(ភ្នំពេញ)៖ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ថ្មីៗនេះ តារាចម្រៀង អេដា និងសង្សាររបស់នាង បានកាន់ដៃគ្នាប្រារព្ធពិធីភ្ជាប់ពាក្យយ៉ាងគគ្រឹកគគ្រេងដោយមានសិល្បករល្បីៗលំដាប់ប្រទេសជាច្រើនចូលរួមសប្បាយមិនសំចៃដៃ។ ស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរឆ្នាំ ពេលនេះ អេដា បានសម្រេចចិត្តបោះជំហាននៃជីវិតគូរបស់ខ្លួនថែមមួយកម្រិតទៀតហើយដោយនាង និងគូដណ្តឹងដែលជាជនជាតិបរទេសឈ្មោះ អេលែន បានក្លាយជាគូដណ្តឹងគ្នាជាផ្លូវការហើយ រង់ចាំតែថ្ងៃមង្គលការប៉ុណ្ណោះ។
ក្រៅពីទទួលបានអនាគតស្វាមីដ៏ល្អហើយ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ នាងថែមទាំងសរសើរសំណាងខ្លួនដែលមានអនាគតឪពុកក្មេកជាចាស់ទុំម្នាក់គួរឱ្យគោរព និងតែងគាំទ្រនាងទៀតផងដែរ។ អេដា បានសរសេររៀបរាប់នៅលើផេកហ្វេសបុករបស់នាងថា អនាគតឪពុកក្មេករូបនេះហើយដែលជាអ្នកគាំទ្រនាងខ្លាំងបំផុតក្នុងការសរសេរបទចម្រៀង និងស្រលាញ់នាងប្រៀបបីដូចកូនបង្កើតដូច្នោះ។
គួរបញ្ជាក់ដែរថា នៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់ អេដា មិនត្រឹមតែសិល្បករដូចគ្នាប៉ុណ្ណោះទេដែលរីករាយជំនួសនាង សូម្បីតែអ្នកគាំទ្រជាច្រើនក៏រំភើបជំនួសតារាស្រីរូបនេះជាខ្លាំងផងដែរ ដោយគ្រប់គ្នាក៏សង្ឃឹមថា នាងនឹងទទួលបានសុភមង្គលពិតប្រាកដក្នុងដំណើរជីវិតគ្រួសារខាងមុខនេះផងដែរ៕
មតិយោបល់