ក្នុងប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ថាតារាចម្រៀងអតីតបេក្ខនារី Cambodian Idol ជំនាន់ទី១នាងសុវត្ថិឌី ធារិកា មមាញឹកយ៉ាងខ្លាំងក្នុងការតុបតែងហាង ដើម្បីដំណើរការអាហារដ្ឋានរបស់ខ្លួននៅថ្ងៃទី១១ ខែតុលាខាងមុខ។ នេះជាជំនួញផ្ទាល់ខ្លួនរបស់នាង ដោយក្នុងអាហារដ្ឋានទាំងមូលក៏មានលក់ម្ជូរមួយប្រភេទដែលដាក់ឈ្មោះនាងធ្វើជាយីហោផងដែរ។
សុវត្ថិឌី ធារិកា បានថ្លែងពាក់ព័ន្ធនឹងមុខជំនួញដំបូងរបស់ខ្លួននេះថា ដើមទុនគឺជាថវិកាដែលនាងប្រឹងរក បន្ទាប់ពីបានបោះជំហានចូលសិល្បៈប្រមាណជាមួយឆ្នាំចុងក្រោយ។ នាងថាថវិកាមិនដល់ថ្នាក់ច្រើនម៉ឺនដុល្លារនោះទេ តែក៏មិនតិចនោះដែរ ដោយសារតែហាងនាងដែលកំពុងរៀបចំនេះត្រូវទិញឥវ៉ាន់ចូលថ្មីទាំងស្រុង និងត្រូវការដេគ័រច្រើនគួរសមអោយមានភាពទាក់ទាញ។ នាងថាហាងថ្មីរបស់ខ្លួនជាប្រភេទអាហារដ្ឋានដូចជាលក់អាហារកុម្ម៉ង់ និងនំបញ្ចុកផាកឡូវពោះគោ។ ក្នុងនោះនាងក៏លក់ម្ជូរដែលមានយីហោថា«ម្ជូរនាងតូចសុវត្ថិឌី ធារិកា»ដែលត្រូវគេកត់សម្គាល់មានការពេញនិយមនោះផងដែរ។
មកទល់ពេលនេះ ការរៀបរយហាងរបស់នាងកាន់តែជិតរួចរាល់ ដោយនៅតែដំឡើងផ្លាកយីហោប៉ុណ្ណោះ អ៊ីចឹងហើយទើបនាងត្រូវចំណាយពេលច្រើនក្នុងមុខជំនួញដំបូងនោះ បើទោះជាមានការមមាញឹកនឹងការសិក្សាដើមឆ្នាំសម្រាប់មហាវិទ្យាល័យ។ នាងរំពឹងថាអាហារដ្ឋានរបស់ខ្លួនទទួលបានជោគជ័យ ដោយសារតែការលក់ដូរអាហារកុម្ម៉ង់សម្រាប់អាហារថ្ងៃត្រង់ និងលក់នំបញ្ចុកផាកឡូវពោះគោ នាងថាជាមុខជំនួញដែលមិនពិបាករកម៉ូយ និងមិនភ័យរឿងក្ស័យធន។
សុវត្ថិឌី ធារីកា ប្រកាសថាហាងដំបូងរបស់នាងស្ថិតនៅលើផ្លូវ៤៨៨ ម្ដុំផ្សារដើមថ្កូវ (លើផ្លូវរង្វង់មូលផ្សារដើមថ្កូវទៅបឹងត្របែក) និងជាទីប្រជុំជនធំមួយ ទើបនាងសម្រេចចិត្តបោះទុនបើកជំនួញអាហារដ្ឋាន និងលក់ម្ជូរនោះ។
នាងថានេះជាជំនួញផ្ទាល់ខ្លួន ប៉ុន្តែក៏បានទទួលការជ្រោមជ្រែងស្ទើរទាំងស្រុងពីក្រុមគ្រួសារ និងបងប្អូនផងដែរជាពិសេសគឺរូបមន្តធ្វើម្ជូរនាងតូច និងមុខម្ហូបដែលជាអាហារពិសេសប្រចាំហាងក្រោយពេលដំណើរការ។ ជាមួយនឹងការបើកជំនួញនេះ គេកត់សម្គាល់ថាក្នុងចំណោមបេក្ខភាពរបស់កម្មវិធី Cambodian Idol វគ្គ១ គឺនាងរឹងមាំជាងគេ ដោយសារតែនាងទើបតែល្បីបានមួយឆាវ តែមានលទ្ធភាពបើកហាងអាហារដ្ឋាន និងលក់ម្ជូរពិសេសផ្ទាល់ខ្លួន ដោយអះអាងថាមិនមែនជាលុយដែលមានកំណាន់ចិត្តណាម្នាក់ជះអោយ៕
មតិយោបល់