ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមហ៊ុនឡានតាក់ស៊ី ប្រែក្លាយជាក្រុមហ៊ុនដាំបន្លែ

អស់រយៈពេល ២ ឆ្នាំមកហើយ ដែលជំងឺកូវីដ-១៩ បានរាតត្បាតជុំវិញពិភពលោក និង ធ្វើឱ្យស្ថានសេដ្ឋកិច្ចប្រទេសនីមួយៗ ដាំក្បាលចុះក្រោមជាលំដាប់។ តួយ៉ាង ងាកទៅមើលប្រទេសថៃឯណោះវិញ ពេលនេះស្ថានភាពនៃការរាលដាលឆ្លងហាក់ពុំទាន់មានសញ្ញាប្រសើរឡើងវិញនៅឡើយទេ ដែលនាំឱ្យប្រជាពលរដ្ឋថៃជាច្រើនកំពុងតែត្អូញត្អែរពីវិបត្តិសេដ្ឋកិច្ចគ្រួសារ ព្រោះមិនអាចប្រកបមុខរបររកស៊ី ធ្វើការងារបាន។

ជាមួយគ្នានោះ បើយើងក្រឡែកទៅមើលក្រុមហ៊ុនតាក់ស៊ីថៃនៅក្នុងទីក្រុងបាងកកវិញ ពេលនេះឡានជាច្រើនកំពុងតែចតចោល ព្រោះពុំមានមនុស្សធ្វើដំណើរ។ ក្រុមហ៊ុនត្រូវក្ស័យធន បុគ្គលិក និង អ្នករត់តាក់ស៊ីជាច្រើនកំពុងនាំគ្នាត្អូញត្អែរ ព្រោះរដ្ឋាភិបាលពុំអាចរកដំណោះស្រាយបានទាន់ពេលវេលា។

រថយន្តតាក់ស៊ីរាប់ពាន់គ្រឿងត្រូវបានចតទុកចោល ដោយមានរថយន្តខ្លះខូច ព្រោះទុកចោលរយៈពេលយូរ ប៉ះភ្លៀងប៉ះខ្យល់មិនបានប្រើការ។ យ៉ាងណាមិញ ក្នុងនោះក៏មានរឿងគួរឱ្យចាប់អារម្មណ៍ផងដែរ ដោយថៅកែឡានតាក់ស៊ីមួយកន្លែងបានយកដំបូលឡាន និង ឡានដែលចតទុកចោលឱ្យប្រែក្លាយជាសួនបន្លែ ព្រោះទុកចោលយូរគ្មានប្រយោជន៍ ទើបមានគំនិតទាញយកប្រយោជន៍ដោយដាក់ដាំបន្លែបង្ការ ជាការច្នៃប្រឌិតមួយដែលបានប្រយោជន៍ផង និង ចង់បង្ហាញពីភាពលំបាករបស់ពលរដ្ឋថៃដែលកំពុងជួបប្រទះនៅពេលនេះ ដើម្បីឱ្យរដ្ឋាភិបាលជួរកដំណោះស្រាយជូន ។

ជាការពិតណាស់ មានឡានប្រមាណជា ២០០០ គ្រឿង និង រាប់ពាន់គ្រឿងទៀត កំពុងបញ្ឈរជើងចោលឥតប្រយោជន៍ ដែលឡានទាំងអស់នោះស្ទើរតែលែងប្រើការកើតទៀតហើយ៕

មតិយោបល់