(បរទេស)៖ យុវជនម្នាក់ ឈ្មោះថា Travis Ludlow មកពីស្រុក Lbstone នៃប្រទេសអង់គ្លេស ត្រូវបានសៀវភៅកំណត់ត្រាពិភពលោក «Guinness World record» កត់ត្រាថា បានក្លាយជាពីឡុតមានវ័យក្មេងបំផុតលើពិភពលោក ក្រោយពីបញ្ចប់ការហោះហើរនៅក្នុងប្រទេសហូល្លង់កាលពីថ្ងៃម្សិលមិញនេះ។
យុវជន Travis Ludlow មានអាយុទើបតែ១៨ឆ្នាំ និង១៤៩ថ្ងៃ បានធ្វើការហោះហើរតែម្នាក់ឯង អស់ រយៈពេល៤៤ថ្ងៃ ក្នុងចម្ងាយ២៥,០០០ម៉ាយល៍ (ប្រមាណ៤០,២៣០គីឡូម៉ែត្រ)។ ក្នុងមួយថ្ងៃ គេចំណាយពេលពី៨ម៉ោងឡើងទៅ ក្នុងការហោះហើរ ដែលពេលខ្លះ បានចម្ងាយ១,០០០ម៉ាយល៍ (ប្រមាណ១,៦០០គីឡូម៉ែត្រ) ដោយមិនឈប់សម្រាកផងដែរ។
ទន្ទឹមគ្នានឹងសមិទ្ធផលដ៏គួរឲ្យកោតសរសើរនេះ បានធ្វើឲ្យក្រុមគ្រួសាររបស់គេមានមោទកភាពយ៉ាងខ្លាំង ព្រោះលោកបានបង្កើតកំណត់ត្រាថ្មី សម្រាប់ពិភពលោក និងសម្រាប់គ្រួសារទាំងមូល ខណៈដែលកន្លងទៅគេដឹងថាក្នុងក្រុមគ្រួសារតាំងពីដើមមក មិនធ្លាប់មានអ្នកណាស្រលាញ់វិស័យពីឡុត ឬជាពីឡុតឡើយ។
គួរបញ្ជាក់ថា ម្ចាស់កំណត់ត្រាពិភពលោក ពីឡុតវ័យក្មេងបំផុត ធ្លាប់ត្រូវបានគ្រប់គ្រងដោយបុរសម្នាក់មកពីសហរដ្ឋអាមេរិក ដែលកាលនោះមានអាយុ១៨ឆ្នាំ និង១៦៣ថ្ងៃ ដោយបញ្ចប់បេសកម្មហោះហើរក្នុងខែតុលា ឆ្នាំ២០១៨៕
មតិយោបល់