ភ្នំពេញៈ ក្នុងពេលផ្ទះរឿងពាក់ព័ន្ធនឹងកាសែតថៃផ្សាយបំផ្លើស អ្នកនាងថន តារា ត្រូវគេដឹងថា ស្ថិតនៅទីក្រុងភ្នំពេញនៅឡើយទេ ដោយសារតែអ្នកនាងទើបនឹងបានត្រលប់មកពីថៃ ដើម្បីមកថតបញ្ចប់រឿងដែលខ្លួនកុងត្រាមុនរៀបការឲ្យចប់សព្វគ្រប់។ ដ្បិតថា អ្នកនាងត្រូវបានស្វាមីលើកទឹកចិត្តជាប់រហូត ប៉ុន្តែតារាស្រីរូបនេះបានអះអាងថា ខ្លួននៅដកអារម្មណ៍ឈឺចាប់មិនទាន់បាត់ឡើយ នូវអ្វីដែលបានកើតឡើង។
អ្នកនាងថន តារា បញ្ជាក់ថា ចាប់តាំងពីមានព័ត៌មានមិនល្អពាក់ព័ន្ធនឹងកាសែតថៃចុះផ្សាយនាំឲ្យមានការភាន់ច្រលំនោះមក អ្នកនាងមិនមានអារម្មណ៍ស្ងប់ចិត្តនៅឡើយទេ ជាពិសេសបន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយចំនួន បានបង្ហោះពាក្យពេចន៍សើចចំអករបៀបបញ្ចើបញ្ចើ ដុតកំដៅក្នុងន័យមាក់ងាយ ដែលហាក់ដូចជាស្វាមីអ្នកនាងពិតជាជាប់ពាក់ព័ន្ធនឹងភរិយាដើម ដូចការរបស់កាសែតថៃមែន។ អ្នកនាងថា ស្វាមីរបស់ខ្លួន និងក្រុមគ្រួសារស្វាមីបានចេញមុខលាតត្រដាងពាក់ព័ន្ធនឹងការសង្ស័យនោះឲ្យយល់យូរមកហើយ ប៉ុន្តែសារព័ត៌មានក្នុងស្រុកបកត្រឹមតែការផ្សាយបំផ្លើសរបស់កាសែតថៃ ទើបធ្វើឲ្យអ្នកនាងខូចឈ្មោះអស់មួយប្រាវ។
អ្នកនាងនៅតែអះអាងថា ខ្លួនមិនទាន់សប្បាយចិត្ត និងពិបាកប្រមូលអារម្មណ៍សម្ដែងរឿងវគ្គបញ្ចប់ គ្រប់ពេលដែលនឹកស្រម៉ៃដល់ពាក្យសម្ដីរបស់អ្នកលេងហ្វេសប៊ុកមួយចំនួន។ អ្នកនាងថា ជាការឈឺចាប់ដែលអ្នកខ្លះលើកឡើងថា អ្នកនាងសុខចិត្តយកប្ដីចំណាស់ មុខមិនស្អាត ព្រោះតែចង់បានប្រាក់ និងខ្លះថា ចុងក្រោយបានត្រឹមប្រពន្ធចុងមិនស្របច្បាប់ ដែលសុទ្ធតែជាការដុតរោលឲ្យអារម្មណ៍ក្ដុកក្ដួល។
បើទោះជារឿងរ៉ាវនេះ ត្រូវគេឃើញផុតរលត់នូវការសង្ស័យ ប៉ុន្តែអ្នកនាងប្រាប់ថា ស្នាមពាក្យសម្ដីមាក់ងាយ នៅដិតជាប់នៅឡើយពេញក្នុងក្រក្រៅបេះដូងរបស់ខ្លួន។ យ៉ាងណាក៏ដោយអ្នកនាងសប្បាយចិត្ត និងបានធូរទ្រូងស្រាកៗ បន្ទាប់ពីលោក ណាវ៉ារ៉ាត់ ជាស្វាមីរមែងខលមកលើកទឹកចិត្តកុំឲ្យអ្នកនាងគិតច្រើន។ អ្នកនាងនិយាយថា «ឥឡូវនឹងវាចប់អស់ហើយ ប៉ុន្តែខ្ញុំចេះតែមិនអស់ចិត្តសោះថា ហេតុអ្វីបានជាពួកគាត់ប្រើពាក្យសម្ដីទាំងអស់ៗនឹងបាន ពាក្យពេចន៍ទាំងអស់នឹងឲ្យតែខ្ញុំនឹកឃើញ គឺឈឺខួរមែនទែន សំណាងហើយដែលប្ដីខ្ញុំ គាត់ខលមករហូតថា យើងជាមនុស្សមហាជនកុំឲ្យគិតច្រើន បើកុំតែចឹងខ្ញុំពិតជាឆ្អែតចិត្តមែនទែន!»។
អ្នកនាងថន តារាប្រាប់ថា ខ្លួននឹងបញ្ចប់សកម្មភាពថតរឿងរបស់ខ្លួនចុងក្រោយត្រឹមថ្ងៃទី១៩ កក្កដានេះ ប៉ុន្តែរហូតដល់ថ្ងៃទី២៤ ខែកក្កដា ទើបអ្នកនាងសម្រេចចិត្តឡើងយន្តហោះទៅជួបស្វាមី ដោយក្នុងថ្ងៃនោះសមាជិកគ្រួសាររបស់អ្នកនាងនឹងជូនដំណើរទៅ។ អ្នកនាងប្រាប់ថា ដំណើរទៅថៃលើកនេះ អត់ច្បាស់រឿងគម្រោងវិលវិញពេលណាទេ ប៉ុន្តែអ្នកនាងអាចឡើងចុះៗបើមានកិច្ចការចាំបាច់។ អ្នកនាងទទូចកុំឲ្យមានការមាក់ងាយជាមុនក្នុងពេលរឿងរ៉ាវមិនទាន់ដឹងគ្រប់ជ្រុងជ្រោយ ដើម្បីជៀសវាងបង្កស្នាមវិប្បដិសារីដល់បុគ្គលណាម្នាក់ ដោយសារតែនាងយល់ថា ខ្លួនជាតារាសិល្បៈ គឺឈឺមិនខុសគ្នាទេ នៅពេលទទួលការប្រមាថមាក់ងាយដោយពាក្យសម្ដីមិនល្អម្ដង ជាពិសេសនៅពេលដែលខ្លួនមិនត្រូវដូចអ្វីដែលគេលើកឡើង៕
មតិយោបល់