ព័ត៌មានជាតិ

៥ យ៉ាង ក្រោយអាពាហ៍ពិពាហ៍ ដែលអ្នកមិនធ្លាប់មាននរណាប្រាប់

 

ទោះជាមានរឿងរ៉ាវពាក់ព័ន្ធនឹងការរៀបការចេញមកឱ្យយើងបានឃើញជាច្រើន មិនថាតែនៅក្នុងសៀវភៅ ទស្សនាវដ្តី ឬតាមវេបសាយនានាក៏ដោយ ក៏មិនមែនមានន័យថារឿងរ៉ាវទាំងអស់នោះគ្របដណ្តប់លើរឿងការរៀបការទាំងអស់គ្រប់ជ្រុង គ្រប់ជ្រោយនោះដែរ ព្រោះនៅមានរឿងការរៀបការមួយចំនួនដែលអាចនៅមិនទាន់មានអ្នកណាលើកយកមកនិយាយនៅឡើយ ជាពិសេស រឿង ៥ យ៉ាងក្រោយការរៀបការ ។

១ . គ្រប់គ្នាសុទ្ធតែមានចំណុចមិនល្អ

យើងគ្រប់គ្នាសុទ្ធតែមានចំណុចល្អ និងមិនល្អដូចគ្នាទាំងអស់ មិនថាតែរឿងទម្លាប់និស្ស័យ ឡាយហ្វ៍ស្តាយល៍ ឬការរស់នៅប្រចាំថ្ងៃ រួមទាំងទង្វើផ្សេងៗទៀត ដូចជា ការគេងស្រមុក ចូលចិត្តនិយាយឮៗ មិនចេះរៀបចំទុកដាក់របស់របរ ជាដើម ដែលរឿងផ្សេងៗទាំងអស់នេះ គឺជាអ្វីដែលអ្នកគួរតែទទួលយកឱ្យបានក្រោយពេលរៀបការរួចហើយ ចំណែកក្នុងករណីដែលរឿងមួយណាវាខ្លាំងជ្រុលហួសនឹងទប់ទល់បានហើយនោះ អ្នកគួរតែនិយាយជាមួយស្វាមី(ឬភរិយា)យ៉ាងត្រង់ទៅត្រង់មក ។

២ . គ្មានអ្វីរោយដោយផ្កាកុលាបនោះទេ

ក្នុងអំឡុងពេលសេពគប់មើលចិត្តមើលថ្លើមគ្នានោះ អ្វីៗគ្រប់យ៉ាងអាចនឹងមើលទៅឃើញស្អាតរលូន និងដំណើរការទៅមុខយ៉ាងល្អ តែក្រោយពេលរៀបការហើយ អ្វីដែលអ្នកធ្លាប់នឹកសង្ឃឹមទុក អាចមិនមែនដូចការគិតឡើយ ហើយថែមទាំងពេលខ្លះអាចមានលទ្ធផលផ្ទុយគ្នាពីអ្វីដែលអ្នកនឹកសង្ឃឹមនោះទៀតផង ដូច្នេះទើបអ្នកមិនគួរនឹកសង្ឃឹមទៅលើអ្វីខ្លាំងជ្រុលពេកទេ និងបើសឹនជាអាចទៅរួច ក៏គួរតែត្រៀមចិត្តទុកជាមុន ឬរៀបចំផែនការបំរុងទុកខ្លះក៏ល្អម្យ៉ាងដែរ ដើម្បីបានបន្ធូរបន្ថយពីធ្ងន់មកស្រាល និងមានជីវិតអាពាហ៍ពិពាហ៍ដែលរលូនស្រស់ស្រាយសុខសប្បាយតទៅ ។

៣ . គួរទទួលខុសត្រូវមនុស្សទាំង ពីរ គ្រួសារ

ក្រោយពីរៀបមង្គលការហើយ ក្រុមគ្រួសាររបស់គេក៏នឹងក្លាយជាក្រុមគ្រួសារតែមួយជាមួយនឹងអ្នកដោយបរិយាយ ដូច្នេះ បន្ទាប់ពីអ្នកមើលថែទាំក្រុមគ្រួសារខ្លួនឯង មិនថាតែ ឪពុកម្តាយ បងប្អូន ឬមនុស្សដែលអ្នកជិតស្នឹទ្ធហើយនោះ ក៏កុំភ្លេចបែងចែកពេលវេលាទៅមើលថែទាំក្រុមគ្រួសាររបស់ស្វាមី(ឬភរិយា)ផង តែទាំងអស់នេះ មិនចាំបាច់ត្រូវមើលថែទាំរៀងរាល់ថ្ងៃនោះទេ សុំត្រឹមតែនឹកបារម្ភកង្វល់ និងទៅសួរសុខទុក្ខនៅពេលណាមានឱកាសក៏គ្រប់គ្រាន់ហើយ ។

