ភ្នំពេញ: ឆ្លងតាមកិច្ចប្រជុំ នៅថ្ងៃទី២២ ខែមេសានេះ ស្ដីពីការរៀបចំ ព្រឹត្តិការណ៍ ស៊ីហ្គេម សម្រាប់ឆ្នាំ២០២៣ នៅកម្ពុជា រាជរដ្ឋាភិបាល បានសម្រេច ចំណាយទឹកប្រាក់ចំនួន៤០លានដុល្លារដើម្បីរៀបចំ។
ក្នុងនោះលោកទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិក៏ត្រូវបានតែងតាំងជាប្រធានកីឡា Sea Game ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍លើកទី៣២នោះផងដែរ។
នេះជាលើកទី១ ដែលកម្ពុជាបានទទួលរៀបចំចាប់តាំងពីកីឡានេះបានបង្កើតក្នុងឆ្នាំ១៩៥៤។ ក្នុងនោះពហុកីឡាដ្ឋានតេជោមរកត ដែលត្រូវប្រើប្រាស់សម្រាប់ទទួលស៊ីហ្គេមក្នុងឆ្នាំ២០២៣ ដែលជាគម្រោងសាងសង់របស់រដ្ឋាភិបាលចិន ក៏នឹងត្រូវពន្លឿនឲ្យឆាប់រួចរាល់តាមការគ្រោងទុកផងដែរ។
កីឡាករកីឡាការិនី និងមន្ត្រីពាក់ព័ន្ធជាច្រើនបានបង្ហាញការអបអរសាទរ បន្ទាប់ពីរដ្ឋាភិបាលសម្រេចតែងតាំង ឲ្យមានរចនាសម្ព័ន្ធសម្រាប់ស៊ីហ្គេម និងបានប្រកាសចំណាយថវិការហូតដល់៤០លានដុល្លារ ដែលកញ្ចប់ថវិកានេះ គឺពិតជាធ្វើឲ្យការរៀបចំស៊ីហ្គេមលើកទី១ នៅកម្ពុជាទទួលបានជោគជ័យ ដូចគ្នានឹងការប្រព្រឹត្តិទៅនៅតាមប្រទេសជាសមាជិកផ្សេងទៀត៕
មតិយោបល់