ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បែកធ្លាយ! នាយិកាវិទ្យាល័យ សិរីសោភ័ណ បំប៉ោងលទ្ធផលប្រឡងឌីប្លូម ឆ្នាំ២០១៦

បន្ទាយមានជ័យៈ ឯកសារច្រើនច្បាប់ដែលបញ្ជាក់ពីអំពើពុករលួយរបស់លោកស្រីនាយិកា វិទ្យាល័យ សិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ បានបែកធ្លាយក្រោយកើតមានភាពចម្រូងចម្រាស់ជាមួយលោកគ្រូ អ្នកគ្រូ ក្នុងសាលានេះ។

ឯកសារដែល Post News ទទួលបាន នៅថ្ងៃទី៥ ខែធ្នូនេះ បង្ហាញពីការពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងនោះ មានទាំងភាពមិនប្រក្រតីក្នុងការកែកិច្ចការរបស់សិស្ស ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ជាដើម។ សិស្សជាច្រើននាក់ បានធ្លាក់ក្នុងការប្រឡង ប៉ុន្តែចុងក្រោយសិស្សធ្លាក់ទាំងនោះ ត្រូវបានឡើងថ្នាក់ ហើយទទួលបាននិទ្ទេសមធ្យមទៀត។ បច្ចុប្បន្នពួកគេកំពុងបន្តរៀនថ្នាក់ទី១០ នៃសាលានេះ។

លោកគ្រូ-អ្នកគ្រូទទួលបន្ទុកកែកិច្ចការរបស់សិស្សឌីប្លូម សម័យប្រឡងថ្ងៃទី៨ ខែសីហា បានឲ្យដឹងថា ពួកគាត់បានកែការីកិច្ចការសិស្សយ៉ាងប្រុងប្រយ័ត្ន និងសុក្រិតបំផុត ហើយក៏ចេញលទ្ធផលពិតច្បាស់ពីចំនួនសិស្សជាប់ និងធ្លាក់។ ជាលទ្ធផល ចំនួនសិស្សធ្លាក់មានរហូតដល់ទៅ៩១នាក់ ក្នុងចំណោមសិស្សចំនួន២៣៥នាក់ ដែលពេលប្រឡងបានចែកចេញជា១០បន្ទប់។

ប៉ុន្តែទោះជាយ៉ាងណា សិស្សធ្លាក់ចំនួន៩១នាក់នេះ បែរជាអាចជាប់ស្ទើរតែទាំងអស់មកវិញ ក្រោយលោកស្រី ណាត ស៊ីវឡាយ នាយិកាវិទ្យាល័យ សិរីសោភ័ណ យកតារាងសិស្សធ្លាក់ទៅផ្ទះ និងក្រោយជួបជាមួយអាណាព្យាបាលរបស់ពួកគេ។ ក្នុងនោះ បើតាមការអះអាងពីប្រភព ឯកសារដែលទទួលបាន គឺអ្នកធ្លាក់ត្រូវគេកែឲ្យជាប់វិញ ជាថ្នូរនឹងលាភសក្ការៈ។

ប្រភពបញ្ជាក់ថា លទ្ធផលជាប់ធ្លាក់នេះ ត្រូវបានលោកស្រីនាយិកា ណាត ស៊ីវឡាយ យកទៅផ្ទះរបស់គាត់ រួចហៅអាណាព្យាបាលសិស្សៗ ដែលមានបន្ទុធ្លាក់ ដើម្បីគោះលុយ ឬតម្រូវជាស៊ីម៉ងត៍ទៅតាមលទ្ធភាពអាណាព្យាបាលមាន ឬក្រ តាមតែអាចធ្វើទៅបាន។

ឯកសារដែលបែកធ្លាយ ត្រូវគេយកមកផ្ទៀងផ្ទាត់ជាមួយឯកសារតម្កល់ទុកការីកិច្ចរបស់សិស្សប្រឡងធ្លាក់ជាភស្តុតាង និងឯកសារលទ្ធផលបំប៉ោង បានបង្ហាញពីភាពមិនប្រក្រតីមួយចំនួន ក្រោយពីនាយិកាបានហៅឪពុកម្ដាយសិស្សធ្លាក់មកចរចា។ គេសង្កេតឃើញលទ្ធផលជាប់ ឬធ្លាក់ពិតប្រាកដ និងលទ្ធផលជាប់ ឬធ្លាក់ ដែលនាយិកាបំប៉ោង ហើយស៊ីញ៉េបិទប្រកាសជាផ្លូវការនោះ ចំនួនសិស្សជាប់ ឬធ្លាក់ គ្មានភាពប្រក្រតីទេ។

