ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតា! ត្រឹម១០ថ្ងៃប៉ុណ្ណោះ បទ «Are You Ok?» មានអ្នកចូលទស្សនាជិត ៤០លានដង

(ភ្នំពេញ)៖ អាចនិយាយបានថា បទ «Are you ok» របស់ផលិតកម្ម Galaxy Navatra បទជាចម្រៀងដំបូងបំបែកកំណត់ត្រាអ្នកមើលច្រើនជាងគេនៅកម្ពុជាក្នុងរយៈពេលខ្លី ព្រោះបទចម្រៀងមួយបទនេះចេញមិនដល់ ១០ ថ្ងៃផង មានអ្នកចូលទស្សនារហូតដល់ទៅជិត៤០លានដង ទៅហើយ។

បទ «Are you ok» ត្រូវបានផលិតកម្ម Galaxy Navatra បង្ហោះលើ Channel YouTube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ បើគិតដល់ថ្ងៃទី ១៤ ខែ វិច្ឆកា នេះបទ «Are you ok» មានអ្នកចូលទស្សនាជាង៣៨លានដងហើយ។

ទទឹមគ្នានោះដែរបន្ទាប់ពីបទ «Are you ok» ចេញផ្សាយភ្លាមគេក៏ឃើញ មានសារព័ត៌មានទាំងជាតិ និងអន្តរជាតិផ្សាយពីបទចម្រៀងនេះជាច្រើន ប្រទេសផងដែរមានដូចជាថៃ ឥណ្ឌា និង ឥណ្ឌូនេស៊ី ជាដើម និងកំពុងល្បីល្បាញនៅប្រទេសទាំងនោះផងដែរ។ មិនតែប៉ុណ្ណោះ បទចម្រៀង «Are you ok» ត្រូវបានក្រុមហ៊ុនចម្រៀងចិន ដ៏ធំមួយឈ្មោះ Gestos ទិញសិទ្ធិផ្ដាច់មុខយកទៅផលិតបន្តទៀត។
ដោយសន្ទុះនៃការគាំទ្រខ្លាំងក្នុងរយៈពេលដ៏ខ្លីបែបនេះ មហាជនបានដាក់ក្ដីរំពឹងថា បទ «Are you ok» ច្បាស់ជានឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា មានអ្នកចូលទស្សនាច្រើនជាងគេនៅក្នុងប្រទេសជាក់ជាមិនខាន៕

គួរបញ្ជាក់ដែរថា បទ «Are you ok» ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាចម្រៀងវ័យក្មេងមួយរូបនៅក្នុងប្រទេសកម្ពុជា និងកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ បទចម្រៀងមួយនេះបានប្រើពេលផលិតជាច្រើនថ្ងៃ ដោយការចំណាយប្រាក់រាប់ម៉ឺនដុល្លារ ព្រមទាំងមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។

មតិយោបល់