ព័ត៌មានសិល្បៈ និងកម្សាន្ត

ដួង ម៉ានិច បំបុកខ្លាំង មុនដាច់ឆ្នាំ

មានការកត់សម្គាល់យ៉ាងខ្លាំង បន្ទាប់ពីរឿងដែលសម្ដែងដោយតារាស្រីនាង ដួង ម៉ានិច ត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ព្រមគ្នា ខណៈដែល Original Song របស់នាងជាលើកដំបូងក៏ចេញបំបុកទីផ្សារនៅប៉ុន្មានថ្ងៃនេះ។ នាងរំពឹងយ៉ាងខ្លាំងថាយុទ្ធសាស្រ្តដែលខ្លួនបានប្រើ នឹងជួយឲ្យទីផ្សារមានសន្ទុះជាពិសេសនៅពេលដើមឆ្នាំ២០១៧ កាន់តែមានការប្រកួតប្រជែងជាតារាសិល្បៈផ្សេងទៀត។

យ៉ាងហោច២រឿងរបស់នាង ដែលដំណើរការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍បាន ជួយឲ្យតារាស្រីរូបនេះទទួលការចាប់អារម្មណ៍ខ្ពស់។ រឿង«ផ្កា៤ទង»ដែលខាងផលិតករឲ្យនាងសម្ដែងជាតួអង្គញៀនថ្នាំ និងដណ្ដើមប្ដីគេក៏ជារឿងដែលជួយឲ្យនាងលេចធ្លោមួយកម្រិត ខណៈដែលខ្សែរឿងនេះតាំងពីបានចាក់ផ្សាយនៅ CTN ក៏មានអ្នកសរសើរនាងច្រើន។

យ៉ាងណាមិញ ក្រោយការចាក់ផ្សាយរឿង«ហង្សបាក់ស្លាប» ដែលនាបានសម្ដែងជាតួឯកនៅប៉ុស្ដិ៍លេខ៥ គេកត់សម្គាល់ថាខ្សែរឿងមួយនេះកាន់តែជួយឲ្យនាងលេចធ្លោតែម្ដង ព្រមជាមួយនឹងឱកាសដែលនាងត្រូវបានជ្រើសរើសជាតួអង្គនាងនី ក្នុងរឿងភាគ«ចៅពស់កេងកង»នាពេលថ្មីដែលត្រៀមថតដោយទូរទស្សន៍អប្សរា។ មកទល់ពេលនេះខ្សែរឿង«ហង្សបាក់ស្លាប»ត្រូវគេឮមហាជននិយាយពីនាងច្រើន ដោយសារតែនាងសម្ដែងបានល្អក្នុងរឿងមួយនេះ ហើយនេះក៏ជារឿងភាគដែលនាងបានសម្ដែងជាមួយផលិតករថៃខុសពីស្នាដៃមុនៗ។ រឿងនេះត្រូវបានបញ្ជាក់ថាមានចំនួន៣២ភាគ តែគ្រោងចាក់ផ្សាយតែ១៦ថ្ងៃប៉ុណ្ណោះ ដោយខាងសាមីខ្លួនបានអះអាងថាតាំងពីរឿងមួយនេះដាក់បញ្ចាំងនៅពាក់កណ្ដាលខែធ្នូ គឺមហាជនស្គាល់រឿងនេះច្រើន។

ដួង ម៉ានិច បានអះអាងថា រឿង«ហង្សបាក់ស្លាប»ជារឿងទី១ដែលនាងបានថតឲ្យប៉ុស្ដិលេខ៥ហើយជាការដឹកនាំដោយក្រុមផលិតករមកពីប្រទេសថៃ។ អ៊ីចឹងហើយទើបនាងយល់ថារឿងនេះគ្រាន់តែចាក់ផ្សាយភ្លាម ក៏ផ្ទុះឡើងតែម្ដងធ្វើឲ្យនាងមានកម្លាំងចិត្ត។ ជាមួយនឹងការគាំទ្រក្នុងរឿងនេះហើយ ដែលនាងសម្រេចចិត្តបញ្ចេញ Original Song មួយទៀតក្រោមចំណងជើងថា «នឹកអូន»នៅផលិតកម្មBN ជាមួយតារាចម្រៀងអាជីពម្នាក់ ដែលជួយនាងត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ នាងចាត់ទុកថាភាពយន្តភាគរឿង«ហង្សបាក់ស្លាប» និងបទ«នឹកអូន»ដែលនាងរួមច្រៀងក្នុងផលិតកម្មBN បង្ហាញទឹកដមសំឡេងរ៉េប និងច្រៀងជាលើកដំបូងជាការរំលេចស្នាដៃវាយបំបែកទីផ្សារសម្រាប់ឆ្នាំ២០១៧ខាងមុខ។

ក្នុងចំណោមស្នាដៃសិល្បៈទាំងអស់ នាងអះអាងថាស្នាដៃទាំងពីរហុចផលឲ្យនាងលឿនដូចផ្លេកបន្ទោរខុសពីស្នាដៃសិល្បៈរបស់នាងផ្សេងទៀត។ នាងនិយាយថា«រឿងហង្សបាក់ស្លាប! តាំងពីផ្សាយគេស្គាល់ខ្ញុំច្រើនមែនទែន ហើយបទ«នឹកអូន»ហ្នឹងខ្ញុំទើបតែសាកល្បងច្រៀងទេ តែឃើញថាមានការចាប់អារម្មណ៍ ចឹងហើយទើបខ្ញុំថាចុងឆ្នាំនឹងប្រហែលបាន២ហ្នឹងហើយជួយឲ្យខ្ញុំគេចាប់អារម្មណ៍ខ្លាំង!»។ នាងថានឹងរំលេចស្នាដៃឲ្យខ្លាំងថែមទៀត នៅអំឡុងដើមឆ្នាំ២០១៧ខាងមុខដើម្បីបំបុកទីផ្សារសិល្បៈឲ្យកាន់តែខ្លាំងជាងអ្វីដែលបានទទួលនេះ៕

មតិយោបល់