តើលោកអ្នកមានដឹងទេថា តារាមួយណាដែលជាប់ចំណាត់ថ្នាក់លេខ១ក្នុងកម្មវិធី American Idol ដំបូងបំផុត? ប្រហែលជាមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹង នោះគឺនាង Kelly Clarkson។
Kelly Clarkson នាងមានឈ្មោះកំណើត Kelly Brianne Clarkson កើតនៅថ្ងៃទី 24 ខែមេសា ឆ្នាំ 1982 ជាតារាចម្រៀង អ្នកនិពន្ធចម្រៀង និងជាតារាសម្តែង។ ក្រោយពីជាប់កម្មវិធី American Idol នាងបានចេញនូវអាល់ប៊ុម និងសម្ដែងភាពយន្ត និងកម្មវិធីផ្សេងៗ។ បទចម្រៀងរបស់នាងដំបូងនោះគឺមានចំណងជើងថា “A Moment Like This” បទនេះទទួលបានការគាំទ្រជាច្រើនពីសំណាក់មហាជន។ បន្ទាប់មកនាងបានអភិវឌ្ឍន៍ខ្លួនដោយខិតខំហាត់ច្រៀងរហូតដល់ឆ្នាំ 2004 នាងមានចេញនូវអាល់ប៊ុមមួយមានចំណងជើងថា Breakaway ដែលលក់អស់ជាង 12 លានបន្ទះ នេះជាភាពជោគជ័យរបស់នាងមួយទៀត។
គួររំលឹកផងដែរថា Kelly Clarkson កើតនៅក្នុងតំបន់ Fort Worth រដ្ឋតិចសាស ហើយធំធាត់នៅក្នុងក្រុងតូចមួយឈ្មោះ Burleson នាងមានបងប្អូនបីនាក់ ហើយនាងជាកូនទីបី។ នៅពេលនាងមានអាយុ 6 ឆ្នាំ ឪពុកម្តាយរបស់នាងបានលែងលះគ្នា ហើយនៅពេលនាងមានអាយុ 7 ឆ្នាំ ម្តាយរបស់នាងក៏រៀបការប្តីថ្មីជាមួយនឹងលោក Jimmy Taylor។ Kelly Clarkson នាងមានទេពកោសលខាងសិល្បតាំងពីកំណើត នៅពេលនាងរៀនថ្នាក់ទី 6 លោកគ្រួរបស់នាងបានឲ្យនាងច្រៀងសាកល្បង ព្រមទាំងជម្រុញនាងឲ្យរៀងខាងតន្ត្រីទៀតផង។ រហូតដល់មកដល់ ចុងឆ្នាំ 2011 នាងបានចេញនូវអាល់ប៊ុមថ្មី Stronger ដែលនៅក្នុងនោះបទដែលទទួលបានការគាំទ្រ និងពេញនិយមនោះគឺបទ “Stronger (What Doesn’t Kill You)” និងបទ “Mr. Know It All”។ ក្នុងនោះនាងក៏ទទួលបាននូវពានរង្វាន់ជាច្រើនផងដែរដូចជាពាន Grammy Awards ចំនួន 2 ពាន MTV Video Music Awards ចំនួន 3 ពាន Billboard Music Awards ចំនួន 12 ពាន American Music Awards ចំនួន 4 និងពាន Women’s World Award ចំនួន 1៕
មតិយោបល់