ភ្នំពេញៈ ស្រ្តីដែលគេស្គាល់ថាជាដុកទ័រ បានបើករថយន្តថយក្រោយ ប៉ុន្តែច្រឡំជាន់ហ្គែខ្លាំងពេកបណ្តាលឲ្យជ្រុលទៅបុករះអ្នកលក់ដូរនៅលើចិញ្ចើមផ្លូវនៅរបងមន្ទីរពេទ្យកុមារជាតិខាងកើតផ្លូវ២៥៣ ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ បណ្តាលឲ្យអ្នកលក់ភេសជ្ជៈចំនួន២នាក់ឪពុកកូន និងស្ត្រីលក់មីឆា លតឆាម្នាក់ រងរបួសធន់ស្រាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ២នាក់ឪពុកកូនលក់ភេសជ្ជៈមានឈ្មោះហៅក្រៅ ឪអាជូរ តាអាជូរ ដែលកូនប្រុសមានអាយុ៣២ឆ្នាំ មុខរបរលក់ភេសជ្ជៈតាមរទេះ រងរបួសក្បាល និង ឪពុករងរបួសជើង មានឈាមផងដែរ បណ្តាលមកពីរថយន្តថយបុករទេះប៉ើងប្រហែល២ម៉ែត្របោកមនុស្សផ្ទប់ទៅរបងមន្ទីរពេទ្យ ភ្លាមៗនោះ ត្រូវបានសន្តិសុខ និងបុគ្គលិកពេទ្យកុមារជាតិយកចូលទៅខាងក្នុងផ្នែកវះកាត់ដើម្បីសង្គ្រោះតែម្តង។
ស្ត្រីរងគ្រោះម្នាក់ទៀតមានឈ្មោះ សុម៉ាលី ភេទស្រី អាយុ២៥ឆ្នាំ មានមុខរបរលក់ម៉ីឆា លតឆា ស្នាក់នៅម្តុំបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា គាត់កំពុងឈរលក់ដូចរាល់ថ្ងៃ ស្រាប់តែមានរថយន្ត Luxes RX-330 ពណ៌ស្ករ ស្លាកលេខភ្នំពេញ 2AN-5299 បើកបរដោយអ្នកស្រី ធី ជាដុកទ័រវះកាត់នៅក្នុងមន្ទីរពេទ្យកុមារជាតិ បានបើករថយន្តថយក្រោយយ៉ាងលឿនដោយបួងចង្កូតមកបុករទេះលក់ភេសជ្ជៈ និងរទេះលក់លតឆារបស់គាត់ ដោយឃើញហេតុការណ៍មិនស្រួលគាត់បានព្យាយាមគេចដែរ តែមិនផុតបណ្តាលឲ្យរងរបួសស្មាខាងឆ្វេង និងជង្គង់ខាងឆ្វេងបន្តិចបន្តួច ហើយគាត់មានសំណូមពរសុំឲ្យម្ចាស់រថយន្តជួយចេញថ្លៃដើមដែលបានទិញមកលក់ដូរត្រូវខូចខាតដោយគ្រោះថ្នាក់នេះ។
យោងតាមប្រភពពីកន្លែងកើតបានឲ្យដឹងថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ខាងលើ ស្រាប់តែមានបុរសម្នាក់ឈ្មោះ ចិន្តា ដែលជាប្រជាការពារសង្កាត់ បានបើករថយន្តចូលទៅខាងក្នុងមន្ទីរពេទ្យកុមារជាតិបាត់ ហើយបានចេញមកនិយាយថាម្ចាស់ធានាដោះស្រាយជូននឹងរឿងខាងលើនេះបានបញ្ចប់រួចរាល់ ទោះមិនទាន់មានភាគីម្ចាស់រថយន្តចេញថ្លៃសំណងក៏ដោយ។
មួយសន្ទុះក្រោយមកមាននរគបាលចរាចរនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក មកដល់កន្លែងកើតហេតុដោយឃើញមានរទេះទាំង២ផ្ងារជើង និងត្រូវបានបុរសឈ្មោះ ចិន្តា ប្រាប់ថាហេតុការណ៍ខាងលើបានសម្របសម្រួលចប់ហើយ ដូចនេះទើបនរគបាលចរាចរ គាត់ក៏បានត្រឡប់ទៅវិញមិនបានសាកសួររឿងរ៉ាវដែលកើតឡើងឡើយ។ រឿងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សរងគ្រោះធ្ងន់ចំនួន២នាក់មិនដឹងស្ថានភាពយ៉ាងណាផង និងមិនទាន់មានការដោះស្រាយពីសមត្ថកិច្ចជំនាញ ស្រាប់តែមានអ្នកកាងមកសម្របសម្រួលបញ្ចប់រឿងរ៉ាវទាំងមានចម្ងល់ ធ្វើឲ្យអ្នកលក់ដូរលើចិញ្ចើមផ្លូវមិនហ៊ានផ្តល់ព័ត៌មានទាក់ទិនទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះឡើយ។
បច្ចុប្បន្ន អ្នករងគ្រោះទាំង២នាក់ឪពុកកូនកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យកុមារជាតិ និង ស្ត្រីម្នាក់ទៀតលក់លតឆាបានត្រឹមឈររង់ចាំមើលថា តើអ្នកមកដោះស្រាយ ឬសងសំណងនៃថ្លៃដើមដែលបានខូចខាតនៅកន្លែងកើតហេតុយ៉ាងកំសត់ ដោយឡែកមហាជនកំពុងឆ្ងល់ថាលោក ចិន្តា បានមកបញ្ចប់រឿងរ៉ាវដែលធ្វើឲ្យអ្នកជុំវិញហេតុការណ៍មានចម្ងល់មិនដឹងទៅសាកសួរសមត្ថកិច្ចណាឡើយ តើរឿងរ៉ាវនេះ អ្នកណាមានជំនាញដោះស្រាយ៕
មតិយោបល់