ព័ត៌មានជាតិ

អបអរសាទរ ! កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយ ជើងឯកពិភពលោក នៅអេស្ប៉ាញ

CAMSOC-ភ្នំពេញ៖ កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាការិនីថៃ នៅវគ្គផ្តាច់ព្រ័ត្រ នៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ។

មុននឹងឡើងដល់វគ្គផ្តាច់ព្រ័ត្រ ម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ របស់កម្ពុជារូបនេះបានយកឈ្នះកីឡាការិនីកាណាដា នៅវគ្គ១/៤ ក្នុងលទ្ធផល ២៩ទល់២ និងបន្តឈ្នះកីឡាការិនីន័រវេស នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២៥ទល់១៨ ឈានទៅវគ្គផ្តាច់ព្រ័ត្របន្តឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល ៣៧ទល់២៩។ ជ័យជម្នះនេះបានធ្វើឲ្យកីឡាការិនី អ៊ុក ស្រីមុំ ក្លាយជាកីឡាការិនីទី២របស់កម្ពុជាដែលរកបានមេដាយមាសទី៥ជាប់ៗគ្នា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ឈ្នះក្នុងឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ ឆ្នាំ២០១៩ និងឆ្នាំ២០២១។

គួររំលឹកថា កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាសជូនជាតិម្តង ក្នុងឆ្នាំ២០១៧ ជាវិញ្ញាសាឯកត្តជន។
សូមបញ្ជាក់ថា កម្ពុជាបានបញ្ជូនក្រុមកីឡាប៉េតង់ជម្រើសជាតិ ២ក្រុម ទៅចូលរួមព្រឹត្តិការណ៍ពិភព ក្នុងនោះក្រុមកីឡាការិនី ៤រូប បានចេញ ដំណើរទៅចូលរួមការប្រកួតមុន ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា មុនក្រុមបុរស ដែលគ្រោងចេញដំណើរនៅថ្ងៃទី១៦-វិច្ឆិកា ដើម្បីត្រៀមការប្រកួត ពីថ្ងៃទី១៩-១២១ ខែវិច្ឆិកាខាងមុខ។ ចំពោះបេក្ខភាពកីឡាករមាន៤រូបដូចគ្នា រួមមាន អតីតម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៦ សុខ ចាន់មាន ថោង ឈឿន ញ៉ែម បូរ៉ា និងកីឡាករ ស៊ឹង វង់។ បេសកកម្មនេះដឹកនាំដោយឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា៕

 

មតិយោបល់