ព័ត៌មានជាតិ

ក្រុមការងារចុះត្រួតពិនិត្យ យានដ្ឋានកែច្នៃ តម្លើងយានយន្តខុសលក្ខណៈបច្ចេកទេស ខុសច្បាប់ ចំនួន ២កន្លែង ក្នុងសង្កាត់ដង្កោ

ភ្នំពេញ : ក្រុមការងារត្រួតពិនិត្យយានដ្ឋានកែច្នៃតម្លើងយានយន្ត ខុសលក្ខណៈ បច្ចេកទេស របស់គណៈកម្មាធិការ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក ក្រសួងមហាផ្ទៃ បានចុះទៅធ្វើការត្រួតពិនិត្យយានដ្ឋានតម្លើងរថយន្តខុសបច្ចេកទេស ចំនួន ២ ទីតាំង កាលពីព្រឹកថៃ្ងទី៣ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

លោក សុខ ណុប អនុប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ន មានយានដ្ឋានមួយចំនួន កំពុងតែលួចបើកធ្វើអាជីវកម្ម ដោយការតម្លើង និងកែច្នៃ រថយន្តខុសលក្ខណៈបច្ចេកទេស គ្មានការត្រួតពិនិត្យ និងគ្មានច្បាប់អនុញ្ញាតិឲ្យបានត្រឹមត្រូវនោះទេ ដែលទាំងអស់នេះហើយ ជាហេតុអាចនឹងបណ្តាល ឲ្យមានគ្រោះថ្នាក់ កើតមានឡើង ជាយថាហេតុដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ដូច្នេះហើយ ទើបនៅថៃ្ងនេះ ចុះត្រួតពិនិត្យ យានដ្ឋានកែច្នៃតម្លើងយានយន្ត ខុសលក្ខណៈ បច្ចេកទេស ចំនួន ២ ទីតាំងខាងលើ ដែលម្ចាស់យានដ្ឋាន រួមនិង ម្ចាស់រថយន្តធន់ធំ
កំពុងតែឃុបឃិតគ្នាធ្វើការលួចកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស ក្នុងនោះដែរ ទីតាំងយានដ្ឋានទី១ មានម្ចាស់ឈ្មោះ យឹម ឡេងហេង ភេទប្រុស ត្រូវបាន ក្រុមការងាររបស់យើងត្រួតពិនិត្យឃើញថាមានការកែច្នៃបានត្រឹមត្រូវ ទៅតាមបច្ចេកទេស ប្រភេទរថយន្តធន់ធំ។

ចំណែកយានដ្ឋានទី២ ដែលមានទីតាំងជាប់គ្នា មានម្ចាស់ឈ្មោះ ស៊ុំ វិបុល ត្រូវបានក្រុមការងារ ត្រួតពិនិត្យរកឃើញ រថយន្តកែច្នៃ ត លើស សាក់ស៊ីរថយន្ដ ខុសបច្ចេកទេស ចំនួន ១គ្រឿង ហើយត្រូវបានលោក សុខ ណុប
បានប្រាប់ឲ្យម្ចាស់យានដ្ឋានកាត់ចេញឲ្យបានត្រឹមត្រូវទៅតាមប្រវែងដែលរដ្ឋកំណត់ជូន។ ដោយយានដ្ឋានទាំងពីរខាងលើនេះ បានបើកធ្វើអាជីវកម្ម ដោយគ្មានច្បាប់អនុញ្ញាតិ ឲ្យបានត្រឹមត្រូវ ស្របតាមបទដ្ឋាន ពីក្រសួងសាធារណៈការ នោះទេ។

លោកបានបញ្ជាក់ទៀតថា ក្នុងដំណាក់កាលដំបូងនេះ និងចាត់វិធានការ ចុះធ្វើការណែនាំ ទប់ស្កាត់ ទីតាំងកែច្នៃរថយន្តធន់ធំ ខុសលក្ខណៈ បច្ចេកទេស ទាំងនេះត្រូវតែបញ្ឈប់ ជាបន្ទាន់ ហើយនគរបាលចរាចរណ៍នឹងដាក់គោលដៅត្រួតពិនិត្យនៅតាមដងផ្លូវ ប្រសិនបើរកឃើញថាមានរថយន្តធន់ធំ ណាមានតទ្រុងដឹកទំនិញលើសចំណុះ នោះនគរបាលរបស់យើង នឹងធ្វើការចាប់ឃាត់យកទៅរក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ មិនតែប៉ុណ្ណោះ កន្លងមក ម្ចាស់យានដ្ឋានមួយចំនួន បាននឹងកំពុងតែលួចបើកធ្វើអាជីវកម្ម លួចលាក់ ហើយនៅពេលដែលមានអាជ្ញាធរចុះទៅធ្វើការត្រួតពិនិត្យ ម្ចាស់យានដ្ឋានទាំងនេះ
បានយកលេស ថាមិនដឹងពីការសុំច្បាប់អនុញ្ញាតនោះឡើយ។

បើគិតក្នុងរាជធានីភ្នំពេញវិញ មានយានដ្ឋានជួសជុលកែច្នៃ និងតម្លើងរថយន្តតូចៗប្រមាណ ១៥០យានដ្ឋាន ក្នុងនោះមានយានដ្ឋាន ប្រមាណតែ ៣០% ប៉ុណ្ណោះ ដែលមានច្បាប់អនុញ្ញាតិ និងការចុះបញ្ជីជាមួយនឹងក្រសួងសាធារណៈការបានត្រឹមត្រូវ ក្រៅពីនោះគឺគ្មានខុសច្បាប់ទាំងអស់។ ប៉ុន្តែទោះបីជាយ៉ាងណា សមត្ថកិច្ចរបស់យើង នឹងទុករយៈពេល៣០ថៃ្ង បើម្ចាស់យានដ្ឋានខុសច្បាប់ ទាំងនោះមិនព្រមទៅចុះបញ្ជីនោះទេ សមត្ថកិច្ចនឹងរៀបចំបណ្តឹងប្តឹងទៅកាន់
តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់តែម្តង៕

Chang_Car_03_05_16_01 Chang_Car_03_05_16_02 Chang_Car_03_05_16_03 Chang_Car_03_05_16_04

មតិយោបល់