ពោធិ៍សាត់ៈ នាសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន សមាជិកអតីតយុទ្ធជនកម្ពុជា ក្រុងពោធិ៍សាត់សរុប ៥៣៥នាក់។
ពិធីជួបសំណេះសំណាលនេះ បានធ្វើឡើងនៅបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្ត ស្ថិតក្នុងភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការភូមិភាគ៥, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តពោធិ៍សាត់ នាយទាហាន នាយទាហានរង សមាជិកសមាគម អតីតយុទ្ធជនជាច្រើននាក់ផងដែរ។
គួរបញ្ជាក់ថា ក្រុងពោធិ៍សាត់ មានសមាជិកអតីតយុទ្ធជនសរុប ៩៤៨នាក់ ក្នុងនោះយុទ្ធជនពិការមានចំនួន ២៣១នាក់ យោធិនចូលនិវត្តន៍ ២៧៦នាក់ យោធិនបាត់បង់សមត្ថភាព ១៨នាក់ យោធិនពលី ៣៦៤នាក់ និងយោធិនមរណៈ ៥៩នាក់។ អំណោយដែលត្រូវចែកជូនដល់សមាជិកអតីតយុទ្ធជន ក្រុងពោធិ៍សាត់ ដែលបានចូលរួមទាំង ៥៣៥នាក់ ក្នុងម្នាក់ៗទទួលបានសារុងម្នាក់១ និងថវិកា ៤ម៉ឺនរៀល ដែលទាំងអស់ជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕
មតិយោបល់