(រុស្ស៉ី)៖ ស្ត្រីម្នាក់ ជាជនជាតិរុស្ស៊ី បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញអ៊ីនធឺណេត ក្រោយពីរូបភាពចំនួនប៉ុន្មានសន្លឹក ត្រូវបានបង្ហោះចែកចាយនូវសកម្មភាព នាងនិងខ្លាឃ្មុំមួយក្បាលនៅលើទូកស្ទូចត្រីជាមួយគ្នា។
នាង Veronika បានរៀបចំការថតរូបនៅបឹងមួយកន្លែង ក្នុងតំបន់ Siberia ជាមួយនឹងខ្លាឃ្មុំចិញ្ចឹមរបស់នាង ដែលនាងបានជួយសង្គ្រោះវាពីសួនសត្វមួយកន្លែង ខណៈខាងសួនសត្វជួបប្រទះនឹងបញ្ហាកាលពី២ឆ្នាំមុន និងសម្រេចចិត្តយកវាមកធ្វើជាសត្វចិញ្ចឹមតែម្ដង។ តាមសម្ដីរបស់អ្នកស្រី បាននិយាយរៀបរាប់ថា «វាចាត់ទុកខ្ញុំដូចជាសមាជិកគ្រួសាររបស់វាអីចឹង ដោយពួកយើងតែងតែចែករំលែកអាហារជានិច្ច។ ហើយវាចូលចិត្តដេកលើដៃរបស់ខ្ញុំ នៅពេលដែលវាមានអារម្មណ៍ភ័យខ្លាច និងពេលខ្លះពួនពីក្រោយផងដែរ។ បន្ថែមពីនេះទៀត វាចូលចិត្តទឹក និងចូលចិត្តទីកន្លែងថ្មីៗ ដែលខ្ញុំនាំទៅ ដូច្នេះការថតរូបនៅបឹង គឺជាភាពរីករាយមួយសម្រាប់វា»។
យ៉ាងណាមិញ ជុំវិញរូបភាពខាងលើទាំងប៉ុន្មាន មានមហាជនមួយចំនួនគិតថាមិនពិតឡើយ ដែលបញ្ចេញមតិដោយលើកឡើងថា អាចជាមនុស្សស្លៀកឈុតខ្លាឃ្មុំ និងមួយចំនួនទៀត ចោទជាសំនួរថា ហេតុអ្វីបានជាមិនព្រមយកវាទៅប្រលែងក្នុងព្រៃដែលជាជម្រករបស់វាវិញផងដែរ៕
ប្រភព៖ Daily Mail
មតិយោបល់