ភ្នំពេញ៖ នៅក្នុង ឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលារាជធានីភ្នំពេញ ដឹកនាំដោយ លោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី នៅម៉ោង៤និង២០នាទីល្ងាចថ្ងៃទី១១ មេសា ២០១៦ បាននិមន្តព្រះសង្ឃ សូត្រមន្ត ប្រោះព្រំលើករាសី ដើម្បីសុំពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ពីទេវតាឆ្នាំថ្មី ។ ពិធីសូត្រមន្ត ប្រោះព្រំលើករាសី និងប្រគេនទ័យទានដល់ព្រះសង្ឃនាឱកាសនេះ ក៏បានឧទ្ទិសមហាកុសលជូនទៅដល់បុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងដួងវិញ្ញាណក័ន្ធថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃសាលារាជធានីភ្នំពេញ ដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខហើយនោះ សូមឲ្យបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
មួយវិញទៀតការជួបជុំថ្នាក់ដឹកនាំ មន្ត្រីរាជការនាឱកាសនេះ ក៏ដើម្បីអបអរសាទរជោគជ័យ នៃការងារធំៗ របស់សាលារាជធានី ដែលបានសម្រេចកិច្ចការបំរើដល់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ ក្នុងរយៈពេលមួយឆ្នាំមកនេះ និងដើម្បីជាការចូលរួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងការរៀបចំពិធីតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ទទួលអំណរសាទរទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងបណ្ឌាទេវី ដែលនឹងយាងមកឃុំគ្រងថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ៕
មតិយោបល់