តាមការពិនិត្យលម្អិតក្នុងមណ្ឌលប្រឡងនៅវិទ្យាល័យ សិរីសោភ័ណ តាមបន្ទប់នីមួយៗ លទ្ធផលជាប់ធ្លាក់ ដូចមានបញ្ជាក់ខាងក្រោម៖

បន្ទប់លេខ១ លទ្ធផលគ្រូកែធ្លាក់ពិតប្រាកដ មាន៨នាក់ តែក្រោយបំប៉ោង សិស្សធ្លាក់តែ៣នាក់។

បន្ទប់លេខ២ ចំនួនសិស្សធ្លាក់ពិតប្រាកដ មាន១១នាក់ តែក្រោយបំប៉ោង សិស្សធ្លាក់ម្នាក់។

បន្ទប់លេខ៣ ចំនួនសិស្សធ្លាក់ពិតប្រាកដ មាន១០នាក់ តែក្រោយបំប៉ោង សិស្សធ្លាក់ម្នាក់។

បន្ទប់លេខ៤ ចំនួនសិស្សធ្លាក់ពិតប្រាកដ មាន៨នាក់ តែក្រោយបំប៉ោង សិស្សធ្លាក់២នាក់។

បន្ទប់លេខ៥ ចំនួនសិស្សធ្លាក់ពិតប្រាកដ មាន៨នាក់ តែក្រោយបំប៉ោង គ្មានសិស្សធ្លាក់។

បន្ទប់លេខ៦ ចំនួនសិស្សធ្លាក់ពិតប្រាកដ មាន១២នាក់ តែក្រោយបំប៉ោង សិស្សធ្លាក់តែ៣នាក់។

បន្ទប់លេខ៧ ចំនួនសិស្សធ្លាក់ពិតប្រាកដ មាន២នាក់ តែក្រោយបំប៉ោង គឺជាប់ទាំងអស់។

បន្ទប់លេខ៨ ចំនួនសិស្សធ្លាក់ពិតប្រាកដ មាន៦នាក់ តែក្រោយបំប៉ោង គឺជាប់ទាំងអស់។

បន្ទប់លេខ៩ ចំនួនសិស្សធ្លាក់ពិតប្រាកដ មាន២នាក់ តែក្រោយបំប៉ោង គឺជាប់ទាំងអស់។

បន្ទប់លេខ១០ ចំនួនសិស្សធ្លាក់ពិតប្រាកដ មាន២៦នាក់ តែក្រោយបំប៉ោង សិស្សធ្លាក់៤នាក់។

ទោះជាយ៉ាងណាក្ដី នៅថ្ងៃដដែលនេះ Post News មិនអាចទំនាក់ទំនងសុំការបកស្រាយបំភ្លឺណាមួយពីលោកស្រីនាយិកា ណាត ស៊ីវឡាយ បានទេ។ Post News រង់ចាំការបកស្រាយពីលោកស្រីនាយិកា ជុំវិញការបែកធ្លាយឯកសារទាំងនេះ។

គួររំឭកថា នាពេលកន្លងមកថ្មីៗនេះ បុគ្គលិកសិក្សា លោកគ្រូ-អ្នកគ្រូក្នុងវិទ្យាល័យ សិរីសោភ័ណ ជាច្រើននាកក់ បានធ្វើលិខិតសុំអន្តរាគមន៍ពីគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ជាអភិបាល ឲ្យធ្វើការផ្លាស់ប្តូរនាយិកាសាលារូបនេះចេញ។ ក្នុងនោះដែរ ក៏មានបណ្តាញសង្គមសរសេរបង្ហោះនូវព័ត៌មានពុករលួយរបស់នាយិការូបនេះ រហូតដល់មានករណីផឹកទឹកសម្បថក្រោមការបង្ខិតបង្ខំទៀតផង៕

photo_2016-12-05_10-48-20photo_2016-12-05_10-48-18photo_2016-12-05_10-48-21photo_2016-12-05_10-48-23photo_2016-12-05_10-48-24photo_2016-12-05_10-48-26bontay-meanchay-2bontay-meanchay-3

https://www.youtube.com/watch?v=8d73EjuAsf8

មតិយោបល់