ព័ត៌មានសិល្បៈ និងកម្សាន្ត

ផេនខេក អះអាងថាមុនឈានដល់ការឈ្លោះប្រកែកគ្នា នាងក៏ធ្លាប់តាមទាន់ ស្វាមីក្បត់ចិត្ដកំពុងដេកក្នុងបន្ទប់ជាមួយអ្នកទី៣

(ភ្នំពេញ)៖ តារាសម្ដែងមាឌយក្ស ផេនខេក អះអាងថាមុនឈានដល់ការឈ្លោះប្រកែកគ្នា ហើយចែកផ្លូវគ្នាពេលនេះ នាងក៏ធ្លាប់តាមទាន់ និងចាប់បានស្វាមីក្បត់ចិត្ដកំពុងដេកនៅក្នុងបន្ទប់តែមួយជាមួយអ្នកទី៣ដែរ។ ស្ថានភាពពេលនោះ ពិតជាពិបាកទទួលយកណាស់សម្រាប់នាងដែលស្រឡាញ់ស្វាមី ហើយទើបរៀបការ តែបែរជាស្វាមីទៅមានថ្មី។

ផេនខេក បានរៀបរាប់ដោយមានការបញ្ជាក់សម្ដីលើចំណុចខ្លះពីអ្នកនាង គង់ ច័ន្ទស្រីមុំ ដែលកំពុងអង្គុយនិយាយក្នុងLive ជាមួយគ្នាថា ពេលបើកទ្វាឃើញស្វាមីកំពុងគេងនៅជាមួយអ្នកថ្មី ផេនខេក ក៏អួលដើមក ហើយក៏បានជជែកគ្នា។ ពេលនោះស្វាមីនាង ក៏បានជេរម្រាយនាង និងបោកទូរស័ព្ទដៃនៅចំពោះមុខនាង ហើយថែមទាំងឲ្យសន្ដិសុខដេញនាងចេញទៀត។

បើតាមផេនខេក ពេលចាប់បានស្វាមីកំពុងគេងជាមួយអ្នកថ្មីនោះ ស្រាប់តែស្វាមីនាងស្រែកឲ្យនាងចេញពីបន្ទប់ ហើយក៏អះអាងថា មិនដែលស្គាល់រូបនាងដែលជាភរិយារៀបការត្រឹមត្រូវតាមប្រពៃណីនេះឡើយ។ ទោះជាយ៉ាងណា នេះគ្រាប់តែជាការអះអាងពីភាគីម្ខាង គឺផេនខេក ដែលកំពុងឈឺចាប់នឹងរឿងស្វាមីក្បត់ចិត្ដ។ Sabay មិនទាន់អាចទាក់ទងលោក ឆៃ ដែលត្រូវជាស្វាមី ផេនខេក ដើម្បីបកស្រាយលើការចោទប្រកាន់នេះបាននៅឡើយទេ គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះ៕

មតិយោបល់