(ភ្នំពេញ)៖ ប៉ាបវរកញ្ញា» ជាភាពយន្តថ្មីរបស់អ្នកដឹកនាំសម្ដែងល្បីឈ្មោះលោក ប៊ុន ចាន់ទី ដែលកំពុងត្រៀមចាក់ផ្សាយនៅក្នុងកម្មវិធីទស្សនាភាពយន្តសាស្ត្រាហ្វៀម(Sastra Film App)។ គ្រាន់តែបង្ហាញរូបភាព Poster ដំបូងភ្លាមទស្សនិកជនមានចាប់អារម្មណ៍និងភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែនៅក្នុងសាច់រឿងនេះតម្រូវតារាសម្ដែងប្រុសស្រស់សង្ហាលោក ម៉ឺន ឯកសុភារិទ្ធ ស្លៀកពាក់តុបតែងខ្លួនជាមនុស្សស្រី។
ជាមួយនឹងការតុបតែងខ្លួនពាក់សក់ផាត់មុខនេះមនុស្សស្រីរបស់លោក ម៉ឺន ឯកសុភារិទ្ធ បានបង្កើតជាចម្ងល់យ៉ាងខ្លាំងចំពោះអ្នកគាំទ្រ ពិសេសគឺចង់ដឹងចង់ឮពីអារម្មណ៍ពិតរបស់លោក ក្នុងពេលភ្លាមៗប្ដូរពីបុរសសង្ហាមកតុបតែខ្លួនជាមនុស្សស្រីបែបនេះ។ យ៉ាងណាមិញមិនបង្អង់យូរកម្លោះសង្ហា ម៉ឺន ឯកសុភារិទ្ធ បានថ្លែងថា «នេះជាលើកទីមួយហើយដែលលោក ស្លៀកពាក់ជាមនុស្សស្រីក្នុងការសម្ដែងភាពយន្តព្រោះពីមុនមកលោកធ្លាប់តែសម្ដែងជាមនុស្សប្រុសទៅតាមភេទនៃធម្មជាតិតែប៉ុណ្ណោះ»។
លោកបានបន្តរៀបរាប់ទាំងអារម្មណ៍សប្បាយរីករាយនិងអស់សំណើចបែបនេះថា ក្នុងការស្លៀកពាក់ផាត់មុខជាស្រីមិនមែនជារឿងលំបាកខ្លាំងណាស់ណាទេ ប៉ុន្តែអ្វីដែលពិបាកសម្រាប់លោកគឺការពាក់អាវទ្រនាប់មនុស្សស្រីគឺវាពិបាកសម្រាប់លោក ដោយសារតែអាវនោះមានទំហំតូចជាងខ្លួនលោកផង រួមនិងការមិនដែលធ្លាប់ពាក់ផងធ្វើឱ្យលោកមានអារម្មណ៍ស្អុះស្អាប់ត្រូវដោះចេញភ្លាមៗបន្ទាប់សម្ដែងចប់ឆាកណាមួយ។
លោកបានបន្តទៀតថា «សម្រាប់ភាពយន្តថ្មីមួយនេះគឺលោកពេញខ្លាំងតែម្ដង ទាំងសាច់រឿងនិងគ្រប់ឈុតឆាកទាំងមូល។ ហើយអ្វីដែលពិសេសគឺលោកបានទទួលបទពិសោធន៍ថ្មីនិងអនុស្សាវរីយ៍ល្អៗជាច្រើនក្នុងអំឡុងពេលសម្ដែង។ ចុងក្រោយលោក ម៉ឺន ឯកសុភារិទ្ធ បានបញ្ជាក់ថាសាច់រឿងថ្មីនេះមានចំនុចពិសេសជាច្រើនសម្រាប់ចែកជូនបងប្អូនទស្សនិកជន ដូច្នេះហើយចង់ជ្រាបកាន់តែច្បាស់សូមរង់ចាំតាមដានទស្សនាទាំងអស់គ្នា»៕
មតិយោបល់