ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿងបើកបរខ្វះការប្រុងប្រយត្ន័បុកជាមួយនឹងម៉ូតូម៉ាក MSX ដែលកំពុងជិះឌុបគ្នាដោយបុរស២នាក់ បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ ធ្លាយខួរស្លាប់ទាំង២នាក់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទី យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទាំង២នាក់ខាងលើ ទី១មានឈ្មោះ ឈុន លី ភេទប្រុស អាយុ២២ឆ្នាំ និងទី២មានឈ្មោះ ភាព ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិស្នាអន្សា ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកអ្នកបើកបររថយន្តបើកព្យាយាមបើកគេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់បាន។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 3A-2411 បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច មិនប្រកាន់ស្តាំ លុះបានមកដល់ចំណុចកើតហេតុ ក៏បុកជាមួយនឹងម៉ូតូម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខដែលកំពុងជិះឌុបគ្នាដោយបុរស២នាក់ក្នុងទិសដៅពីលិចទៅកើតបណ្តាលឲ្យដួលបោកក្បាលធ្លាយខួរស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែងដោយបាននាំយករថយន្តបង្ក រួមនិងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្តពោធិ៍សាត់ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់