រឿងបែកបាក់ព្រាតប្រាស់ កើតចាស់ឈឺស្លាប់លើលោកសន្និវាសនេះវាជៀសមិនផុតទេ ។ តែរឿងដែលព្រាតព្រាស គឺវាយ៉ាងម៉េច? វាធ្វើឲ្យយើងឈឺចាប់ដល់កម្រិតណា? ។
ជាដំបូងខ្ញុំសូម គោរពដល់សមាជិកគេហទំព័រ ដំណឹង ទាំងមូល ខ្ញុំបាទ ឈ្មោះ សុផារិទ្ធ ជាបុគ្គលិក ក្នុងស្ថាប័នឯកជនមួយ នៅរាជធានីភ្នំពេញ ហើយក៏ជាអ្នកតាមដានព័ត៌មានកម្សាន្ត ដំណឹង រយៈពេល ២ ឆ្នាំហើយ ព្រមតែងតែឃើញអត្ថបទល្អៗ និង មាតិកាមួយចំនួន ដែលពាក់ព័ន្ធនឹងរឿងស្នេហា ក៏ដាច់ចិត្តផ្ញើជាអក្ខរាចារ ជូនដំណឹង ឲ្យជួយផ្សាយជូនដល់ប្រិយមិត្តគ្រាន់នឹង ផ្តល់យោបល់ នឹងរំលែកទុក្ខខ្ញុំ។
កាលពី ៤ ឆ្នាំមុន ខ្ញុំបានការប្រពន្ធម្នាក់ ដោយនាង ជាអាជីវករម្នាក់ រកស៊ីក្នុងផ្សារមួយ និងមានតូបដ៏តូចមួយ គ្រាន់នឹងចិញ្ចឹមឆ្នាំង ចំណែកខ្ញុំជាបុគ្គលិកស្ថាប័នម្នាក់ ដែលមានប្រាក់ខែតិចតូច តែប៉ុណ្ណោះ ។ តែទោះជាការងារមានប្រាក់ខែតិចតូច ម្តេចក្តី ១ ឆ្នាំ ២ ឆ្នាំ និង ៣ ឆ្នាំ ពួកយើងល្អូកល្អើននឹងគ្នាណាស់ ដោយតែងតែជួយទុក្ខធុរៈគ្នាទៅវិញ ទៅមក ក្នុងនាមជាប្តីប្រពន្ធ ។ តែ អកុសល្យ ចូលមកដល់ឆ្នាំទី ៤ ស្រាប់តែចំណងស្នេហានេះមានភាពរង្គោះរង្គើរ ដោយសារតែ នាងតែងតែរអ៊ូរទាំ ថា ខ្ញុំរកចំណូលមិនបានច្រើន ចូលផ្ទះ ខ្វះនេះខ្វះនោះ មិនចេះចប់មិនចេះហើយ តែធាតុពិត នាងចាប់ផ្តើមយកលេស ចង់បែកពីខ្ញុំ ដោយសារតែស្គាល់ បុរសម្នាក់នៅ ក្នុង ហ្វេសប៊ុក ដែលគេជាអនិកជន ក្នុងដីអាមេរិក ។
ពួកគេបានស្គាល់គ្នា យូរណាស់មកហើយ តាំងពីចំណងស្នេហារបស់ខ្ញុំចូលឆ្នាំក្បាល ៤ ដោយតែងតែឆាត ផ្តោះផ្តងលិចកើត តែខ្ញុំក៏ធ្វើមិនខ្វល់ ដោយសារតែគិតថា វាមិនស្អីនោះទេ ។ ពីមួយថ្ងៃទៅមួយថ្ងៃ ភាពល្អូកល្អើនឆ្លងទ្វីប ដែលមិនប្រាកដប្រជានេះ បានបង្ករឲ្យគ្រួសារខាងខ្ញុំមានរឿងកាន់តែធ្ងន់ៗទៅ ដោយនាងតែងតែយកលេស នេះ យកលេសនោះ គ្មានថ្ងៃចប់ ដើម្បីធ្វើយ៉ាងណាឲ្យខ្ញុំជាប្តី លែងនាង អាលនឹងនាង ទៅរស់នៅជាមួយនឹង បុរសអនិកជននៅអាមេរិក ។ នៅទីបញ្ចប់ស្នេហានេះបែកបាក់មែន ហើយនាងសង្ឈឹមថា នឹងបានអ្នកដ៏បវរ លើទឹកដីសន្តិភាពមករស់នៅក្បែរខ្លួន ។តែ ទោះជាយ៉ាងណា ខ្ញុំក៏នៅតែចង់ដឹងសុខទុក្ខរបស់នាងរហូត ថានាងយ៉ាងម៉េចហើយ ។ទោះបីជាយ៉ាងណា នៅទីបញ្ចប់ទំនាក់ទំនងអតីតប្រពន្ធខ្ញុំ និង អ្នកនៅអាមេរិករូបនោះ មិនបានជួបនាងនោះទេ ដោយគេគ្រាន់តែបោកនាងស៊ីតែប៉ុណ្ណោះអស់ចិត្តគេក៏បោះបង់នាងចោល។ ប្រិយមិត្តដឹងអត់ ថាទីបញ្ចប់នាងទៅជាយ៉ាងណា ? គឺនាងបានសុំអង្វរខ្ញុំជួបគ្នាវិញ ដោយសារតែទឹកចិត្តសណ្តោះនៅតែមាន ចំពោះនាង ខ្ញុំក៏សុខចិត្តលើកលែងទោសឲ្យនាង និងផ្សះផ្សារគ្នាវិញ និងកសាងសុភមង្គលដូចដើម៕
មតិយោបល់