ព័ត៌មានសិល្បៈ និងកម្សាន្ត

ការវះកាត់កែសម្ផស្ស យាយគ្រវីសក់( ស៊ិតាង បួថង) ជំរុញចិត្តឱ្យតារាថៃវ័យចំណាស់ៗ ងាកមករកផ្លែកាំបិតកែសម្រស់

នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ការចេញផ្សាយព័ត៌មានសិល្បៈរបស់សារព័ត៌មានថៃ Khaosod បានអះអាងឱ្យដឹងថា មានតារាថៃវ័យចំណាស់ៗជាច្រើនដួង បានងាកមករកការកែសម្ពស្សជាថ្មីៗម្ដងទៀតយ៉ាងមានទំនុកចិត្ត បន្ទាប់ពីមើលឃើញលទ្ធផលកែសម្ពស្សពិតជាក់ស្ដែងរបស់តារាភេទទី៣ យាយគ្រវីសក់ (ស៊ិតាង បួថង) នៅក្នុងបើកបង្ហាញមុខជាថ្មី។

អ្នកនាង ស៊ិតាង បួថង ត្រូវបានមហាជនថៃកោតសរសើរពីការកែសម្ផស្សលើកចុងក្រោយ ដែលមានលទ្ធផលល្អពិតៗ បន្ទាប់ពីបរាជ័យកែសម្ផស្សជាច្រើនលើករួចមកហើយ។ ស្បែកមុខដែលគ្របដណ្ដប់ដោយស្លាកស្នាម និងអស់សង្ឃឹមថានឹងមានសភាពប្រសើរឡើងមកវិញនោះ បែរបានជាប្រែមកស្អាតម៉ដ្ឋរលោង ធ្វើឱ្យអ្នកនាង ស៊ិតាង បួថង មានកម្លាំងចិត្តក្នុងជីវិតជាថ្មីម្ដងទៀត ក្រោមស្នាដៃដុកទ័រកែសម្ពស្សជនជាតិកូរ៉េ។

អ្នកនាង ស៊ិតាង បួថង បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថៃក្នុងពេលសម្ភាសន៍ថា មានតារាថៃមានវ័យចំណាស់ជាច្រើនរូបធ្លាប់អស់សង្ឃឹម និងមិនចង់ធ្វើការកែសម្ផស្សស្បែកមុខតទៅទៀតហើយ ព្រោះជាវ័យដែលស្បែកមិនងាយលូតលាស់។ តែរយៈពេលចុងក្រោយនេះ អ្នកនាងបានទទួលសារជាច្រើន សួរនាំណាំពីការកែសម្ពស្សនៅកូរ៉េ រហូតដល់ថ្នាក់ឆ្លើយតបសារមិនអស់ផងដែរ។ អ្នកនាង ស៊ិតាង អះអាងថា «ការកែសម្ផស្សរបស់ខ្ញុំ គឺខ្ញុំមិនចង់ឱ្យស្ត្រីគ្រប់រូបគិតថា ជាការញៀននឹងការវះកាត់កែសម្ផស្សឡើយ។ ប៉ុន្តែផ្ទាល់ខ្លួនជាស្ត្រី ខ្ញុំគិតថា ស្ត្រីចង់ស្អាត។ នារីគ្រប់រូបសុទ្ធតែមានសម្រស់ស្រស់ស្អាតហើយមានមន្តស្នេហ៍ ដូច្នេះថ្ងៃណាមួយក៏នាងត្រូវការកែកុនចំណុចខ្លះៗដែលនាងចង់បន្ថែមភាពស្រស់ស្អាតដល់ខ្លួននាងដោយមិនភ័យខ្លាច»។ គួរបញ្ជាក់បន្ថែមថា អ្នកនាង ស៊ិតាង បួថង មានគម្រោងកែសម្ផស្សឱ្យដូចមុខមាត់តារាស្រី ហ្វាន ពីងពីង ដែលជាតារាក្នុងដួងចិត្តតែមួយរបស់អ្នកនាង។ ក៏ប៉ុន្ដែ ការកែសម្ផស្សរបស់អ្នកនាងក្នុងវ័យចំណាស់នេះ គឺមិនប្រាកដទទួលបានលទ្ធមួយរយភាគរយឱ្យដូច តារាស្រីចិន ហ្វាន ពីងពីង ទាំងស្រុងនោះទេ។ អ្នកនាង ស៊ិតាង បួថង អះអាងថា នឹងមិនបោះបង់ការកែសម្ផស្សនៅថ្ងៃមុខបន្ដទៀតនោះទេ៕

 

មតិយោបល់