ក្រចេះ: ក្រុមឆ្មាំទន្លេប៉ុស្តិ៍កោះនរុង្គ ឃុំបឹងចារ ស្រុកសំបូរ និងសហគមន៍នេសាទកំពង់ក្បឿង សហការជាមួយក្រុមឆ្មាំទន្លេប៉ុស្តិ៍ត្បូងខ្លា ខេត្តស្ទឹងត្រែង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទតាមដងទន្លមេគង្គក្នុងតំបន់អភិរក្សផ្សោត ស្រុកសំបូរ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ដោយបានប្រទះឃើញអ្នកនេសាទខុសច្បាប់ ដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី ទើបក្រុមសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួននៅនឹងកន្លែងតែម្ដង រួមទាំងវត្ថុតាងបទល្មើសជាច្រើន នៅចំណុចកោះតាដក់ ភូមិកំពង់ក្បឿង ឃុំបឹងចា ស្រុកសំបូរ ខេត្តក្រចេះ។
លោក ម៉ុក ពន្លក នាយរងខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្នាំទន្លេខេត្តក្រចេះ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនាពេលនោះ កម្លាំងឆ្មាំចម្រុះបានឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១. ឈ្មោះ តុប សំអូន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសំភិន ឃុំកំពុងចាម ស្រុកសំបូរ ខេត្តក្រចេះ ទី២.ឈ្មោះ ស្រី ឯម ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិកោះខ្ញែរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួនរួមមាន ៖ ទូកប្រភេទអេវ១គ្រឿង អាំងវែកទ័រឆក់ត្រី១គ្រឿង អាគុយ១ ដងឆក់១គូ ថ្នងដងត្រី១ផងដែរ។
លោកនាយរងខណ្ឌបានបន្តថា បន្ទាប់ពីនាំមកធ្វើការសាកសួរ ក្រោយពីស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់រួចមក ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងខេត្តក្រចេះកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ ដើម្បីចាត់ការបន្តតាមច្បាប់ស្តីពីជលផល៕
https://youtu.be/6NwBgSFGQVI
មតិយោបល់