ព័ត៌មានជាតិ

សម្ដេចអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះខ្យល់ព្យុះ និងខ្យល់កន្ត្រាក់នៅតំបន់អង្គរ

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី១៤ ខែឧសភានេះ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋមានផ្ទះនៅក្បែរដើមឈើធំៗ ត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈខ្យល់ព្យុះ និងខ្យល់កន្ត្រាក់បន្តកើតមាននៅតាមបណ្ដាខេត្តមួយចំនួន។ ក្នុងនោះ សម្ដេចក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ជួយជួសជុលផ្ទះ និងសាលារៀនជូនដល់ប្រជាពលរដ្ឋផងដែរ។

ហ្វេសប៊ុកសម្ដេច ចេញផ្សាយនៅរសៀលថ្ងៃនេះថា “ខ្យល់ព្យុះ និងខ្យល់កន្រ្តាក់បន្តកើតមាននៅតាមបណ្តាខេត្តមួយចំនួន ដែលបានបណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ក៏ដូចជាការបាក់ដួលរលំដើមឈើ និងដើមត្នោតមួយចំនួននៅទីតាំងតំបន់អង្គរជាដើម។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន ជាពិសេសដែលមានផ្ទះក្បែរដើមឈើធំៗ ហើយសូមរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ប្រសិនបើជួបប្រទះគ្រោះធម្មជាតិបែបនេះ ឬក៏ត្រូវការជំនួយសង្រ្គោះបន្ទាន់ណាមួយ”។

ក្នុងនោះ សម្ដេចសរសេរបន្តថា “សូមអាជ្ញាធរមានសមត្ថកិច្ច យកចិត្តទុកដាក់ជួយជួសជុលផ្ទះ និងសាលារៀនជូនប្រជាពលរដ្ឋ ឲ្យពួកគាត់មានកន្លែងស្នាក់នៅឡើងវិញបានទាន់ពេលវេលា និងសូមតាមដាននៅតាមទីរមណីយដ្ឋានប្រាសាទដែលមានដើមឈើធំៗអាចនឹងងាយរលំបាក់បង្កការខូចខាតដល់ប្រាង្គប្រាសាទ។ ទន្ទឹមនឹងនោះ សូមបន្តចុះជួយស្តារ និងជីកអណ្តូង បឹង ស្រះ ប្រឡាយ និងអាងស្តុកទឹកឲ្យបានច្រើន ដើម្បីសម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់នៅពេលនេះផង និងសម្រាប់បង្កាការខ្វះទឹកនៅពេលក្រោយៗផង”។

សម្ដេចក៏បានអរគុណសប្បុរជន និងអ្នកឧបត្ថម្ភទាំងអស់ ដែលបាន និងកំពុងចូលរួមជួយផ្តល់ និងចែកចាយទឹកដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹកទទួលទាននៅពេលនេះ៕

2

13173769_1013861145329049_5990984666707253398_n 13178750_1013861135329050_3368708781398364388_n 13179277_1013861118662385_2710561041384625596_n 13220924_1013861165329047_5055743556168009282_n 13230306_1013861198662377_5804262526608529664_n 13237860_1013861111995719_7550741479565858539_n 13241373_1013861178662379_8551337490743308087_n

មតិយោបល់