ព័ត៌មានសិល្បៈ និងកម្សាន្ត

កុល ដាវី បង្ហាញការនឹករលឹកសិល្បៈ នឹងត្រៀមខ្លួនមកសាងស្នាដៃក្នុងពេលឆាប់ៗ ក្រោយសម្រាលកូនរួចរាល់

(ភ្នំពេញ)៖ ថ្វីដ្បិតតែសម្រាលបានកូនស្រីតាមបំណងប្រាថ្នា ប៉ុន្តែតារាសម្តែង កុល ដាវី មិនបានបោះបង់អាជីពសិល្បៈចោលឡើយ ផ្ទុយទៅវិញនាងបានសន្យានឹងវិលមកសាងស្នាដៃឡើងវិញនៅពេលដែលនាងរឹងដៃរឹងជើងជាងនេះ ។ តារាសម្តែងសិចស៊ីរូបនេះបានសម្រាលកូនស្រីតាមបំណងប្រាថ្នារបស់ខ្លួនកាលពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ កន្លងមកនេះ ដោយសុវត្ថិភាពទាំងម្តាយនិងកូន។ នេះគឺជាកាដូដ៏ធំបំផុតសម្រាប់ នាងនិងគ្រួសារ ក្រោយពីរៀបការជាង ៣ ឆ្នាំ ។

ពេលនេះក្តីស្រមៃចង់បានកូលរបស់ កុល ដាវី បានសម្រេចដូចបំណងប្រាថ្នាហើយ នាងនិងគ្រួសារកាន់តែមានសុភមង្គល ចំណែកលោក សុខ រក្សា ដែលជាស្វាមី មិនចង់ឱ្យនាងធ្វើការងារអ្វីក្រៅពី នៅផ្ទះថែទាំសុខភាព និងមើលថែកូនស្រីនោះទេ ។ ទោះជាយ៉ាងនេះក្តីនាងនៅតែអះអាងថា នាងនឹងវិលត្រឡប់មកសិល្បៈវិញក្នុងពេលឆាប់ៗខាងមុខ ពីព្រោះនាងមានការនឹករលឹកអាជីពដែលធ្លាប់បានធ្វើឱ្យខ្លួនល្បីល្បាញបានដូចសព្វថ្ងៃ ។តារាសម្តែង កុល ដាវី បាននបន្ថែមទៀតថា យ៉ាងយូរខែ កក្កដា ខាងមុខនេះ នាងនឹងវិលត្រឡប់មកថតភាពយន្តឡើងវិញហើយ ព្រោះមានផលិតកម្មមួយចំនួនបានទាក់ទងចង់ឱ្យនាងថតរឿងជាបន្ត បន្ទាប់ ចំណែកការងារលក់ដូរតាមអនឡាញ នាងក៏នឹងត្រឡប់ទៅធ្វើដូចដើមក្នុងពេលឆាប់ៗនេះដែរ ។ ទោះបីប្រកាសថានឹងវិលត្រឡប់មកសាងស្នាដៃឡើងវិញ កុល ដាវី នៅតែមិនភ្លេចតួនាទីជា ម្តាយគេ នាងត្រូវមើលថែទាំកូនស្រីដោយផ្ទាល់ដៃ ។

គួររំលឹកផងដែរថា តារាសម្តែង កុល ដាវី បានរៀបការជាមួយលោក សុខ រក្សា កាលពីថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៩ ។ ចាប់តាំងពីរៀបការរួចអ្នកទាំងពីរបានចាប់ដៃគ្នារកស៊ីទាំងយប់ទាំងថ្ងៃដើម្បីគ្រួសារ កាន់តែរីកចំរើន រហូតមានប្រាក់ទិញផ្ទះ រថយន្ត និងបើកអាជីវកម្មជាច្រើនកន្លែង ហើយកាដូដ៏ធំប្រចាំឆ្នាំដែលអ្នកទាំងពីរទន្ទឹងរកចាំជាយូរឆ្នាំមកហើយនោះក៏បានសម្រេចតាមបំណងប្រាថ្នាទៀត ធ្វើឱ្យជីវិតគ្រួសារអ្នកទាំងពីរកាន់តែមានសុភមង្គលខ្លាំងឡើង ៕

មតិយោបល់