ពិធីករវ័យក្មេង ដែលកំពុងសាងប្រជាប្រិយភាព លើវិថីសិល្បៈ លោកយក់ ឆេងហាក់ជាមួយថ្វីមាត់ ក្នុងការនិយាយ ទាំងរូបសម្បត្តិសង្ហានោះ ធ្វើឱ្យមិត្តៗយុវវ័យជាច្រើនផ្ទុះការគាំទ្រទៅលើរូបលោក។ ជាមួយគ្នានេះដែរ គេសង្កេតឃើញថា តារាសម្ដែង និង ជាពិធីកររូបនេះ ហាក់បីដូចជាមានទីផ្សារសិល្បៈខ្លាំង នាមួយរយៈពេលចុងក្រោយនេះ។ ដោយវិស័យសិល្បៈ កំពុងត្រូវប៉ាន់ នោះលោក យក់ ឆេងហាក់បែរជាជួបរឿងស៊យទៅវិញ។
ថ្មីៗនេះ គេឃើញតារាសម្ដែងរូបនេះបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសបង្ហាញឱ្យដឹងថាមានជនអនាមិកបានប្រើរូបលោកយកទៅបោកប្រាស់ចិត្តនិងលុយពីមនុស្សស្រីអស់រាប់ពាន់ដុល្លារ។ លោកបាននិយាយថានេះមិនមែនជាលើកទីមួយឡើយដែលជនខិលខូចប្រើប្រាស់រូបថតលោកទៅបង្កើត Account ក្លែងក្លាយ ដើម្បីយកទៅបោកប្រាស់លុយពីមនុស្សស្រី ក្រោមរូបភាពផ្សេងៗ។ លោកថារូបលោកប្រើប្រាស់គណនីហ្វេសប៊ុកតែមួយគត់ដែលដាក់ឈ្មោះពិតរបស់លោកផ្ទាល់គឺ Youk Chhenghak ចំពោះគណនីមានឈ្មោះផ្សេងៗ មិនមែនជារបស់លោកនោះទេ។
លោកថា គណនីដែលបានយករូបលោកទៅប្រើប្រាស់នោះបានដាក់ឈ្មោះថា វណ្ណា រ៉ុងរ័ត្ន (Vanna Rong Rath) ហើយគណនីនោះបានយកទៅទាក់ទងជាមួយនារីម្នាក់ ដោយបច្ចុប្បន្ននារីរូបនោះ បានយល់ច្រឡំហើយ ចោទប្រកាន់លើរូបលោក ថែមទាំងផុសបរិហាកេរ្តិ៍លោកលើបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកជាខ្លាំង»។
យ៉ាងណាមិញ លោកអះអាងថា មិនមែនជាលើកទីមួយឡើយដែលលោកជួបរឿងអកុសល ហើយត្រូវគេយល់ច្រឡំ ដូចដែលលោកបានផុសលើបណ្ដាញសង្គមយ៉ាងដូច្នោះដែរ មានអ្នកខ្លះទៀតបានយករូបលោកទៅសន្យារៀបការជាមួយនឹងគេ ដែលធ្វើឱ្យត្រូវប្រឈមមុខនឹងគ្រួសារខាងស្រីក៏មាន៕
មតិយោបល់