ខេន ដែលជាតារាចម្រៀងមានសំនៀងស្អក ដូចខេមរបស់ផលិតកម្មថោន បានប្រកាសដំណឹងធំមួយ ជាមួយនឹងផលិតកម្ម BKS ដោយត្រូវដាក់ទានសំនៀង ដើម្បីស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា។
ខណៈដែលកុងត្រាផុត និងត្រូវបន្តជាថ្មីជាមួយនឹងផលិតកម្ម BKS នោះ លោក ខេន ដែលជាសមាជិកម្នាក់ក្រុមចចកសមុទ្រ បានសម្រេចចិត្ត ដាក់ទានសំនៀងរបស់ខ្លួន ជាមួយនឹងផលិតកម្ម BKS ដើម្បីស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា។
លោក ខេន បានប្រាប់ Post News ឲ្យដឹងថា លោកបានបន្តកុងត្រាថ្មីជាមួយនឹងផលិតកម្ម BKS រយៈពេល ១ឆ្នាំទៀត បន្ទាប់ពីកុងត្រាចាស់លើកមុនផុតកំណត់នោះ ។ ការវិលវិញ របស់លោក ដោយត្រូវរួមរស់ជាមួយ ផលិតកម្មខាងលើ ក៏ព្រោះតែលោក ចង់បង្កើតកម្មវិធីមួយ ជាមួយនឹងផលិតកម្ម BKS ដោយត្រូវធ្វើតន្ត្រីសប្បុរសធម៌ ស្វែងរកថវិកា ជួយដល់មន្ទីរពេទ្យកុមារ គន្ធបុប្ជា ។
ខេន ថា«នេះជាកម្មវីធីធំដំបូងរបស់ខ្ញុំ ជាមួយនិង BKS ដែលមានលោក ឈុន សុវណ្ណភក្តី ជាអ្នកដឹកនាំ ដើម្បីកៀរករ រកថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ជា» ។
បើទោះបីជាយ៉ាងនេះក្តី លោក ខេន បានបញ្ជាក់ថា សម្រាប់ថ្ងៃប្រគំតន្ត្រីមិនទាន់អាចទម្លាយចេញបាននៅទេ តែមិនផុតពីឆ្នាំនេះឡើយ ដោយរងចាំ ទីកន្លែង និងជ្រើសរើសពេលវេលា សមសួនណាមួយ ដើម្បីបង្កើតកម្មវិធីដ៏កម្ររបស់ខ្លួន ជាមួយ BKS ៕
លីដា
មតិយោបល់