គ្មានអ្នកណាមិនដឹងនោះទេថា ផលិតករ និងតួសម្ដែងក្នុងរឿង«បិសាចគំនូរ»បានផ្ទុះប្រតិកម្មយ៉ាងចាស់ដៃ បន្ទាប់ពីភាពយន្តមួយនេះ គម្រោងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី១ វិច្ឆិកា ទៅហើយ ស្រាប់តែបណ្ដារោងខ្លួនបានកំណត់អោយលើកថ្ងៃ ដោយអះអាងថាគេយកថ្ងៃដើមខែដើម្បីដាក់បញ្ចាំងភាពយន្តខ្នាតធំមួយរបស់ថៃ។ តារាសម្ដែង២រូបបានថ្លែងនូវពាក្យសម្ដីមួយចំនួន ដែលធ្វើអោយអ្នកគាំទ្រស្ដាប់ហើយពិតជាភ្ញាក់ខ្លួន។
លោក ងួន សុបិន្ត តារាសម្ដែងនិយាយថា ក្នុងនាមជាអ្នកគាំទ្រ មិនគួរមកកាន់រោងកុនហើយគាំទ្រភាពយន្តបរទេសនោះទេ ដោយការសម្រុកគ្នាទៅទស្សនាភាពយន្តថៃ ឬប្រទេសផ្សេង ហើយមើលរំលងភាពយន្តជាតិខ្លួនឯង គឺជារឿងដែលហួសហេតុខ្លាំង។ លោកថាភាពយន្តខ្មែរចំណាយត្រឹមតែ៣ទៅ៤ម៉ឺនដុល្លារ ហើយអាចផលិតបានភាពយន្តមួយដែលអាចទទួលយកបានប៉ុណ្ណោះ លោកថាជាការប្រឹងប្រែងរបស់ផលិតករ និងតារាសម្ដែងខ្លាំងណាស់ មិនគួរខ្មែរមានភាពយន្តដើម្បីដាក់បញ្ចាំងជាហូរហែរ បែរជាយកលុយទៅទស្សនាភាពយន្តបរទេស ជាពិសេសថៃ ហើយទុកអោយភាពយន្តជាតិឯងចុះខ្សោយម្ដងបន្តិចៗនោះទេ។
កញ្ញា គៀត សុវណ្ណាឡាង ជាតួអង្គឯកបញ្ជាក់ថា បើខ្មែរមិនគាំទ្រខ្មែរ តើអោយជនបរទេសមកពីប្រទេសណាមកគាំទ្រស្នាដៃរបស់ខ្មែរ ហើយនាងក៏ខកចិត្តណាស់ដែរ ដែលអ្នកគាំទ្រយកភាពយន្តរបស់ខ្មែរ ដែលមានលទ្ធភាពចំណាយដើមទុនត្រឹមតែប៉ុន្មានម៉ឺន ទៅប្រៀបគុណភាពជាមួយភាពយន្តបរទេសដែលចំណាយដល់រង្វង់លានដុល្លារ។ នាងថាផលិតករខ្មែរ មិនអាចទៅចំណាយផលិតរឿងដល់ច្រើនសែនដុល្លារបានទេ ដោយសារអ្នកគាំទ្រខ្មែរនៅតិចនៅឡើយ ដែលទោះជាគាំទ្រភាគច្រើន ក៏ពិបាករួចដើម។
លោក ឌៀប សុវណ្ណដារ៉ា ម្ចាស់ផលិតកម្មរ៉េដភីចឆ័រ បានថ្លែងបញ្ជាក់ថា មុនទទួលបានសិទ្ធិសម្ពោធកាលពីថ្ងៃទី៣០ តុលា លោកមានអារម្មណ៍ខកចិត្តមិនតិចទេ បន្ទាប់ពីបានដឹងថាក្នុងចំណោមម្ចាស់រោងខ្លះ បានស្នើអោយលោកដាក់បញ្ចាំងរឿងលើកថ្ងៃ។ លោកមានអារម្មណ៍សប្បាយចិត្តឡើងវិញ ដែលភាពយន្តរឿង«បិសាចគំនូរ»របស់លោកត្រូវបានបណ្ដារោងកុនឯកភាពគ្នាអោយដាក់បញ្ចាំងព្រមគ្នានៅថ្ងៃទី១ វិច្ឆិកា តាមការគ្រោងទុក ដោយលោកយល់ថាស្ថានការណ៍ដែលបានលេចឡើងចុងក្រោយគឺជាការលើកស្ទួយដល់វិស័យភាពយន្តខ្មែរនោះ។ លោកថាភាពយន្តមួយនេះ លោកថាចំណាយដើមទុនមិនខុសពីរឿងមុនៗនោះទេ តែសម្រាប់សាច់រឿងគឺនិយាយពីគំនូរមានវិញ្ញាណ ហើយក៏បង្កប់នូវឈុតកំប្លុកកំប្លែង និងឈុតភ័យរន្ធត់ភាគច្រើន។
មតិយោបល់