ព័ត៌មានសិល្បៈ និងកម្សាន្ត

Miss Global កម្ពុជា បង្ហាញក្ដីសង្ឃឹមតិចតួច ក្នុងការដណ្ដើមមកុដ លើដីទឹកកំណើត

ក្នុងចំណោមបេក្ខនារីទាំង៦០ប្រទេសរាប់ទាំងម្ចាស់ផ្ទះកម្ពុជាផង កញ្ញា ផ លីណា ជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជាត្រូវបានគេកត់សម្គាល់ថាមានលក្ខណៈសម្បត្តិទាំងចំណេះដឹង ភាសាបរទេស និងមានទាំងរូបសម្បត្តិគ្រប់គ្រាន់សម្រាប់ក្លាយជាម្ចាស់ពាន ដោយសារតែការប្រកួតនេះក៏ត្រូវធ្វើឡើងនៅកម្ពុជាផង។ យ៉ាងណាមិញ បេក្ខភាពរបស់កម្ពុជាបានបញ្ជាក់ថានាងសង្ឃឹមតិចតួចប៉ុណ្ណោះ សម្រាប់ព្រឹត្តការណ៍ Miss Global International ដែលនឹងប្រកួតដណ្ដើមមកុដនៅថ្ងៃទី១៧ វិច្ឆិកា ខាងមុខនេះ។

ក្នុងជំនួបសំណេះសំណាល និងថតរូបជាមួយតារាៗក្នុងក្រុមគ្រួសារតារាកម្ពុជាកាលពីថ្ងៃទី៥ វិច្ឆិកា កញ្ញាឯកៗតំណាងឲ្យ Miss Global មកពីប្រទេសដែលចូលប្រកួតនៅក្នុងប្រទេសកម្ពុជា សុទ្ធតែបានបង្ហាញសម្រស់ និងភាពរួសរាយរាក់ទាក់ មុនការប្រឡងចាប់ផ្ដើម។

ក្នុងនោះបេក្ខភាពនីមួយក៏បង្ហាញនូវភាពជឿជាក់ចំពោះជ័យលាភីរបស់ខ្លួនសម្រាប់ការប្រឡងដែលនឹងចាប់ផ្ដើមនៅពេលដ៏ខ្លីនេះដែរ។ យ៉ាងណាមិញសម្រាប់បេក្ខភាពរបស់កម្ពុជា ដែលត្រូវជាកូនខ្មែររស់នៅនិងធំធាត់នៅរដ្ឋកាលីហ្វកញ៉ា សហរដ្ឋអាមេរិក គឺប្រកាសច្បាស់ថាមិនសូវជាមានទំនុកចិត្តសម្រាប់តំណែងម្ចាស់មកុដនោះទេ ថ្វីដ្បិតថានាងគឺជាបេក្ខនារីតំណាងម្ចាស់ផ្ទះ ដែលទំនងជាមានអាទិភាពជាងគេ។ នាងបាននិយាយដោយការដាក់ខ្លួនថាអត់មានសង្ឃឹមថាបានពាក់មកុដនោះទេ ដោយនាងបញ្ជាក់ថាបានត្រឹមតែបានចូលប្រកួតតំណាងឲ្យប្រទេសកម្ពុជា គឺនាងមានមោទនភាពណាស់ទៅហើយ។ ប៉ុន្តែនាងថាបើឈានដល់ការកាន់ពាន គឺពិតជាធ្វើឲ្យនាងកាន់តែមានក្ដីរំភើបខ្លាំងទៅទៀតដោយនាងនឹងគ្រោងផ្សព្វផ្សាយពីប្រទេសកម្ពុជាឲ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ ជាពិសេសក្នុងក្រសែភ្នែកអ្នកទេសចរខ្មែរនៅក្រៅប្រទេស និងបរទេស ដើម្បីឲ្យផ្ដោតការចាប់អារម្មណ៍បន្ថែមទៀតចំពោះប្រទេសកម្ពុជា។

នាងថាខ្លួនមិនសូវចេះនិយាយភាសាខ្មែរនោះទេ បើទោះជានាងមានឪពុក និងម្ដាយជាជនជាតិខ្មែរសុទ្ធដែលបានចេញទៅរស់នៅក្នុងប្រទេសថ្មីនោះនៅមុនថ្ងៃរំដោះ តែនាងបានស្វែងយល់ពីវប្បធម៌ និងអត្តសញ្ញាណរបស់ប្រទេសកំណើតច្រើន ទើបនាងទទួលបានសិទ្ធិមកប្រឡងតំណាងឲ្យបេក្ខនារីកម្ពុជានៅក្នុងព្រឹត្តិការណ៍ Miss Global International ដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជានេះ។

នៅក្នុងព្រឹត្តិការណ៍នេះបេក្ខនារីសរុបទាំងអស់គឺ៦៤ប្រទេស តែដោយសារតែមានការបោះបង់ចំនួន៤ប្រទេសទើបសល់តែ៦០ ដោយបេក្ខនារីទាំងអស់នឹងត្រូវប្រកួតគ្នាតាំងពីដំណាក់កាលនេះតទៅ ហើយរហូតដល់ថ្ងៃទី១៧ វិច្ឆិកា នឹងមានការប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រលើឆាកដើម្បីធ្វើជាម្ចាស់មកុដ។ នៅក្នុងកិច្ចសម្ភាសន៍នោះ បេក្ខនារីជាស្រីស្អាតមកពីប្រទេសផ្សេងក៏បានបង្ហាញភាពស្និទ្ធស្នាលក្នុងការថតរូបជាមួយតារាកម្ពុជា ដោយភាពរួសរាយរាក់ទាក់ផងដែរ។

តោះមើលសម្រស់ស្រីស្អាតរបស់ Miss Global International 2017

https://youtu.be/8d5ULuGzjaI

មតិយោបល់