ព័ត៌មានសិល្បៈ និងកម្សាន្ត

កែវ សុបញ្ញា និងគូដណ្ដឹង បង្ហាញភាពផ្អែមល្ហែមដូចប្ដីប្រពន្ធទើបរៀបការ

តារាចម្រៀងហង្សមាស កែវ សុបញ្ញា បានភ្ជាប់ពាក្យជាមួយគូដណ្ដឹងនាងលោក ប៉ាល់ ប៉ោស៊ាង ដែលជាមន្រ្ដីយោធាបានរយៈជាង១ខែហើយនោះ​ បង្ហាញភាព​ផ្អែម​ល្ហែមស្នេហ៍កាន់តែខ្លាំងពោលគឺដូចប្ដីប្រពន្ធទើបរៀបការហើយថ្មោងថ្មីអីចឹង។

កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១ តារាចម្រៀងស្រី កែវ សុបញ្ញា បានបើចំហពិធីភ្ជាប់ពាក្យជាមួយគូដណ្ដឹង។ យ៉ាងណាមិញ ទម្រាំតែគូស្នេហ៍តារាស្រីរូបនេះឆក់​បានបេះដូងនាងមិនមែនជារឿងងាយស្រួល​ឡើយព្រោះត្រូវចំណាយពេលតស៊ូញ៉ែ​នាងដល់ទៅ១៥ឆ្នាំ​ទើប​ចុងក្រោយសម្រេចដូចបំណង។ ដោយសារតែលោកប៉ោស៊ាង បានឲ្យចាស់ទុំចូលចែចូវធ្វើឲ្យសុបញ្ញា ប្រកែកលែងរួច។ តារា​ចម្រៀងហង្សមាសរូបនេះថា អនាគតស្វាមីរបស់នាង មិនហាមឃាត់នាងក្នុងការលេងសិល្បៈទេ ហេតុនេះ​ហើយ​នាងនៅតែបន្ដអាជីពចាស់មួយនេះតទៅទៀតទាំងការច្រៀងសម្ដែងតាមឆាកតន្រ្ដីនិងថតភាពយន្ដ។

យ៉ាងណាមង្គលការរបស់ស្រីស្រស់សុបញ្ញា និងគូដណ្ដឹងមិនអាចរៀបចំបានតាមគម្រោង​នោះទេព្រោះតែកូវីដ​ធ្វើ​​ឲ្យនាងស្ទះផែនការការគ្រងឈុតកូនក្រមុំ។ នាងធ្លាប់ប្រាប់ថាពិធីរៀបអាពាហ៍ពិពាហ៍របស់នាងជាមួយ​គូដណ្ដឹង​នឹងធ្វើ​ធំដុំ​ព្រោះគ្រួសារ​ខាងប្រុសគឺជាអ្នកមានមុខមាត់ក្នុងសង្គមអីចឹង​បើនាងការពេលមិនទាន់ស្ងាត់កូវីដនេះមិន​អាចធ្វើបានឡើយ​ដោយ​សារ​តែរដូវនេះមិនអាចរៀបការធំបាន ចឹងនាងនឹងរងចាំរហូតដល់ស្ងាត់កូវីដទើបគិតគូរឿងនេះហើយកំណត់ពេលបាន៕

 

មតិយោបល់