Yakutsk គឺជាទីក្រុងដាច់ស្រយាលមួយនៅភាគខាងលិចតំបន់ Siberia ប្រទេសរុស្ស៊ី ។ ក្រុងមួយនេះដែរ ទទួលបានភាពល្បីល្បាញ ដោយសារតែវាជាក្រុងតែមួយគត់លើពិភពលោក ដែលមានអាកាសធាតុត្រជាក់ខ្លាំងបំផុត ។
រដូវរងានៅក្នុងក្រុង Yakutsk គឺកើតមានពីខែវិច្ឆិកា ដល់ខែមីនា ដែលសីតុណ្ហភាពជាមធ្យមក្នុងខែមករាគឺ -៣៨.៦ អង្សាសេ ។ សម្រាប់សីតុណ្ហភាពដែលចុះត្រជាក់ខ្លាំងបំផុតក្នុងអំឡុងខែកុម្ភៈ ឆ្នាំ ១៨៩១ គឺត្រជាក់ខ្លាំងរហូតដល់ -៦៤.៤ អង្សាសេឯណោះ ។
ក្រុង Yakutsk ដំបូងឡើយក្នុងឆ្នាំ ១៦៣២ គឺជាបន្ទាយទាហានដ៏តូចមួយ ដែលដូចកន្លែងមួយចំនួនទៀតក្នុងតំបន់ Siberia ដែលគេប្រើប្រាស់សម្រាប់ធ្វើជាកន្លែងដាក់អ្នកទោស ។ មកដល់ឆ្នាំ ១៨៨០ វាក៏បានប្រែក្លាយជាក្រុងដ៏ស្រស់ស្អាតមួយ ក្រោយរកឃើញមានរ៉ែមាស និង ប្រភេទរ៉ែជាច្រើនផ្សេងទៀតនៅទីនេះ ។
ទីក្រុងនេះ បច្ចុប្បន្នគឺជាតំបន់ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ។ ជាពិសេសនោះគឺផ្សារលក់ត្រីក្នុងតំបន់ ដែលត្រីគ្រប់ប្រភេទស្រស់ៗ ត្រូវបានដាក់លក់ដង្ហែតាមផ្លូវ ប៉ុន្តែក្នុងសភាពកកដូចត្រីក្លាសេ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំងនោះ ៕





មតិយោបល់