ព័ត៌មានសិល្បៈ និងកម្សាន្ត

ចុម! ស៊ឹម សុរ៉ាមភូមិ បានតំណែងមេ២តែម្ដងក្នុងពេលតែមួយ

កន្លងមកគេដឹងត្រឹមថា លោកស៊ឹម សុរ៉ាមភូមិ គ្រាន់តែជាតារាសម្ដែង និងជាតារាចម្រៀងប៉ុណ្ណោះ។ ដូច្នេះហើយទើបម្នាក់ៗភ្ញាក់ផ្អើលក្នុងពេលដែលលោកស្រាប់តែបានតំណែងមេនៅក្នុងពិធីក្រុងពាលីរឿង”រថយន្តទៅសៀមរាប” កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា នៅផលិតកម្មចក្រវាឡ។

លោកស៊ឹម សុរ៉ាមភូមិ និយាយថាក្រោយការសម្ងំហាត់រៀនជំនាញនិពន្ធរឿង និងផលិតខ្សែភាពយន្តជាមួយផលិតករខ្មែរ និងបរទេស អស់រយៈយ៉ាងយូរ នៅក្នុងពេលនេះលោកបានសម្រេចគោលដៅហើយ ដោយបានតំណែង២ក្នុងពេលតែមួយតែម្ដងនៅក្នុងផលិតកម្មចក្រវាឡ ដោយទទួលតួនាទីជាអ្នកដឹកនាំរឿងផង និងជាអ្នកនិពន្ធរឿងផង។ ជាមួយនឹងតំណែងដែលអ្នកណាក៏ចង់បាននៅក្នុងវិស័យសិល្បៈនេះហើយ ទើបធ្វើឲ្យតារារូបនេះត្រូវគេលាន់មាត់សរសើរ។ លោកអះអាងថាភាពយន្តខ្នាតធំរឿង”រថយន្តទៅសៀមរាប” ជាស្នាដៃនិពន្ធសាច់រឿងដោយផ្ទាល់របស់លោកដោយក្នុងរឿងនេះលោកក៏នឹងដឹកនាំការផលិតដោយផ្ទាល់ជាលើកទី១ផងដែរ។ ដ្បិតថាមិនមានបទពិសោធ តែលោកបង្ហាញពីទំនុកចិត្តរបស់ខ្លួនយ៉ាងខ្លាំងថាកិច្ចការបើកឆាករបស់ខ្លួនទទួលជោគជ័យ ដោយសារតែលោកបានទទួលការបង្វឹកគ្រប់គ្រាន់ពីក្រុមផលិតករបរទេស និងក្រុមអ្នកជំនាញខ្មែរ។ លោកបានបង្ហាញពីការដំឡើងសាច់ដុំប្រកួតប្រជែង ដោយអះអាងភាពយន្តដែលគ្រោងដាក់បញ្ចាំងជាសាធារណៈនៅក្រោយរដូវភ្ជុំខាងមុខនេះ ក៏នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តការណ៍មហោស្រពភាពយន្ដថ្នាក់ជាតិនាពេលខាងមុខផងដែរ។ លោកថាខ្លួននឹងបញ្ចេញស្នាដៃច្រើនទៀត ក្នុងការផលិតភាពយន្ត ដើម្បីបង្ហាញថាតារាសម្ដែងក៏អាចជោគជ័យនៅក្នុងវិស័យនេះបានដែរ ឲ្យតែបានទទួលការសិក្សាច្បាស់លាស់។ យ៉ាងណាមិញ លោកមិនទាន់មានគម្រោងចំណាយទុនបើកផលិតកម្មផ្ទាល់ខ្លួននោះទេ ដោយសារសម្អាងថាផលិតកម្មចក្រវាទ្ប គឺជាដៃគូដែលកក់ក្ដៅហើយ៕

មតិយោបល់