នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ តារាៗច្រើនគួរសម ដែលមានទាំងតារាមកពីខាងសមាគមអ្នកនាង ចន ច័ន្ទលក្ខិណា និងគ្រួសារតារាកម្ពុជា បានបង្ហាញមុខចូលរួមជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវ ឆាយ ស៊ីវលីន និងដៃគូសហការ ដើម្បីប្រកាសបើកពិធីប្រណាំងស៊ីក្លូជាទ្រង់ទ្រាយធំមិនធ្លាប់មាននៅកម្ពុជា។ ក្រៅពីចូលរួមបំផុស តារាសិល្បៈទាំងល្បីៗ និងមិនសូវល្បីទាំងនោះ ក៏បានតែងឈុតក្នុងសម័យទសវត្សរ៍ឆ្នាំ៦០ អង្គុយលើក្បួនដង្ហែរស៊ីក្លូ ដើម្បីបំផុសឲ្យមានការយកចិត្តទុកដាក់លើស៊ីក្លូមិនធ្លាប់មានផងដែរ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងបញ្ជាក់ថា ពិធីប្រណាំងស៊ីក្លូ ដែលប្រកាសធ្វើឡើងពីថ្ងៃទី២២ និង២៣ មិថុនានេះ មានការប្រមូលផ្ដុំស៊ីក្លូសរុបចំនួន ១៣៦ស៊ីក្លូ ដោយអ្នកចូលរួមប្រណាំងទាំងអស់សុទ្ធតែទទួលថវិកាលើកទឹកចិត្តក្នុងមួយស៊ីក្លូ ១០ម៉ឺនរៀល ហើយអ្នកលេខ១ បានចំនួន ៤០ម៉ឺនរៀល និងបានតិចៗជាងនេះបន្តិចបន្តួច សម្រាប់អ្នកលេខ២ និងលេខ៣។ លោកជំទាវថា ការរៀបចំនេះ គឺគ្រាន់តែចង់ឲ្យអ្នកទេសចរណ៍ និងអ្នកចង់កម្សាន្តជាមួយទេសភាពក្នុងទីក្រុង ងាកមកប្រើប្រាស់សេវាកម្មស៊ីក្លូឲ្យបានច្រើនឡើងវិញ ដើម្បីកុំឲ្យស៊ីក្លូកាន់តែឯកានៅក្នុងពេលនេះប៉ុណ្ណោះ។ លោកជំទាវបន្តថា ស៊ីក្លូអ្នកនៅភ្នំពេញលែងប្រើសម្រាប់ជាមធ្យោបាយដឹកជញ្ជូន និងធ្វើដំណើរដូចមុនទៀតហើយ ដូច្នេះគឺមានតែរួមគ្នាបំផុសឲ្យក្លាយជាមធ្យោបាយទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលចង់ជិះលេង និងថតរូបទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះ ទើបលោកជំទាវយល់ថា តារាសិល្បៈ និងក្រុមយុវវ័យ គឺល្អបំផុត ដើម្បីជួយឲ្យស៊ីក្លូបន្តដង្ហើម។
អ្នកនាង យុគ ចិន្តា ពិធីការិនី ដែលបានគៀរគរតារាសិល្បៈច្រើននាក់អោយចូលរួមបំផុស រហូតមានការចូលរួមពីសិល្បករសិល្បការនីរបស់គ្រួសារតារាកម្ពុជាមួយចំនួនផង បានអះអាងថា អ្នកនាងនឹងចូលរួមបំផុសស៊ីក្លូនៅគ្រប់សកម្មភាព ដើម្បីរួមចំណែក អោយមានការចាប់អារម្មណ៍កាន់តែខ្លាំងលើស៊ីក្លូនៅកម្ពុជា។ អ្នកនាងក៏នឹងរំលេចកម្មវិធី ដែលអាចធ្វើទៅបាននៅលើកញ្ចក់ទូរទស្សន៍ ដោយបន្តចាប់ដៃជាមួយសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយបង្កើនការចាប់អារម្មណ៍ចំពោះស៊ីក្លូកាន់តែច្រើន។
តារាសិល្បៈដែលបានបង្ហាញខ្លួនគ្រងឈុតទសវត្សរ៍ទី៦០ និងបានជិះស៊ីក្លូដង្ហែជានិមិត្តរូបនៅក្នុងថ្ងៃនោះរួមមាន អ្នកនាង យុគ ចិន្តា អ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា ហង្ស សុជាតា អ្នកនាង សាង សុរិយា កញ្ញា ភីយ៉ា អ្នកនាង យីវ ម៉ូនីកា លោក សឹម សុវណ្ណដូល្លា លោក ឆាលី កញ្ញា កែវ ពេជ្រកុសុម៉ា កញ្ញា ដាវីន និងកញ្ញា វ៉ាន់ លីលីជាដើម៕
មតិយោបល់