ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ សុជាតិ កូនស្រីក្នុងផ្ទៃវ័យជាង៦ខែ

ភ្នំពេញៈ ធ្មេចបើកៗពីការតាមដានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ អ្នកនាងគង់ សុជាតិ មានផ្ទៃពោះជាមួយស្វាមីក្មេងលោកជា វិបុល បានជាង៦ខែមក​ហើយ។ លោកជា វិបុល ត្រូវគេកត់សម្គាល់ថាថ្នាក់ថ្នមនិងមើលថាម្ដាយរបស់ទារកជាដំណក់ឈាមរបស់ខ្លួនមិនខុសពីស្វាមីដទៃនោះទេ ដោយលោករមែងប្រើពាក្យអូនៗ​ទៅកាន់ភរិយា បើទោះជាភរិយាមានវ័យជាងបងលោកយ៉ាងណាក្ដី។

នៅមិនយូរទៀតទេកូនស្រីរបស់អ្នកនាងគង់ សុជាតិ នឹងមើលឃើញពន្លឺថ្ងៃ ខណៈដែលអ្នកទាំងពីរមានបំណងចង់ក្លាយជាឪពុកម្ដាយរបស់ក្មេងជា​ដំណក់ឈាមរួមគ្នា​យ៉ាង​ខ្លាំង បន្ទាប់ពីមានក្ដីបារម្ភកើនឡើងថាបើវ័យរបស់អ្នកនាងមិនអាចពពោះឲ្យលោកជា វិបុល បាន គឺពិធីករសម្បូរវោហារស័ព្ទរូបនេះ ពិតជាបែកចិត្តដើម្បីស្វែងរកអ្នកស្នង​ត្រកូលឲ្យខ្លួននៅថ្ងៃណាមួយ។ បើទោះជាលោកជា វិបុល បានអះអាងថាលោកនឹងបន្តរួមរស់ជាមួយអ្នកនាងគង់ សុជាតិ បើទោះជាគ្មានកូនបង្កើតហៅឪក៏សម្ដីទាំងនោះ​រមែងត្រូវគេមិនជឿជាក់។

យ៉ាងណាមិញ ក្រោយមានដំណឹងថាអ្នកនាងគង់ សុជាតិ ពរពោះ អារម្មណ៍ប៉ាន់ស្មានទាំងនោះត្រូវបានរសាត់បាត់ ខណៈដែលលោកជា វិបុល បានយកចិត្តទុកដាក់ចំពោះ​ភរិយាសឹង​នឹងលើសពីបុរសដែលមានភរិយាក្មេងជាងនោះទៅទៀត។ នៅគ្រប់កម្មវិធីនានា មានការអះអាងថាលោកជា វិបុល តែងសម្ដែងនូវការបារម្ភពីភរិយា និងកូន​ក្នុងផ្ទៃ ដោយចប់ការងារគេកម្រឃើញលោកចំណាយពេលទៅណាមកណាតែម្នាក់ឯងណាស់នាប៉ុន្មានខែចុងក្រោយ ហើយបើទោះជាទៅ ក៏រមែងមានការអនុញ្ញាតិ​ពីអ្នក​នាងគង់ សុជាតិជាភរិយា។ លោកជា វិបុល ញញឹមបិទមាត់មិនជិតនោះទេ នៅពេលឮថាកូនស្រីរបស់ខ្លួនជិតឃើញពន្លឺថ្ងៃ ហើយថែមទាំងត្រូវផលិតផលទឹកដោះគោ​មួយ​ប្រភេទ​ជ្រើសរើសជាតំណាងក្រុមហ៊ុន ក្នុងការផ្សព្វផ្សាយផលិតផលតាំងពីកូននោះនៅក្នុងផ្ទៃ រហូតដល់កូនស្រីខ្លួនកើតដល់ច្រើនខែនោះទៅទៀត។

អ្នកនាង គង់ សុជាតិ បានអះអាងថា កូនស្រីរបស់ខ្លួនមិនសូវធ្វើទុក្ខដូចទារកមួយចំនួននោះទេ ទើបអ្នកនាង និងកូនមានសុខភាពល្អ មកទល់នឹងទារកមានវ័យបានជាង​៦ខែនាពេលនេះ។ យ៉ាងណាក៏ដោយអ្នកនាងនៅតែមិនច្បាស់ថានឹងកើតដោយធម្មជាតិ ឬវះកាត់នៅឡើយទេ ដោយអ្នកនាងប្រាប់ថានឹងរង់ចាំមើល​ពេលកូនកាន់តែ​ជិតគ្រប់ខែជាមុនសិន។ ក្រោយការសម្រាលកូន អ្នកនាងយល់ថាខ្លួនឯងទំនងជាមានគ្រួសារគ្រប់គ្រាន់នោះហើយ ដោយសារតែកូនមុន២ប្រុស១ស្រី១ ហើយកូនក្រោយ​គឺជាកូនស្រីម្នាក់ទៀត៕

គង់ សុជាតិ គង់ សុជាតិ គង់ សុជាតិ គង់ សុជាតិ

មតិយោបល់