ជាមួយគ្នានេះដែរ នាងបានផ្តល់បទសម្ភាសទៅឱ្យកម្មវិធីកម្សន្តល្បីមួយក្នុងប្រទេសថៃ ឈ្មោះថា WOODY SHOW ទាក់ទងជាមួយការបញ្ចេញអាល់ប៊ុមថ្មីនេះយ៉ាងសប្បាយរីករាយ ព្រោះនេះជាលើកទីមួយដែលនាងទទួលបានសម្ភាសជាផ្លូវការ ក្នុងកម្មវិធីជារបស់ប្រទេសកំណើតរបស់ខ្លួន។ ក្នុងការសម្ភាសនេះ នាងបានបង្ហើបឱ្យដឹងពីរឿងរ៉ាវជាច្រើនដែលនាងបានជួបប្រទះ ទម្រាំតែអាចឈរជើងជាកំពូលតារាដូចសព្វថ្ងៃ។
បើតាមការឱ្យដឹងមកថា ដោយសារតែមានដុងសិល្បៈ និង មានចំណង់ចំណូលចិត្តទៅខាង K-POP តាំងពីកុមារភាព ទើបស្រីស្រស់ Lisa ក៏បានសម្រេចចិត្តចាកចេញពីផ្ទះ ព្រមទាំងឪពុកម្តាយជាទីស្រឡាញ់ តាំងពីអាយុ ១៤ ឆ្នាំមកម្ល៉េះ ដើម្បីទៅរត់តាមក្តីស្រមៃចង់ក្លាយជាតារានៅប្រទេសកូរ៉េតែម្នាក់ឯង។
នៅក្នុងការសម្ភាសនេះ នាងបានឱ្យដឹងថា ពេលទៅដល់ដំបូងវាពិតជាមានការពិបាកខ្លាំងណាស់ ទាំងភាសា និង ការប្រើប្រាស់ជីវិត ព្រោះនាងជាក្មេងស្រីតូចមួយ ហើយត្រូវមកសម្របខ្លួនជាមួយនឹងប្រទេសខាងក្រៅ ដោយមិនមានការមើលថែទាំផ្តល់ភាពកក់ក្តៅពីឪពុកម្តាយ។
លើសពីនេះទៅទៀត នាងត្រូវប្រើប្រាស់ជីវិតតែម្នាក់ឯង សម្រេចចិត្តដោយខ្លួនឯងគ្រប់បែបយ៉ាង ហើយនាងគឺជាក្មេងដែលស្និទ្ធជាមួយម្តាយខ្លាំងណាស់ តែបែរមកត្រូវទ្រាំរស់ម្នាក់ឯង ព្រោះតែដើម្បីក្តីស្រមៃរបស់ខ្លួន។ ក្រោយមក ក្នុងរយៈពេលប្រហែលត្រឹមតែ ១ ឆ្នាំ នាងក៏បានចាប់ផ្តើមចេះសម្របខ្លួនទៅនឹងបរិយាកាសនៅទីនោះ អាចបង្កើតមិត្តភាពជាមួយអ្នកនៅជុំវិញខ្លួន រហូតអាចនៅព្យាយាមហ្វឹកហាត់បន្ត ទាល់អាចក្លាយជាសមាជិកមួយរូបប្រចាំក្រុមចម្រៀងល្បី BLACKPINK តែម្តង។
មតិយោបល់