ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌា បង្ហាញទំនាក់ទំនងពីគោលដៅទេសចរណ៍

ភ្នំពេញៈ ខណៈប្រទេសធំៗនៅលើពិភពលោកបានចាប់ដៃជាមួយកម្ពុជា ក្នុងការបង្កើតកញ្ចប់ទស្សនកិច្ចសម្រាប់ទីផ្សារទេសចរណ៍ ឬ បើកចំហរជើង​មេឃទទួលលំហូរទេសចរណ៍គ្នាទៅវិញទៅមកនោះ គេមើលឃើញថាឥណ្ឌានៅពេលនេះ ក៏បានស្ទុះស្ទាបង្កើនទំនាក់ទំនងលើវិស័យនេះជាមួយកម្ពុជាយ៉ាងខ្លាំងក្លាផងដែរ គ្រាដែលទេសចរណ៍របស់ប្រទេសនេះមកកម្ពុជា នៅមានកម្រិតតិចតួច បើគិតពីទំនាក់ទំនងការទួតដ៏យូលង់មកហើយនោះ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍ ឥណ្ឌា India Tourism Road Show កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅនេះលោក ថោង ខុន រដ្ឋមន្រ្តីទេសចរណ៍​បានបង្ហាញ​ពីគោលបំណងចែករំលែកបទពិសោធន៍ និងពត៌មានទាក់ទងនឹងគោលដៅទេសចរណ៍ និងការគ្រប់គ្រងអភិវឌ្ឍវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា-ឥណ្ឌា ព្រមទាំង​បង្កើតឱកាសធុរៈកិច្ចជាមួយគ្នារវាងក្រុមហ៊ុនទេសចរណ៍ នៃប្រទេសទាំងពីរ តាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ចថ្មីៗសម្រាប់ទីផ្សារទេសចរណ៍វប្បធម៌ ព្រះពុទ្ធសាសនា និងព្យាបាលសុខភាព(Medical tourism)ជាដើម។

លោកថោង ខុន លើកឡើងថា«ក្នុងឆ្នាំ២០១៤ ទេសចរណ៍ឥណ្ឌាធ្វើដំណើរចេញក្រៅមានចំនួនប្រមាណ១៨លាននាក់ ក្នុងនោះអាស៊ានទទួលបានទេសចរណ៍ឥណ្ឌា​ប្រមាណ៣លាន២សែននាក់។ ដោយឡែកកម្ពុជាឆ្នាំ២០១៥ទទួលបានទេសចរណ៍ឥណ្ឌាប្រមាណ៣ម៉ឺន៦សែននាក់ ហើយរយៈពេល៦ខែដើមឆ្នាំ២០១៦ ទទួលបានប្រ​មាណជិត៣ម៉ឺននាក់ក្នុងអត្រាកំណើន៣២ភាគរយ»។

តាមរយៈទំនាក់ទងនេះប្រទេសទាំងពីរសង្ឃឹមថា នឹងទទួលបានទេសចរណ៍ពីគ្នាទៅវិញទៅមក កាន់តែច្រើនឡើង ពិសេសជម្រុញការរៀបចំអភិវឌ្ឍផលិតផលថ្មី​ៗដូចជា​ទេសចរណ៍វប្បធម៌ សាសនា ទេសចរណ៍ព្យាបាលសុខភាព ទេសចរណ៍ថតភាពយន្ត ចម្រៀង និងទេសចរណ៍ក្រេបច័ន្ទទឹកឃ្មុំ ព្រមទាំងជំរុញតភ្ជាប់កញ្ចប់​ទស្សនកិច្ចជាមួយ​គ្នា និងជំរុញឲ្យមានការតភ្ជាប់ការហោះហើរត្រង់ឲ្យបានឆាប់ពី ឥណ្ឌាមកកម្ពុជា និង ពីកម្ពុជាទៅឥណ្ឌា ៕

ឥណ្ឌា-កម្ពុជា ឥណ្ឌា-កម្ពុជា ឥណ្ឌា-កម្ពុជា

មតិយោបល់