ចាប់តាំងតែពីបានទទួលឯករាជ្យមក ឥណ្ឌាបានប្រកាន់ភ្ជាប់នូវទិសដៅសឹងតែសង្គមនិយម ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរឹងទៅលើ ការចូលរួមពីផ្នែកឯកជន ដូចជាពាណិជ្ជកម្ម ក្រៅប្រទេស និងការវិនិយោគផ្ទាល់ពីបរទេស។ ទោះជាយ៉ាងណាក្ដី ចាប់ពីឆ្នាំ ១៩៩១ មក ឥណ្ឌាបានបើកចំហទីផ្សារ របស់ខ្លួន ដោយធ្វើកំណែទម្រង់សេដ្ឋកិច្ចនិងបន្ធូរបន្ថយការគ្រប់គ្រង របស់រដ្ឋទៅលើ ការធ្វើពាណិជ្ជកម្ម និងការវិនិយោគទុនបរទេស។ ការផ្តោះប្តូរពាណិជ្ជកម្មក្រៅប្រទេសបានកើនឡើងពី ៥.៨ ពាន់លានដុល្លារ នៅឆ្នាំ ១៩៩១ ដល់ ៣០៨ ពាន់លានដុល្លារ នៅថ្ងៃទី ៤ កក្កដា ឆ្នាំ ២០០៨ នៅខណៈដែលថវិការដ្ឋ និងសហព័ន្ធបានធ្លាក់ចុះ ការធ្វើឯកជនូបនីយកម្មលើសហគ្រាសសាធារណៈត្រូវបានបន្ត។ ជាមួយអត្រាកំណើន ៩.៤% នៅឆ្នាំ ២០០៦-២០០៧សេដ្ឋកិច្ចឥណ្ឌា ស្ថិតនៅក្នុងបណ្ដាសេដ្ឋកិច្ច ដែលមានកំណើនខ្លាំងបំផុតក្នុងលោក។ ផលិតផលក្នុងស្រុកដុល (GDP) របស់ឥណ្ឌា គិតជាដុល្លារមាន ១.០៨៩ លានលានដុល្លារ ខណៈដែល អំណាចទិញ (PPP) មានដល់ ៤.៧២៦ លានលានដុល្លារជាប់លំដាប់ទី៤ ក្នុងលោក។ ចំណូលរបស់ប្រជាជនម្នាក់ៗ មាន ៩៧៧ ដុល្លារ ស្របពេលដែលអំណាចទិញរបស់ប្រជាជនម្នាក់ៗមាន ២.៧០០ ដុល្លារ។

ឥណ្ឌា មានកម្លាំងពលកម្ម ៥១៦.៣ លាននាក់ជាប់លំដាប់ទី២ក្នុងលោក ដែលក្នុងនោះ ៦០% បម្រើការនៅក្នុងវិស័យកសិកម្ម និងសហគ្រាសពាក់ព័ន្ធ ២៨% បម្រើវិស័យសេវាកម្ម និងសហគ្រាសពាក់ព័ន្ធ និង ១២%ទៀតបម្រើក្នុងវិស័យឧស្សាហកម្ម។ ដំណាំកសិកម្មសំខាន់ៗរួមមាន ស្រូវ ស្រូវសាលី ធញ្ញជាតិប្រេង កប្បាស ក្រចៅ តែ អំពៅ និងដំឡូងបារាំង។ វិស័យកសិកម្មរួមចំណែក ២៨% នៃផលិតផលក្នុងស្រុកដុលវិស័យសេវាកម្ម និងសហគ្រាសពាក់ព័ន្ធមានរហូតដល់ ៥៤% ហើយ ១៨%ទៀត តំណាងឲ្យឧស្សាហកម្មសំខាន់រួមមាន ឧស្សាហកម្មយានយន្ត ស៊ីម៉ងត៍ គីមី អេឡិចត្រូនិក ម្ហូបអាហារ គ្រឿងយន្ត អាជីវកម្មរុករករ៉ែ ប្រេងកាត ឱសថ ដែកថែប សម្ភារៈដឹកជញ្ជូននិងវាយនភណ្ឌ។ អាស្រ័យដោយកំណើនសេដ្ឋកិច្ច យ៉ាងឆាប់រហ័សរបស់ឥណ្ឌា បានធ្វើឲ្យមានការកើនឡើងនូវតម្រូវការថាមពលដ៏ច្រើនផងដែរ។ ដោយផ្អែកតាមអង្គការគ្រប់គ្រងព័ត៌មានស្ដីពីថាមពល (Energy Information Administration) ឥណ្ឌាជាប្រទេស ដែលប្រើប្រាស់ប្រេងច្រើនជាងគេទី៦ និងទី៣ ខាងធ្យូងថ្ម។
