ភ្នំពេញៈ នៅវេលាម៉ោង០១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាកតាកូម៉ា រេចង្កូតបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន ទីតាំងស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមសេចក្តីរាយការណ៍ពីក្រុមភ្នាក់ងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅដល់ទីតាំងកន្លែងកើតហេតុផ្ទាល់ ហើយបានធ្វើបទសម្ភាសន៍ជាមួយភាគីម្ចាស់ផ្ទះរងគ្រោះឲ្យដឹងដូច្នេះ នៅមុនពេល កើតហេតុ រថយន្តបង្កហេតុនោះ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវចូលទៅបឹងតាម៉ាត ។ លុះពេលធ្វើដំណើមកដល់ត្រង់ចំណុចកើតហេតុ រថយន្តនេះមិនដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែរេចង្កូតបុកផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ម្ចាស់ផ្ទះ ។
ម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា ខណៈពេលដែលគាត់នៅក្នុងផ្ទះសុខៗ ស្រាប់តែលាន់ឮសូរដូចរន្ទះ បណ្តាលឲ្យគាត់មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង លុះពេលចេញមកមើលស្រាប់តែឃើញរថយន្តបង្កហេតុនោះបុករបងផ្ទះរបស់គាត់បាក់រងការខូចខាត ។
រថយន្តបង្កហេតុខាងលើនោះ សង្ស័យទើបតែនឹងទិញថ្មី ។ បន្ទាប់ពីកើតហេតុរថយន្តមានសភាពរងការខូចខាតយ៉ាងដំណំផងដែរ ។ ចំណែកឯស្លាកលេខនោះវិញក៏មិនឃើញនោះដែរ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីខាងម្ចាស់រថយន្តបង្កហេតុ មិនបញ្ជាក់ប្រាប់ ពីមូលហេតុឲ្យក្រុមការងារយើងខ្ញុំដឹងនោះឡើយ ក្នុងរថយន្តមានតែអ្នកបើកបរតែម្នាក់ឯងប៉ុណ្ណោះ ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅធ្វើការពិនិត្យ ទៅតាមនីតិវិធីផ្លូវច្បាប់ ។ ករណីនេះសមត្ថកិច្ចបម្រុងនាំយកតៃកុងបើកបររថយន្តទៅដោះស្រាយបញ្ហានៅខណ្ឌ ប៉ុន្តែភាគីម្ចាស់ផ្ទះរងគ្រោះ ឲ្យម្ចាស់រថយន្តបង្ក ហេតុធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុ ។
ករណីនេះក្រុមការងារសារព័ត៌មានPost News យើងខ្ញុំមិនដឹងច្បាស់ពីដោះស្រាយយ៉ាងណានោះទេ ។ ភាគីខាងម្ចាស់រថយន្តបង្ក ហេតុ បានដើរពិនិត្យមើលផ្ទះពលរដ្ឋដែលរងការខូចខាតនោះ សង្ស័យអាចនឹងធ្វើការដោះស្រាយគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង កើតហេតុ ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គ្មានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។ គឺគ្រាន់តែរងការខូចខាតផ្ទះបងប្អូនប្រជា ពលរដ្ឋនិងរថយន្តបង្កហេតុតែប៉ុណ្ណោះ ៕
មតិយោបល់