ភ្នំពេញ: ក្រោយពីលោក ប៉ែន ចំរ៉ុង សម្រេចចិត្តបឹ្តងលែងភរិយា អេតាស៊ីវិល គឺនាងភិន សុដាលីស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងបន្ទាប់ពីភិន សុដាលីស បានបង្ហោះសារខូចចិត្តថា នាងកំពុងស្ថិតក្នុងស្ថានភាពបាក់ទឹកចិត្តធ្ងន់ធ្ងរ គឺមានមតិជាច្រើនយល់ថា នាងនឹងអាចគិតខ្លី ដើម្បីគេចចេញពីភាពអាម៉ាស់។ យ៉ាងណាក៏ដោយលោកអ៉ិន ជាឪពុកបានអះអាងថាកូនស្រីរបស់ខ្លួន នឹងមិនធ្វើនូវរឿងមិនល្អដូចអ្វីដែលបានភ័យបារម្ភឡើយ ដោយសារតែនាងគឺជាក្មេងស្រីរឹងមាំ។
លោកបានបញ្ជាក់ជំនួសកូនស្រីថា ភិន សុដាលីស គឺជានារីចិត្តរឹង ហើយបើទោះជានាងត្រូវបានស្វាមី ក្រោមស្លាកអេតាស៊ីវិល គឺលោកប៉ែន ចំរ៉ុង សម្រេចប្ដឹងលែងដោយមិនអាល័យកូនក្នុងផ្ទៃជាង៣ខែ ក្នុងពេលដែលនាងក៏មិនចូលផ្ទះព្រោះតែខ្មាសទង្វើខ្លួនឯងនោះក៏ដោយ ក៏នាងមិនស្ថិតក្នុងជំពូកនារីដែលងាយនឹងជ្រើសយកស្ថានភាពបញ្ចប់ជីវិតខ្លួនឯង ដើម្បីគេចចេញពីបញ្ហានោះឡើយ។
លោកនិយាយថា «ខ្ញុំស្គាល់ចរឹកកូនខ្ញុំ ត្បិតថាវាឥឡូវវាពិបាកចិត្តចង់ឆ្កួតចឹងមែន ប៉ុន្តែបើរឿងសម្លាប់ខ្លួនអាដាលីសវាអត់ធ្វើទេ ព្រោះកូនហ្នឹងវាធំធាត់ ក្នុងបរិយាកាសស៊ីវិល័យ ចឹងអារឿងគេចចេញពីបញ្ហាដោយការសម្លាប់ខ្លួនអីហ្នឹង ខ្ញុំធានាថាអត់ម្មង យ៉ាងច្រើនវាពិបាកចិត្ត និងចង់នៅតែឯងតែចឹង!»។
លោកថាមកទល់ពេលនេះ កូនស្រីរបស់ខ្លួនមិនព្រមជួបខ្លួន និងទទួលយកការជ្រោមជ្រែងពីសំណាក់ភរិយារបស់លោក និងម្ដាយរបស់លោកនោះឡើយ បើទោះជាលោកបានជំរុញឲ្យទៅលើកទឹកចិត្តដល់ផ្ទះជួល និងហៅឲ្យចូលផ្ទះវិញ។
លោកនិយាយថា «ដាលីសវាអត់ហ៊ានជួបខ្ញុំ ឬនិយាយជាមួយខ្ញុំទេ ខ្ញុំខលក៏មិនលើកដែរ សូម្បីតែប្រពន្ធខ្ញុំ ម្ដាយខ្ញុំទៅអង្វរឲ្យវាចូលផ្ទះក៏វាមិនចូលដែរ គឺស្អីក៏វាមិនឆ្លើយ!»។
លោកនៅតែមានជំនឿថានាង ភិន សុដាលីស មិនឈានដល់គិតខ្លីដូចអ្វីដែលមានមហាជនមានការបារម្ភនោះទេ បើទោះជាស្ថានភាពដែលនាងជួបប្រទះ គឺជាអ្វីដែលនារីភាគច្រើនពិបាកប្រឈម។
គួរបញ្ជាក់ថាមកទល់ពេលនេះ បណ្ដឹងសុំលែងរបស់ ប៉ែន ចំរ៉ុង ប្ដឹងលែងលះជាមួយ ភិន សុដាលីស បានធ្លាក់ដល់ដៃតុលាការហើយ ដោយលោក ពេជ្រ វិជ្ជាធរ កំពុងចាត់ការរឿងនេះ ដោយគ្រោងកោះហៅភាគីដើមបណ្ដឹង និងចុងបណ្ដឹងមកសាកសួរឆាប់ៗ៕
មតិយោបល់