៤. ត្រៀមខ្លួនជាស្រេចសម្រាប់តួនាទីដែលនឹងកើតមានឡើង

ក្រៅពីនេះ ក្រោយពីការរៀបការហើយ អ្នកក៏នឹងមានភារៈ តួនាទីដែលត្រូវធ្វើថែមឡើងទៀតជាច្រើន ហើយតួនាទីទាំងអស់នោះនឹងកើនឡើងទៀតស្មើដើម បើអ្នកទាំងពីរមានកូនជាមួយគ្នាផងនោះ ដូច្នេះ ទើបអ្នកទាំងពីរគួរបែងចែកតួនាទីគ្នាឱ្យបានច្បាស់លាស់ថា តើនរណាមានតួនាទីត្រូវធ្វើអ្វី តែបើច្រើនរហូតទប់ទល់លែងរួចនោះ ក៏គួរតែប្រាប់គ្នាទៅវិញទៅមកត្រង់ៗថា តើអ្នកមានរឿងអ្វីដែលចង់ឱ្យគេជួយមើលថែទាំបន្ថែមខ្លះក៏បាន ។

៥ . នៅបែកគ្នាខ្លះក៏មិនមែនជារឿងប្លែកអីដែរ

ការដែលមនុស្ស ពីរ នាក់ រៀបការនឹងគ្នាហើយក៏មិនមែនមានន័យថា ពួកគេត្រូវតែរស់នៅជាមួយគ្នារហូតជានិច្ចនោះដែរ ជាពិសេសគូដែលនៅជាមួយគ្នាមកយូរហើយ ព្រោះម្នាក់ៗត្រូវតែមានពេលវេលាផ្ទាល់ខ្លួនដែលបានរស់នៅម្នាក់ឯង ឬនៅជាមួយក្រុមគ្រួសាររបស់ខ្លួនឯងខ្លះដែរ ដូច្នេះបើពេលខ្លះគេ ឬអ្នកចង់បែកគ្នាត្រឡប់ទៅនៅជាមួយលោកឪពុកអ្នកម្តាយខ្លះ ក៏វាមិនមែនជារឿងចម្លែក ឬខាតបង់អីដែរ ថែមទាំងល្អទៀតផង ព្រោះការនៅឃ្លាតឆ្ងាយពីគ្នានឹងបានជួយដាស់តឿនស្មារតីថា តើអ្នកនៅតែស្រឡាញ់និងនឹករលឹកគ្នាខ្លាំងប៉ុនណា ។

ហេតុផលដែលនាំយករឿង ៥ យ៉ាងក្រោយការរៀបការហើយមកជម្រាបជូនក្នុងថ្ងៃនេះ មិនមែនចង់បំភ័យ ឬធ្វើឱ្យអ្នកមានអារម្មណ៍ខ្លាចការរៀបការនោះទេ តែចង់ឱ្យគ្រប់គ្នាមើលឃើញពីជ្រុងមួយទៀតរបស់ជីវិតអាពាហ៍ពិពាហ៍តែប៉ុណ្ណោះថា ក្រោយពេលរៀបការហើយនៅមានរឿងរ៉ាវជាច្រើនទៀត ដែលពេលខ្លះក៏មិនបានល្អស្អាតដូចក្នុងរឿងនិទាន ឬប្រលោមលោកនោះដែរ ដូច្នេះវាប្រហែលជាល្អជាង បើអ្នកមានឱកាសបានរៀនយល់ដឹង និងត្រៀមខ្លួនទប់ទល់នឹងបញ្ហាផ្សេងៗដែលអាចចូលមក ដើម្បីឱ្យជីវិតគូរបស់អ្នកកាន់តែមានសេចក្តីសុខ និងយល់ចិត្តយល់ថ្លើមគ្នាកាន់តែល្អឡើងថែមទៀតនោះ ៕

 

 

មតិយោបល់