(ភ្នំពេញ)៖ ស្របពេលដែលរឿងរ៉ាងរកាំរកូសរវាង ម្ចាស់ហាងពេជ្រ ទ្រី ដាណា ជាមួយនឹងស្វាមី កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គមនោះ ក៏មានមតិមួយចំនួនបានលើកឡើងថា ទំនងជាលោកស្រី ទ្រី ដាណា ធ្វើជាសម្តែងថាបែកបាក់ស្វាមី ដើម្បីទទួលការចាប់អារម្មណ៍កាន់តែច្រើនខ្លាំង ក្នុងន័យឲ្យមុខជំនួញរបស់លោកស្រី កាន់តែល្បីថែមទៀត។ ឆ្លើយតបនឹងការលើកឡើងបែបនេះ ស្រាប់តែលោកស្រី ទ្រី ដាណា ចេញមកបកស្រាយថា មិនមែនសម្តែង ដើម្បី Business ទេ ព្រោះរាល់ថ្ងៃមហាសែនរវល់ណាស់ទៅហើយ ជាពិសេសហាងពេជ្រនិងផលិតផលរបស់លោកស្រី ក៏ល្បីរួចរាល់ហើយដែរ។
លោកស្រី ទ្រី ដាណា ទម្លាយកាលពីយប់មិញនេះថា ចង្កៀងផ្ទះណា ភ្លឺផ្ទះអ្នកហ្នឹង លោកស្រី គ្មានពេលទំនេរមកធ្វើរឿងបែបហ្នឹង ហើយរឿងរ៉ាវគ្រួសាររបស់លោកស្រី មានយូរឆ្នាំហើយ មិនមែនទើបមកលេងគ្នាឥឡូវទេ។ លោកស្រីថា លោកស្រី គ្មានពេលឬឱកាសមកហែកហួរគ្រួសារលោកស្រីនោះទេ ដោយលោកស្រី រវល់ខ្លាំងណាស់។ លោកស្រី បន្តថា នៅពេលដែលដល់កទ្រាំលែងបាន ទើបលោកស្រី ដាច់ចិត្តទម្លាយ បញ្ហាក្នុងគ្រួសារបែបនេះ។
តែយ៉ាងណា លោកស្រី បញ្ជាក់ថា របររកស៊ីលក់ដូររបស់លោកស្រី លក់ដាច់កាក់កបណាស់ ជាក់ស្តែង ហាងពេជ្រលោកស្រី លក់បានរាប់សែនដុល្លារ និងគ្រឿងក្រអូប និងអាហារបំប៉នរបស់លោកស្រី លក់បានរាប់ម៉ឺនដុល្លារដូចគ្នា មិនដល់ថ្នាក់លោកស្រី ត្រូវធ្វើរឿងហែកកេរ្តិ៍គ្រួសារខ្លួនប្រាប់គេឯង ដើម្បីតែរឿងជំនួញរកស៊ីនោះទេ។ តែពេលខ្លះ ដើម្បីជម្រះមន្ទិលសង្ស័យរបស់មហាជន និង នៅពេលរងភាពអយុត្តិធម៌លោកស្រី ក៏ត្រូវតែចេញមុខធ្វើការបកស្រាយផងដែរ កុំឱ្យមានការយល់ច្រឡំ។ ក្នុងនោះ លោកស្រី ផ្តាំថា ប្រសិនបើអ្នករស់នៅជាមួយគ្រួសារបានសុខសាន្ត រស់នៅឱ្យបានសុខទៅ កុំមកតេះដៀលលោកស្រីអី។ លោកស្រី ថា សំណុំរឿងប្តីប្រពន្ធលោកស្រី កំពុងតែស្ថិតនៅក្នុងដៃតុលាការនៅឡើយទេ៕
មតិយោបល់