ព្រៃវែងៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលអង្គទ្រេតឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានស្រុក ពីបទប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិវត្តត្រាច ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កហិង្សាមានឈ្មោះ ស៊ីម ស៊ាប អាយុ៣៨ឆ្នាំ មុខរបកសិករ រស់នៅក្នុងភូមិវត្តត្រាច ឃុំអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានប្រើហិង្សាជេរប្រមាថមកប្រពន្ធឈ្មោះ ទីត សំណត អាយុ៣៤ឆ្នាំ និងកូន៣នាក់មិនឲ្យនៅលើ និងបានជេររាលដាលដល់ម្តាយក្មេកទៀត។
ប្រភពព័ត៌មានពីម្តាយក្មេករបស់ជនបង្ក ឈ្មោះ ហ៊ុល សន អាយុ៧៦ឆ្នាំ មានទីលំនៅភូមិខាងលើ បានឲ្យដឹងថា កូនប្រសាររបស់គាត់បានប្រើហិង្សាជេរប្រមាថ និងបណ្តេញប្រពន្ធ កូនៗឲ្យចុះចេញពីផ្ទះដែលផ្ទះនេះកម្មសិទ្ធិរបស់គាត់តាំងពីយូរមកហើយ មិនមែនជាផ្ទះរបស់កូនប្រសាឡើយ។ គាត់បានបន្តថា នៅពេលដែលកូនប្រសាររូបនេះ ផឹកស្រវឹងម្តងៗ បានវាយប្រពន្ធ និងកូនឲ្យចុះពីលើផ្ទះអស់ហើយ ព្រមទាំងដេញរូបគាតថែមទៀត ហើយបន្តឡូឡាបង្កការរំខានដល់អ្នកជិតខាងមិនបានដេកពួនទាល់តែសោះ។ ដោយទ្រាំមិនបាននឹងការគំរាមកំហែងបែបនេះ ទើបគាត់នាំកូនស្រីមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៣និង២០នាទីរសៀល ជនបង្កខាងលើបានប្រើហិង្សាក្នុងគ្រួសារម្តងទៀត ទើបប្រពន្ធសម្រេចចិត្តដាក់ពាក្យបណ្តឹងតែម្តង ហើយកាលពីកន្លងទៅ បុរសរូបនេះក៏ត្រូវបានសមត្ថកិច្ចណែនាំចំនួន៣ដងរួចមកហើយដែរ។
បច្ចុប្បន្ន ជនបង្កខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីរីវិធីច្បាប់៕
មតិយោបល់