មានការចាប់អារម្មណ៍ទៀតហើយ បន្ទាប់ពីមានការទម្លាយថា ឌួង ហ្សូរីដា បានក្លាយជាពិធីការិនីនៅក្នុងកម្មវិធីថ្មីមួយដែលផលិតដោយទូរទស្សន៍ក្នុងស្រុក និងផលិតករថៃ ហើយជាកម្មវិធីដែលតម្រូវអោយថតនៅប្រទេសថៃ និងជាកម្មវិធីដែលមានការចូលរួមដោយតារាថៃល្បីៗ ដើម្បីចាក់ផ្សាយនៅក្នុងប្រទេសកម្ពុជា។
នេះជាកម្មវិធីកូនកាត់(ខ្មែរ-ថៃ) មិនធ្លាប់មានដែលត្រូវបានផលិតឡើងនៅប្រទេសថៃសុទ្ធសាធ ដោយមានការបង្ហើបថាឌួង ហ្សូរីដា ទទួលបានតម្លៃខ្លួនខ្ពស់។
តំណាងមួយរូបរបស់ស្ថានីយទូរទស្សន៍ PNN បានអះអាងថា ឌួង ហ្សូរីដា ពិតជាត្រូវបានផលិតករថៃរបស់ស្ថានីយទូរទស្សន៍មួយនេះកុងត្រាអោយធ្វើកម្មវិធីថ្មីមួយ ដែលជាកម្មវិធីតម្រូវអោយថតនៅថៃ និងជាកម្មវិធីដែលត្រូវចេញមុខជាមួយនឹងតារាថៃប្រាកដមែន។
កម្មវិធីដែលនាងទទួលឱកាសនោះ គឺមានឈ្មោះថាកម្មវិធី«រសជាតិប្រចាំផ្ទះបាយ Teapot» ដែលគ្រោងចាក់ផ្សាយនៅថ្ងៃសៅរ៍ទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ នៅវេលាម៉ោង៧:០០យប់ខាងមុខរយៈពេលកន្លះម៉ោង។ តំណាងផលិតករថៃដដែលបានអះអាងថាឌួង ហ្សូរីដា នឹងជ្រើសអោយកាន់កម្មវិធីនេះក្នុងរយៈពេលយូរ ដោយនាងត្រូវធ្វើដំណើរទៅកាន់ប្រទេសថៃថតកម្មវិធីក្នុងពេលបន្តបន្ទាប់ ដើម្បីអោយស្ថានីយទូរទស្សន៍ PNN មានកម្មវិធីដំណើររៀងរាល់សប្ដាហ៍។
កម្មវិធីនេះមានប្រកាសថាជាការសហការរវាងផលិតកកររបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន និងក្រុមកាងារមួយក្រុមរបស់ប្រទេសថៃ ទើបមានការកត់សម្គាល់យ៉ាងខ្លាំងថាឌួង ហ្សូរីដា គឺជាតារាស្រីឡើងកាលីប ដែលក្រៅពីកាន់កម្មវិធីធំៗក្នុងស្រុក ក៏បានទទួលឱកាសក្លាយជាពិធីការិនីដែលបានចាប់ដៃគូជាមួយតារាថៃ និងជាកម្មវិធី ថតក្រៅស្រុកយ៉ាងឡូយខុសប្លែកពីកម្មវិធីដែលនាងធ្លាប់កាន់។
កម្មវិធី«រសជាតិប្រចាំផ្ទះបាយ Teapot» ត្រូវបានប្រកាសថាជាកម្មវិធីមុខម្ហូបដែលតម្រូវឲ្យសិល្បករ និងសិល្បការិនីល្បីៗរបស់ថៃចូលខ្លួនធ្វើជាតារាកិត្តិយស និងបង្អួតមុខម្ហូបតាមជំនាញរៀងខ្លួន។
ឌួង ហ្សូរីដា ត្រូវគេអោយចាប់គូជាមួយលោក Kai Varayuth ដែលនៅប្រទេសថៃលោកគឺជាផលិតករផង និងជាពិធីករផងមានឈ្មោះបោះសំឡេង។ អ៊ីចឹងហើយ ទើបគេមើលឃើញថាពិធីការិនីរូបនេះរបស់កម្ពុជាពិតជាទទួលបានឱកាសលេចធ្លោគួរអោយសរសើរ ខណៈដែលនាងមិនចេះភាសាថៃស្ទាត់ដូចថន លក្ខិណា និងកញ្ញាជីមី ផង ប៉ុន្តែបានកាន់កម្មវិធីក្នុងរយៈពេលយូរជាមួយតារាថៃ និងផលិតករថៃ។
តំណាង PNN បានអះអាងថា ទេពកោសល្យ និងប្រជាប្រិយភាពរបស់នាងគឺកត្តារុញអោយនាងទទួលបានតំណែងនេះ។ យ៉ាងណាមិញ មិនមានការទម្លាយអោយច្បាស់ពីតម្លៃខ្លួនរបស់នាងនោះទេ ក្រៅពីមានការបង្ហើបថាឌួង ហ្សូរីដាទទួលបានតម្លៃខ្លួនមិនចាញ់តារាថៃបូករួមសំបុត្រយន្តហោះ និងថ្លៃស្នាក់នៅក្នុងប្រទេសថៃផង។
ផលិតករPNN បន្តថាក្នុងសប្ដាហ៍ទី១ដែលនឹងផ្សាយនៅថ្ងៃទី៥ វិច្ឆិកាខាងមុខ ឌួង ហ្សូរីដា នឹងបង្ហាញមុខជាមួយតារាថៃល្បីឈ្មោះគឺកញ្ញា Joy Riranee ជាមួយនឹងមុខម្ហូបដ៏ពិសេស ហើយក្នុងសប្ដាហ៍ក្រោយនឹងមានតារាប្រុសៗច្រើនទៀតបង្ហាញខ្លួន ដោយកម្មវិធីរបស់នាងគឺទៅមួយជើងត្រូវច្រើនទុកច្រើន Show៕
មតិយោបល់