនិទានខ្លះ ដែលបង្ហាញពីលំហូរនៃប្រវត្តិរឿង ដែលដកស្រងចេញពី ប្រជុំរឿងព្រេងខ្មែរ ភាគ២ ៖
មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការបរបាញ់ ទាល់តែស្ទាត់ជំនាញ, បើបុរសនោះបាញ់តម្រង់សព្វណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រឹង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា «អាសំគមបាញ់លលក» ព្រោះវាតែងដើរបាញ់លលករាល់ថ្ងៃ ។ ថ្ងៃមួយ អាសំគមបាញ់លលក លីស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះត្រសាយត្រសុំដង្គំដង្គោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូណ៌សំបុកសម្បត្តិ ព្រមទាំងមានកូនក្រមុំពីរនាក់ផង ។ អាសំគមបាញ់លលក លីស្នាដើររសៀរតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរបណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដ៏ដេរដាសដោយផ្ការីកស្គុសស្គាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅពេលព្រឹកព្រហាម។អាសំគមបាញ់លលកដើររសៀរតាមភូមិ ងើមមើលលើ ក្រែងមានសត្វលលកទំនៅចុងឈើ ។ កាលបើអាសំគមបាញ់លលក ងាកភ្នែកចុះឡើង ចោលកន្ទុយភ្នែកទៅក្នុងភូមិ, ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាងក្រមុំទាំងពីរ ដែលប្រកបដោយគ្រឿងតែងប្រាណ មានលំអស្រស់ស្រងៅ ទាំងមណព្រលឹងសាច់ទ្រលុកទ្រលន់ នាំឲ្យភ្ញាក់កន្ទ្រាក់ដួងចិត្តប្រុសនៅវេលាឃើញដំបូង ។ ឯអាសំគមបាញ់លលក គ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាម ក៏ស្រឡាំងកាំងភាំងស្មារតី ភ្លេចខ្លួន ជ្រុះទាំងស្នាទាំងព្រួញដល់ដី ។ អាសំគមបាញ់លលក តាំងពីបានឃើញកូនសេដ្ឋី ក៏ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច ហើយក៏ទៅដល់ផ្ទះ ថ្លែងប្រាប់ឪពុកម្តាយ និយាយនឹងម្តាយឲ្យទៅដណ្តឹងកូនសេដ្ឋីឲ្យ ។ ម្តាយនិយាយនឹងកូនថា «នៃកូន! ម្តេចក៏ឯងទៅស្រឡាញ់ កូនសេដ្ឋីអី ចេះ! បើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯងទៀតក៏អាក្រក់ មិនសមនឹងកូនគេ ធ្វើម្តេចគេនឹងឲ្យឯង ?» អាសំគមបាញ់លលក ក៏និយាយនឹងម្តាយថា «ម៉ែ! បើម៉ែមិនទៅដណ្តឹងឲ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ, ម៉ែក៏លែងបានឃើញមុខខ្ញុំ តាំងពីថ្ងៃនេះទៅហើយ » ។ ម្តាយដែលមានចិត្តអាណិតកូណ ឮកូននិយាយដូច្នោះ ក៏ស៊ូកាត់កេរ្តិ៍ខ្មាស់ ទៅនិយាយស្នើការនឹងសេដ្ឋីៗ ក៏តបវិញថា «ខ្ញុំឥតបើស្អប់ខ្ពើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ នឹងឲ្យពុំបាន ត្បិតមិនទាន់គ្រប់ការ, ណ្ហើយនាង! ប៉ុណ្ណេះទុកជាស្រេចចុះ កុំបាច់ទៅមកទៀត» សំដីប៉ុណ្ណេះ ជាសំដីបង្វែងដានមិនចង់ឲ្យ ។ ម្តាយអាសំគមបាញ់លលក ទញ់តុះគំនិតរកឧបាយកលនិយាយទៀតគ្មាន ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូន ។ អាសំគមបាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ផ្លាស់ទឹកមុខក្រៀមក្រំ អង្គុយត្របោមក្បាលជង្គង់ ដង្ហើមឃូរៗ បាយលេងនឹក ទឹកលេងស្រេកចេះតែនឹកមមៃៗ ហាក់ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ នៅវេលាដែលអាសំគមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា៖ «ឆោមអើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយ ឲ្យដូចជាពូកនិងខ្នល់ខ្នើយ បើម៉្លេះទៅហើយងស់សង្ឃឹម» ។ អាសំគមបាញ់លលក ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្ពាយបំពង់ព្រួញ ដើរទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខាន សោះ ពួនចាំលបមើលកូនសេដ្ឋី ។ ថ្លែងពីបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏ស័ក្តិសម ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឲ្យ ។ បុរសនោះ ទុកជាដឹងថាគេមិនព្រមឲ្យ ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃ ។ ចូនជាពេលមួយ បុរសនោះក៏ទៅអាសំគមបាញ់លលកក៏ទៅ ហើយបានជួបគ្នា អាសំគមបាញ់លលកសួរថា «អ្នកឯងទៅណា?» ។ បុរសនោះឆ្លើយថា «ខ្ញុំមកលបមើលកូនសេដ្ឋី » ឆ្លើយហើយសួរថា «ចុះឯងមកធ្វើអ្វីដែរ? » ។ អាសំគមបាញ់លលកថា «ខ្ញុំក៏មកមើលកូនសេដ្ឋីដែរ» ។ បុរសនោះថា «យើ!រាងនេះ អួតឯងចង់បានកូនសេដ្ឋីផង! ប៉ុនអម្បាលរូបខ្ញុំ គេនៅតែមិនឲ្យ» ។ អាសំគមបាញ់លលកថា «បងឯងចាំមើល ខ្ញុំយកទាល់តែបាន» ។ ជួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត នៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាសំគមបាញ់លលកដឹងដូច្នោះ កំពុងតែគិតរកឧបាយ ក៏ចួនជាក្រឡេកទៅឃើញសត្វលលកមួយតំនៅចុងឈើមុខផ្ទះសេដ្ឋី ។ អាសំគមបាញ់លលក បានឱកាសក៏យឺតស្នាបាញ់ឮសូរក្លឹងបាប់ ស្រាប់តែលលកទធាក់ចើង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។ លំដាប់នោះ កូនក្រមុំសេដ្ឋីម្នាក់ចុះទៅដី ឃើញលលកនោះហើយ ក៏ស្រែកប្រាប់បងថា «អ្នកបង! អ្នកណាបាញ់លលកធ្លាក់មកនេះ? » ថាហើយក៏រើសលលកទៅ ។ អាសំគមបាញ់លលកធ្វើដូចជាមិនដឹង ដល់គេបោចរួចហើយ ស្រាប់តែឡូឡារកលលក ដែលខ្លួនបាញ់នោះថា «នរណាលួចលលកអញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់គុកពុំខាន » ។ នាងក្រមុំទាំងពីរនាក់ ឮដូច្នោះក៏ភ័យស្រែកប្រាប់ថា «លលកបងឯងខ្ញុំយកមកនេះហើយ » ។ អាសំគមបាញ់លលកស្តីគំរាមថា «ម្តេចក៏ហ៊ានលួចលលកអញ ត្រូវយកមកឲ្យអញ » កូនស្រីសេដ្ឋីក៏យកលលកមកឲ្យ ។ អាសំគមបាញ់លលកថា «ទេ! លលកអញនៅរោមនៅស្លាប ឥឡូវនាងឯងយកទៅបោចរោមស្លាបអស់ហើយ ក្រែងតែអាំងឲ្យឆ្អិនឲ្យអញបានអញយក ។ «នាងក្រមុំទាំងពីរនាក់ ក៏យកទៅអាំង ឆ្អិនហើយយកមកឲ្យ ។ អាសំគមបាញ់លលកថា «នរណាស៊ីតែសាច់លលក ក្រែងតែមានស្រាផឹកផង ទើបស៊ីកើត» ។ នាងទាំងពីរនាក់ ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើន ក៏ទៅយកស្រាមកឲ្យ ឲ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅ ។ ឯនាងក្រមុំទាំងពីរនាក់គិតគ្នាថា «បើយើងបណ្តោយឲ្យវានៅក្នុងទីហ្នឹង តែឪម៉ែមកវិញឃើញ យើងមុខជាមានរឿង «គិតហើយ មិនដឹងយកទៅណា ក៏នាំគ្នាសែងអាសំគមបាញ់លលក យកទៅលាក់ក្នុងផ្ទះ ។ ដល់ពេលយប់ អាសំគមបាញ់លលកដឹងខ្លួន ក៏ស្រែកថា «មូសខាំណាស់ » ។ កូនសេដ្ឋីភ័យ ក្រែងឪពុកដឹង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។ អាសំគមបាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់ » ។ នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែ ក្នុងមុងជាមួយ ដោយគិតថា វាស្រវឹងស្រា នឹងធ្វើអ្វី! ។ ពេលនោះ អាសំគមបាញ់លលកបានឱកាស ក៏តាំងលូកប្រឡែងស្ទាបអង្អែល ដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ៕
ចេះដប់មិនស្មើប្រសប់មួយ
មតិយោបល់