ទោះជាសេដ្ឋកិច្ចឥណ្ឌាមានការកើនក្នុង ២ទសវត្សចុងក្រោយនេះក៏ដោយ ប៉ុន្តែការរីកចម្រើនពុំមានភាពស្មើគ្នាទេ ទៅតាម សង្គម សហគមសេដ្ឋកិច្ចភូមិសាស្ត្រតំបន់ ជាពិសេសភាពខុសគ្នារវាងទីក្រុង និងជនបទ។ សមភាព នៃចំណូលនៅប្រទេសឥណ្ឌា មានទំនាក់ទំនងគ្នាតិចណាស់ (Gini Coefficient: 36.8 នៅឆ្នាំ ២០០៤) ទោះជាមានការកើនឡើងនៅរយៈកាលចុងក្រោយនេះក៏ដោយ។ បំណែងចែកភោគផល (Wealth Distribution) នៅឥណ្ឌា ពុំមានសមភាពឡើយ ដោយអ្នកមានចំណូលខ្ពស់ ១០% នៃក្រុមចំណូល ទទួលបានផលរហូតដល់ ៣៣% នៃចំណូល។ ថ្វីបើដំណើរការសេដ្ឋកិច្ចសំខាន់ ១/៤ នៃប្រជាជនរកចំណូលបានក្រោមបន្ទាត់ក្រោមបន្ទាត់ភាពក្រីក្រ ០.៤ ដុល្លារ ក្នុងមួយថ្ងៃ។ នៅឆ្នាំ ២០០៤-២០០៥ ប្រជាជន ២៧.៥% បានរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។
ថ្មីៗនេះ ឥណ្ឌាបានផ្ដល់មូលនិធិយ៉ាងច្រើន ដល់វិស័យអប់រំ ឲ្យប្រជាជនអាចនិយាយភាសាអង់គ្លេសបាន និងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យក្លាយជា Outsourcing Destination ដ៏សំខាន់ សម្រាប់សហប្រតិបត្តិការពហុភាគី និង Popular Destination សម្រាប់Medical Tourism។ ឥណ្ឌាបានក្លាយទៅជា អ្នកនាំចេញដ៏សំខាន់នូវ ផលិតផលផ្នែកទន់ (Softwate) ក៏ដូចជា ហិរញ្ញវត្ថុ ការស្រាវជ្រាវ និងសេវាកម្មផ្នែកបច្ចេកវិជ្ជា។
នៅឆ្នាំ ២០០៧ តាមការប៉ាន់ស្មានការនាំចេញមានប្រហែល ១៤០ ពាន់លានដុល្លារ និងនាំចូលមានប្រហែល ២២៤.៩ ពាន់លានដុល្លារ។ វាយនភណ្ឌ គ្រឿងអលង្ការ សម្ភារៈវិស្វកម្ម និងផលិតផលផ្នែកទន់ គឺជាផលិតផលនាំចេញដ៏សំខាន់។ ក្រៅពីនេះ ប្រេងឆៅ យានយន្ត ជីរកសិកម្ម ផលិតផលគីមី ក៏ជាផ្នែកនាំចេញដ៏សំខាន់ផងដែរ។ ដៃគូពាណិជ្ជកម្ម សំខាន់បំផុតរបស់ឥណ្ឌាមានសហរដ្ឋអាមេរិក សហភាពអឺរ៉ុបប្រទេសចិន រុស្សីនិងជប៉ុន៕
ប្រភព៖ wikipedia
មតិយោបល់