កាលពីយប់ថ្ងៃទី១៨ វិច្ឆិកា អតីតតារាចម្រៀងល្បីឈ្មោះលោកមូន ម៉ារ៉ា ដែលគេស្គាល់ច្រើនតាមរយៈបទ«អូនទៅភ្នំពេញ»បានប្រារព្ធពិធីខួបគម្រប់មួយឆ្នាំឲ្យកូនប្រុស ក៏ដូចជាដើម្បី បង្ហាញមុខភរិយាយ៉ាងគគ្រឹកគគ្រេងនៅភោជនីយដ្ឋានធំមួយនៅម្ដុំបឹងត្របែក។
លោកថាពិធីដែលបានធ្វើនោះ ក្រៅពីដើម្បីជួបជុំតារាសិល្បៈ និងមិត្តភ័ក្រ្ត ក៏ដើម្បីបើកមុខសិល្បៈរបស់លោកក្រោយពេលបាត់មុខផងដែរ ដោយលោកប្រកាសថានឹងត្រៀមចេញបទផ្ទាល់ខ្លួនក្នុងពេលឆាប់ៗ។
លោកបានបញ្ជាក់ថាកូនប្រុសរបស់លោកដែលលោក និងភរិយាសម្រេចចិត្តធ្វើខួបឲ្យនោះ មានឈ្មោះថា ម៉ារ៉ា ថនណាដូ ហៅ Fly និងមានអាយុគម្រប់១ឆ្នាំគត់។ លោកថាខ្លួនបានរៀបការជាមួយនឹងភរិយាឈ្មោះ អេង អ៊ីតា ប្រមាណជាង១ឆ្នាំមកហើយ ដោយចាត់ទុកថាចំណងដៃក្នុងជីវិតស្នេហានេះ គឺវត្តមានកូនប្រុសដែលលោក និងភរិយា ចំណាយប្រាក់ធ្វើខួបកំណើតឲ្យ។ ពិធីនោះគេឃើញមានភ្ញៀវជាតារាសិល្បៈ និងជាមិត្តភ័ក្ត្រជិតស្និទ្ធប្រមាណ១៨០នាក់ ដោយលោកបញ្ជាក់ថាបើទោះជាមានរំខានដោយភ្លៀង តែមិនមានភ្ញៀវណាម្នាក់ចោលកម្មវិធីរបស់លោកឡើយ។ លោកនិយាយថា«សរុបភ្ញៀវគឺ១៨០នាក់ ប៉ុន្តែអាចមកលើសហ្នឹង ហើយអ្វីដែលពួកខ្ញុំធ្វើនឹងគឺចង់សប្បាយចិត្ត និងចង់ឲ្យបងប្អូនបានស្គាល់ភរិយាខ្ញុំ និងកូនខ្ញុំផង!»។
លោកថាខ្លួននៅតែជាតារាសិល្បៈ ដោយក្នុងពេលបាត់មុខ គឺលោកបានបើកក្រុមហ៊ុនផ្ទាល់ខ្លួនផលិតចម្រៀង ស្ពត និងឈុតខ្លីៗប្រមាណជាជាងមួយឆ្នាំមកហើយ។ លោកគ្រោងចេញបទចម្រៀងផ្ទាល់ខ្លួន ដែលជាប្រភេទបទនិពន្ធថ្មី និងមិនចម្លងក្នុងពេលខាងមុខ ដើម្បីអង្រួនទីផ្សារសិល្បៈផង និងដើម្បីកុំឲ្យមហាជនភ្លេចរូបលោកផងនៅក្នុងវិស័យសិល្បៈ។ យ៉ាងណាមិញ លោកថាខ្លួនមិនមានបំណងវាយលុកទីផ្សារចម្រៀងសស្រាក់សស្រាំដូចពេលអតីតកាលនោះទេ ដោយសារតែលោកក៏មានការងារជាអ្នកផលិតស្ពត និងផលិតកម្មវិធីប្រចាំក្រុមហ៊ុន ដែលមិនមានពេលគ្រប់គ្រាន់សម្រាប់ពង្រីកអាជីពច្រៀងរាំឲ្យពេញទំហឹងនោះផង។ ការប្រកាសរបស់លោក ត្រូវគេមើលឃើញថានឹងជួយឲ្យ លោកមូន ម៉ារ៉ា ទទួលបានការចាប់អារម្មណ៍ជាមួយនឹងការបង្ហាញមុខជាថ្មីរបស់លោកលើឆាកតន្ត្រី បន្ទាប់ពីបង្អួតសុភមង្គលគ្រួសារក្នុងពិធីខួបកំណើតកូនប្រុស ហើយថែមទាំងប្រកាសចេញបទចម្រៀងOriginal Song ទៀតនោះ៕
មតិយោបល់