ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេម និងអង្គការ «ខ្ញុំខ្មែរ» ដើរមើលស្ថានការណ៍នៅអូស្រ្តាលី

ភ្នំពេញៈ ប្រមាណច្រើនថ្ងៃមកហើយដែលតារាចម្រៀងខេម ត្រូវបានប្រធានអង្គការ «ខ្ញុំខ្មែរ» ដែលមានមូលដ្ឋាននៅក្រៅប្រទេស យកទៅលេងប្រទេសអូស្រ្តាលីដោយអះអាងថា ដើម្បីដើរមើលស្ថានការណ៍មុនការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីបែបសប្បុរសធម៌ដែលនឹងធ្វើក្នុងពេលបន្តបន្ទាប់។ តារាចម្រៀងនេះត្រូវគេឃើញមានឱកាសដើរលេងនៅលើទឹកដីអូស្រ្តាលីយ៉ាងហ៊ឹកហ៊ាក់ រហូតដល់មានការសរសើរថា លោកជាតារាមានសំណាងដ្បិតមានសេដ្ឋីជាម្ចាស់អង្គការ និងជាអនិកជនម្នាក់ចំណាយលុយឲ្យដើរកម្សាន្ត បន្ទាប់ពីបញ្ចប់ការដើរលេងនៅប្រទេស២ផ្សេងទៀតមុនទៅដល់អូស្រ្តាលី។

លោក អេថេន ជានិច្ច ប្រធានអង្គការ«ខ្ញុំខ្មែរ»បានអះអាងថា ហេតុផលដែលលោកសម្រេចចិត្តធានាតារាចម្រៀងខេមមកកាន់ប្រទេសអូស្រ្តាលីគឺដើម្បីឲ្យតារាចម្រៀងរូបនេះ បានឃើញពីស្នាក់ការរបស់អង្គការលោកនៅប្រទេសអូស្រ្តាលីផង និងដើម្បីឲ្យខេមបានដឹងពីផែនការជាច្រើនផ្សេងទៀត ដែលគ្រោងនឹងធ្វើជួយខ្មែរដោយអង្គការ«ខ្ញុំខ្មែរ»។ លោកថានាពេលកន្លងមក តារាចម្រៀងខេម បានជួយចេញច្រៀងតាមការស្នើសុំរបស់អង្គការ«ខ្ញុំខ្មែរ»ជាច្រើនលើកច្រើនសារ ដូចជាចេញទៅច្រៀងនៅក្នុងប្រទេសកូរ៉េ និងធ្វើគម្រោងសប្បុរសធម៌រាប់មិនអស់ផ្សេងទៀត ដើម្បីស្វែងរកថវិកាជួយដល់ក្មេងៗ និងទុរគតជនដែលត្រូវការជំនួយនៅក្នុងប្រទេសកម្ពុជា។ អ៊ីចឹងហើយទើបតបស្នងតារាចម្រៀងខេមវិញ ដោយនាំមកលេងដល់ប្រទេសអូស្រ្តាលី មុនពេលដែលលោកនឹងធ្វើគម្រោងអញ្ជើញតារាចម្រៀងរូបនេះឲ្យមកច្រៀងលក់សំបុត្រក្នុងកម្មវិធីសប្បុរសធម៌នាពេលខាងមុខនៅក្នុងប្រទេសអូស្រ្តាលី។

លោកថាអង្គការ«ខ្ញុំខ្មែរ» និងតារាចម្រៀងខេម នឹងមានផែនការធ្វើការជាមួយគ្នាច្រើនទៀត ក្នុងនោះលោកក៏មានបំណងធានាលោកខេម ទៅកាន់សហរដ្ឋអាមេរិកក្នុងពេលមកលេងនៅអូស្រ្តាលីនេះផងដែរ ប៉ុន្តែមកពីការធានាមានភាពស្មុគស្មាញ ទើបខកខានវិញ។ លោកថាអង្គការ«ខ្ញុំខ្មែរ» មានកម្មវិធីប្រគំតន្ត្រីលក់សំបុត្រប្រមូលថវិកានៅគ្រប់ប្រទេសមិនថាកូរ៉េ អាមេរិក និងអូស្រ្តាលីនោះទេ ដោយក្នុងជំហានបន្តតារាចម្រៀងខេមនឹងធ្វើបេសកកម្មទាំងនោះជាមួយអង្គការលោក ដើម្បីជាប្រយោជន៍ដល់អ្នកក្រីក្រនៅកម្ពុជា។ លោក និងតារាចម្រៀងខេម គ្រោងត្រលប់មកវិញប្រមាណជា១សប្ដាហ៍ទៀត ប៉ុន្តែមិនទាន់ច្បាស់នោះទេ ប្រសិនបើការរៀបចំឯកសារ និងគម្រោងផ្សេងៗរបស់អង្គការពាក់ព័ន្ធនឹងការងារសប្បុរសធម៌ផ្សេងៗមិនទាន់រួចរាល់។

លោកថាការធានាយកតារាចម្រៀងខេមលេងប្រទេសអូស្រ្តាលី មិនមែនជារឿងអត់ប្រយោជន៍នោះទេ ព្រោះក្រៅពីអាចឲ្យខេមបានឃើញដោយផ្ទាល់ពីស្នាក់ការ និងផែនការសំខាន់ៗរបស់អង្គការ ក៏ធ្វើឈ្មោះរបស់តារាចម្រៀងខេម ងាយស្រួលធានាមកអូស្រ្តាលីក្នុងពេលលោកយកមកច្រៀងសម្រាប់ការប្រគំុតន្ត្រីសប្បុរសធម៌នោះផងដែរ។ បន្ថែមពីលើមាគ៌ាជួយដល់កុមារកំព្រា និងទុរគតជននៅកម្ពុជាលោកថាអង្គការ«ខ្ញុំខ្មែរ»ក៏នឹងមានគម្រោងជាច្រើនផ្សេងទៀតដើម្បីជួយដល់កូនខ្មែរនៅក្នុងប្រទេសកម្ពុជាផងដែរ ទើបអង្គការរបស់លោកត្រូវការចាប់ដៃជាមួយតារាចម្រៀងខេម ដើម្បីបំពេញកិច្ចការទាំងនោះឲ្យជោគជ័យដើម្បីប្រយោជន៍រួម៕

photo_2016-09-21_22-37-01photo_2016-09-21_22-37-03photo_2016-09-21_22-37-05photo_2016-09-21_22-37-07photo_2016-09-21_22-37-09photo_2016-09-21_22-37-11photo_2016-09-21_22-37-15photo_2016-09-21_22-37-18photo_2016-09-21_22-37-20photo_2016-09-21_22-37-22photo_2016-09-21_22-37-24photo_2016-09-21_22-37-26photo_2016-09-21_22-37-29photo_2016-09-21_22-37-32photo_2016-09-21_22-37-34

មតិយោបល់